CNCC ប្រគល់ពានរង្វាន់ជ័យលាភីលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០១៩

AKP ភ្នំពេញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ — គណៈកម្មការបាល់ទាត់ជាតិកម្ពុជា ហៅហាត់ CNCC នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា​បាន​រៀបចំពិធីប្រគល់ពានរង្វាន់ជ័យលាភីសម្រាប់ព្រឹត្តិការណ៍លីគកំពូលកម្ពុជា និងព្រឹត្តិការណ៍ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាល២០១៩ ដែលបានបញ្ចប់ជា ស្ថាពរកាលពីពេលកន្លងទៅ ក្នុងពិធីប្រគល់ និងទទួលនេះត្រូវបានធ្វើឡើងនៅ​សាលសន្និសីទ​ចតុម្មុខ រាជធានីភ្នំពេញ ចុងសប្តាហ៍នេះ។

ពានរង្វាន់បាល់ទាត់កម្ពុជា (Cambodian Football Award) នេះរួមមាន៖ លីគកំពូល​កម្ពុជា លេខ១ ព្រះខ័នរាជស្វាយរៀង, លេខ២ វិសាខា និងលេខ៣ ណាហ្គាវើល។ គ្រូបង្វឹកល្អ បានទៅលើលោក Nestor Connor Laurence ក្លឹបព្រះខ័នរាជស្វាយរៀង ខណៈកីឡាករល្អ​ជាងគេ កីឡាករទាត់បញ្ចូលទីច្រើនជាងគេ និងអ្នកចាំទីល្អ បានទៅលើក្លឹបព្រះខ័នរាជ​ស្វាយរៀងដូចៗគ្នា។ រីឯក្រុមយុវជនសាលាកីឡាបាល់ទាត់បាទីដណ្តើមបានពានរង្វាន់ Fair Play។ ក្រៅពីនេះកីឡាករចំនួន១១នាក់ផ្សេងទៀត មកពីក្លឹបនានាក៏ទទួលបានពាន សម្រាប់​អ្នកចាំទីល្អ ខ្សែការពារល្អ ខ្សែបម្រើល្អ ខ្សែប្រយុទ្ធល្អផងដែរ។

ចំពោះជ័យលាភីនៃពានរង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន រួមមាន៖ ចំណាត់ ថ្នាក់លេខ១ ក្រុមបឹងកេត ហើយលោក ហៅ សុជាតិ ដែលជាគ្រូបង្គោលបឹងកេត ក៏ទទួលបាន ពានគ្រូល្អជាងគេដែរ ខណៈកីឡាករទាត់បញ្ចូលទីច្រើនជាងគេបានទៅលើកីឡាករ វា ខ្វិនទិន ក្លឹបភ្នំពេញក្រោន និងអ្នកចំាទីល្អ កីឡាករ ហុល គឹមហ៊ុយ ក្លឹបបឹងកេត រីឯក្រុម Fair Play បានទៅលើក្លឹបព្រះខ័នរាជស្វាយរៀង។ ក្រៅពីនេះកីឡាករចំនួន១១នាក់ផ្សេងទៀត មកពីក្លឹប នានាក៏ទទួលបានពានរង្វាន់សម្រាប់ពានអ្នកចាំទីល្អ ខ្សែការពារល្អ ខ្សែបម្រើល្អ ខ្សែប្រយុទ្ធ ល្អផងដែរ សម្រាប់ពានរង្វាន់សម្តេចតេជោ រដូវកាល ២០១៩នេះ។

ក្រៅពីនេះក៏មានពានលើកទឹកចិត្តជាច្រើនទៀតរបស់ CNCC ទាំងព្រឹត្តិការណ៍បាល់ ទាត់លីគ កំពូល និងពានរង្វាន់សម្តេចតេជោផងដែរ៕

ដោយ ហេង ណាលីន