ក្រសួងសាធារណការ និងអាជ្ញាធរខេត្ដសៀមរាប បើកយុទ្ធនាការផ្សព្វផ្សាយអប់រំរួមគ្នា​ដើម្បីសុវត្ថិភាពចរាចរណ៍ និងការចែកជូនមួកសុវត្ថិភាព

AKP សៀមរាប ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ — ដើម្បីចូលរួមបង្កើនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋអំពីច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបាន កាន់តែ​ទូលំទូលាយថែមទៀតនោះ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយក​ដ្ឋាន​ដឹក​ជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយ​អគ្គលេខា​ធិការដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រុមហ៊ុន Michelin ក្រុមហ៊ុន​វើលដ៍ប្រ៊ីដ​ត្រេត​ឌីង និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ដោយមាន​ការ​ចូល​រួមពី​កង​កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប និងយុវជនរបស់សហភាព​សហព័ន្ធ​យុវជន​កម្ពុជាក្នុង​វិស័យសាធារណការ និងដឹកជញ្ជូន បានចុះធ្វើយុទ្ធនាកាអប់រំផ្សព្វផ្សាយ “រួមគ្នា​ដើម្បី​សុវត្ថិភាពចរាចរណ៍”។ យុទ្ធនាការនេះ ធ្វើឡើង កាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅ​ចំណុចមុខសណ្ឋាគារអង្គរអេរ៉ា ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ត​សៀមរាប។

លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយក​ដ្ឋានដឹក​ជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា យុទ្ធនាការនេះ​មានរៀបចំជាកម្មវិធីសួរ និងឆ្លើយសំណួរដើម្បីទទួលបាននូវមួកសុវត្ថិភាព ការចែកជូន​ឯកសារពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ផ្លូវគោក និងស្ទីកឃ័រចំណាំងផ្លាត រួមទាំងការផ្តល់ជូន​សេវា​​ត្រួតពិនិត្យសុវត្ថិភាពយានយន្តចំនួន៣០ចំណុចដល់អ្នកចូលរួមទាំងអស់។ លោកបាន​គូស​បញ្ជាក់ថា បងប្អូនប្រជា​ពលរដ្ឋ​ដែលចូលរួមក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយ និងជាពិសេស​អ្នកប្រើប្រាស់ទោចក្រយានយន្ត អាចចូលរួមឆ្លើយសំណួរយករង្វាន់មួកសុវត្ថិភាពពីក្រុមការ​ងារបាន តាមរយៈកម្មវិធី “Cambodia Driving Rules” ដែលជាកម្មវិធីប្រើប្រាស់លើឧបករណ៍​អេឡិចត្រូនិចបង្កើតឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ លោកបានបន្ដទៀតថា តាម​រយៈការអប់រំផ្សព្វផ្សាយនេះ បងប្អូនប្រជាពលរដ្ឋក៏អាចទាញយកកម្មវិធីនេះ​មកប្រើប្រាស់​ក្នុង​ទូរស័ព្ទដៃរបស់ខ្លួនដោយឥតគិតថ្លៃ និងអាចទាញយកមកសិក្សារៀនសូត្រអំពីច្បាប់​ចរាចរ​ណ៍​ផ្លូវគោក និងប្រលងសាកល្បងដោយខ្លួនឯងបានផងដែរ។

លោកវរៈសេនីយ៍ឯក ជឹម សុវណ្ណ បានសម្តែងនូវភាពរីករាយដោយបានឃើញ​ពីចូល​រួមយ៉ាងច្រើនកុះកររបស់បងប្អូនប្រជាពលរដ្ឋខេត្តសៀមរាបនៅក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនាពេលនេះ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្ត​ផ្ទាល់​តែម្តង។ លោកវរៈសេនីយ៍ឯកបានបន្ថែមថា យុទ្ធនាការនេះគឺពិតជា​បានជួយរួមចំណែក​អប់រំ​ផ្សព្វ​ផ្សាយ​បណ្តុះ​ស្មារតីរបស់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួឈ្វេងយល់អំពីច្បាប់ចរាចរណ៍​ផ្លូវ​គោក គោរព​ច្បាប់ចរាចរណ៍ និងជាពិសេសជំរុញឱ្យមានការពាក់មួកសុវត្ថិភាព​គ្រប់ពេល​វេលា​នាពេល​ប្រើ​ប្រាស់ទោចក្រយានយន្ត មិនថានៅទីជិត ឬឆ្ងាយ៕

ដោយ ប៊ុនរិទ្ធ