រដ្ឋមន្រ្ដីក្រសួងការងារ៖ រាជរដ្ឋាភិបាល និងវិស័យឯកជន រួមគ្នាបន្តទៀត ដើម្បីបង្កើនល្បឿន​ដល់​ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព

AKP ភ្នំពេញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ — រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា ការសម្រេចបាននូវលទ្ធផល ជាទីមោទននានា រហូតមកដល់ថ្ងៃនេះ គឺបានបង្ហាញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវ កិច្ច ខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញវិស័យការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងការលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ-ឯកជន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធ ផលខ្ពស់ ក្នុងគោលដៅរួមចំណែកបង្កើនល្បឿនដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​ប្រកបដោយ ចីរភាព។

ថ្លែងក្នុងពិធីបើកវេទិកាសំណេះសំណាលប្រចាំឆ្នាំ រវាងតំណាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្រោមប្រធានបទ “វឌ្ឍនភាពនៃការអនុវត្តកាតព្វកិច្ចច្បាប់ស្តីពីការងារ និង​ច្បាប់ស្តីពីរបបសន្តិសុខសង្គម” នាព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារ​កាំបូឌីយ៉ា​ណា ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈបានមាន​ប្រសាសន៍ថា ការបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ តាមរយៈការអនុវត្តយន្តការ​ត្រី​ភាគី និងកិច្ច​សន្ទនាសង្គមដែលយើងបានអនុវត្តន៍ ប្រកបដោយប្រសិទ្ធភាពដែលជាមូល​ដ្ឋាន គ្រឹះ នៅក្នុងការ​ធានាបាននូវភាពសុខដុមផ្នែកទំនាក់ទំនងវិជ្ជាជីវៈ ដែលធ្វើឱ្យមានការថយចុះ នូវវិវាទ​ការងារ​បានប្រសើរជាងមុនច្រើន។ លោកបន្តថាការបន្តចូលរួមអនុវត្តន៍យ៉ាងសកម្ម ក្នុងការគាំទ្រដល់​កម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្រចតុកោណ គោលនយោ​បាយ​នានា ដូចជា​គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ គោលនយោបាយជាតិ​ស្តីពីអប់រំ​បណ្តុះ​បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យ​ឧស្សា ហកម្ម និងក្រប​ខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម។ ទន្ទឹមនឹងនេះ ការចូលរួមអនុវត្តន៍ ប្រកបដោយស្មារតី​ទទួលខុសត្រូវ នូវកាតព្វកិច្ចនានាដែលបានចែងក្នុងច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា រួមទាំង​បទដ្ឋានគតិយុត្តិនានា ពាក់ព័ន្ធនឹងវិស័យការងារផងដែរ។ បន្ថែមពីនេះ​សមាគមសហព័ន្ធ​និយោជកកម្ពុជា (CAFEBA) ក៏ជាដៃគូដ៏សំខាន់ផងដែរ ដែលបានចូលរួម ធ្វើឱ្យក្រសួងអាច​សម្រេច​បាន​ដោយជោគជ័យ នូវការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមទាំងកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា និងគម្រោង​នានាផងដែរ។ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្ដថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ត្រៀមខ្លួនរួចជា​ស្រេចក្នុងការបន្តកិច្ចសហការជាមួយ CAFEBA សំដៅលើកកម្ពស់ភាពប្រកួត​ប្រជែង​កម្ពុជា នៅលើឆាកអន្តរជាតិ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេច​ឱ្យបាននូវចក្ខុ​វិស័យកម្ពុជាឆ្នាំ២០៣០ ដែលជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។ ជាមួយគ្នានេះ ស្ថិតក្នុងបរិបទដែលវិស័យឯកជន កាន់តែប្រឈមកាន់តែ ខ្លាំងទៅនឹងលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសនាំចេញនានា យើង​បានធ្វើការយ៉ាងជិត​ស្និទ្ធជាមួយគ្នាស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីធានាថា វិស័យ​ឯកជន នៅតែអាចបន្ត​ធានាបាននូវឧត្តមភាពប្រកួតប្រជែង សមាជិកទាំងអស់​របស់CAFEBA អាច​រក្សា​បាន​ដំណើរផលិតកម្ម អាជីវកម្មរបស់ខ្លួនប្រកបដោយចីរភាព។

លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមសហព័ន្ធនិយោជកកម្ពុជា (CAFEBA) បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលបានរួមគ្នាបំពេញប្រកបដោយភាពជោគជ័យ ក្នុងរយៈពេលកន្លងមក ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិព្រមទាំងធានាបាននូវការបន្ត​រក្សា​បាននូវកំណើនសេដ្ឋកិច្ចជាមធ្យមជាង ៧ភាគរយ រយៈពេលពីរទសវត្សរ៍កន្លង​មក​នេះ៕

ដោយ ប៊ុនរិទ្ធ