ប្រកាសបិទការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក ដោយម្ចាស់ផ្ទះកម្ពុជាឈរនៅលេខ២ ខណៈវៀតណាមឈរលេខ១

AKP ភ្នំពេញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ — ព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៦ ឆ្នាំ២០១៩ ដែលធ្វើឡើង នៅវិមាន​ពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញបានបញ្ចប់ជាស្ថាពរ កាលពីចុងសប្តាហ៍នេះ ដោយក្រុមកីឡាករ-កីឡាការិនី វ៉ូវីណាមកម្ពុជាដណ្តើមមេដាយ​៣១គ្រឿង ដែលធ្វើម្ចាស់ផ្ទះ​កម្ពុជាឈរនៅចំណាត់ថ្នាក់លេខ២ ខណៈអត្តពលិកម្ចាស់ក្បាច់គុនប្រទេសវៀតណាម ឈរ​នៅលំដាប់ចំណាត់ថ្នាក់លេខ១។

លោក អ៊ូ រតនា នៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានបញ្ជាក់ថា ប្រទេសវៀតណាម ជាប់ចំ ណាត់ថ្នាក់លេខ១ ដោយដណ្តើមមេដាយសរុបចំនួន២៧គ្រឿង ក្នុងនោះ មេដាយមាស ១៧គ្រឿង មេដាយប្រាក់៩គ្រឿង និងមេដាយសំរឹទ្ធិ១គ្រឿង ខណៈម្ចាស់ផ្ទះកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ដណ្តើមមេដាយ៣១គ្រឿង ក្នុងនោះមេដាយមាស៩គ្រឿង មេដាយប្រាក់១០គ្រឿង និងមេដាយសំរឹទ្ធិ១២គ្រឿង។ រីឯប្រទេសអាល់ហ្សេរី ជាប់ចំណាត់ថ្នាក់លេខ៣ ដណ្តើមមេដាយ២៤គ្រឿង ក្នុងនោះ មាស៩ ប្រាក់៨ និងសំរឹទ្ធិ៧ ស្របពេលដែលប្រទេសថៃជាប់​ចំណាត់​ថ្នាក់លេខ៤ មេដាយ៧គ្រឿង ក្នុងនោះមាស៣ ប្រាក់១ និងសំរឹទ្ធិ៣។

ព្រឹត្តិការណ៍ជើឯកពិភពលោក លើកទី៦ នៅកម្ពុជានេះ មាន២៤ប្រទេសបានចូលរួម ប្រកួត​​ប្រជែងមេដាយ។ ជុំវិញការប្រកួតនេះ ឯកឧត្តម ស៊ូម សារឿន ប្រធានសហព័ន្ធកីឡាវ៉ូវី​ណាមកម្ពុជា​បាន​មានប្រសាសន៍ថា លទ្ធផលនេះ គឺជាលទ្ធផលលើសពីការរំពឹងទុក បើប្រៀប​ធៀបជាមួយការ​ប្រកួតជើងឯកពិភពលោកកាលពីឆ្នាំ២០១៧កន្លងទៅ។ ជាពិសេសវាអាច​បញ្ជាក់ថា កីឡាករ កីឡាការិនី និងគ្រូបង្វឹកពិតជាមានសមត្ថភាពពិតប្រាកដ ក្នុងការប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ដទៃ ជាក់ស្តែងសហព័ន្ធបានដាក់កីឡាករយុវជនថ្នាល២រូបឱ្យចូលរួម​ប្រកួត ហើយពួកគេសុទ្ធ​តែឈ្នះមេដាយមាសដូចគ្នា។

ឯកឧត្តមប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបន្ថែមទៀតថា នៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កីឡាករវ៉ូវីណាម នឹងអាចដណ្តើមមេដាយមាស ក្នុងឋានៈជាម្ចាស់​ផ្ទះ​ជាក់ជាមិនខាន៕

ដោយ ហេង ណាលីន