ភ្ញៀវទេសចរ និងប្រជាពលរដ្ឋប្រមាណ៩០ម៉ឺននាក់ បានចូលកម្សាន្តក្នុងពិធីបុណ្យ​សមុទ្រនៅ​ខេត្ត​កំពត

AKP កំពត ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ — ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ក្នុងពិធីបុណ្យសមុទ្រ នៅខេត្តកំពតនាពេលនេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួម​ទស្សនាកម្សាន្ត ប្រមាណ៩០ម៉ឺននាក់ ខណៈបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ការរៀបចំកម្មវិធី ឬព្រឹត្តិការណ៍កម្សាន្តនានានោះក៏បានប្រព្រឹត្តទៅប្រកបដោយ​ភាព​សប្បាយរីករាយ។

ឯកឧត្តមបានបញ្ជាក់ថា ថ្ងៃទី១ នៃពិធីបុណ្យមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ​មកទស្សនាប្រមាណ២០ម៉ឺននាក់,  ថ្ងៃទី២ នៃពិធីបុណ្យ ថ្ងៃដែលសម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ​ចូលរួមប្រមាណ៤០ម៉ឺននាក់ និងថ្ងៃទី៣ មានប្រមាណ៣០ម៉ឺននាក់ សរុបប្រមាណ ៩០ម៉ឺននាក់ (ភ្ញៀវទៅទស្សនា​តាមរមណីយដ្ឋាន​នានាក្នុងខេត្តកំពត​មាន ប្រមាណ ៤ម៉ឺននាក់) ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,០០០នាក់ ពោលគឺ លើសការ រំពឹងទុកទៅទៀត ខណៈបុណ្យសមុទ្រនៅខេត្តកំពតជុំទី១ មានភ្ញៀវចូល​ទស្សនាកម្សាន្ត តែ៣៥ម៉ឺន​ប៉ុណ្ណោះ។

ថ្លែង​នៅក្នុងពិធីបិទ​ព្រឹត្តិការណ៍បុណ្យ​សមុទ្រលើកទី៨ ជុំទី២ នារាត្រីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានប្តេជ្ញាអនុវត្តន៍​តាមអនុសាសន៍​របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការគ្រប់គ្រងអភិវឌ្ឍន៍​តំបន់ឆ្នេរឱ្យប្រកប ដោយ​និរន្តរភាព ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជាបន្ថែម។

នាឱកាស​នោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានផ្ដល់អនុសាសន៍ដល់​ភាគីពាក់ព័ន្ធ​ខិតខំផ្ដល់ហេដ្ឋារចនាសម្ពន្ធឯកជន ក្នុងនោះសហគមន៍ទេសចរណ៍​ក៏ត្រូវខិតខំបង្កើត​ផលិតផល​ឱ្យបានច្រើន ពោលផលិតផលដែលប្រកបដោយគុណភាព ចំណែកឯ​ប្រជា ពលរដ្ឋ​ក៏សូមចូលរួមថែរក្សាអនាម័យ បរិស្ថាន ផ្តល់បដិសណ្ឋារកិច្ចដ៏ល្អពេញ​ចិត្តដល់ ភ្ញៀវទេសចរ ដាច់ខាតមិនត្រូវបន្លំ ឬបោកប្រាសភ្ញៀវឱ្យសោះ។

ឯកឧត្តមបានបន្តថា «បុណ្យសមុទ្រលើកទី៨ ជុំទី២នេះ យើងបានឃើញប្រត្យក្ស​អំពីស្មារតី​រួមគិត រួមធ្វើ រួមទទួលខុសត្រូវរបស់គ្រប់ផ្នែកគ្រប់ថ្នាក់ ទាំងប្រជាពលរដ្ឋ ទាំងសាធារណៈ និងឯកជន»។

ឯកឧត្តមរដ្ឋមន្ត្រី​បាន​បន្ត ទៀតថា ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលបាន​មកពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងការខិតខំចូល​រួម​ពីគ្រប់ផ្នែ​កពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋផងនោះ ទឹកដីកម្ពុជានឹងកាន់តែ​មានការ​អភិវឌ្ឍជឿនលឿន​ឆាប់រហ័ស ជីវភាពរស់នៅកាន់តែរីកចម្រើនឥតឈប់ឈរ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​ក៏បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋនៅ ខេត្តកំពត ក៏ដូច​ជា​ខេត្តកោះកុង ព្រះសីហនុ និងខេត្តកែប សូមត្រៀមខ្លួនទទួល​អបអរ សាទរ និងចូលរួមក្នុងព្រិត្តិការណ៍ប្រណាំងកង់អន្តរជាតិ ដែលនឹងប្រព្រឹត្ត​ទៅចាប់ពីថ្ងៃ០៤ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ខាងមុខ៕

ដោយ ម៉ៅ ចរិយា