រដ្ឋសភា ចាប់ផ្ដើមពិនិត្យ និងលើកយករបៀបវារៈចំនួន ៧ មកពិភាក្សា និងអនុម័ត នៅក្នុងការបន្ដសម័យប្រជុំលើកទី៣

AKP ភ្នំពេញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ — រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៣ នីតិកាលទី៦ ក្រោមអធិបតី​ភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភាចំនួន១១០រូប ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៧។

ក្នុងសម័យប្រជុំរដ្ឋសភានាព្រឹកនេះដែរ ក៏បានលើកយករបៀបវារៈចំនួន ៧ មក​ពិភាក្សា និងអនុម័ត រួមមាន៖ ១- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជា​ណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តន៍បទបញ្ញត្តិនៃអនុសញ្ញាសហ​​ ប្រជាជាតិស្តីពី ច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និងការ​អភិ​រក្សផល ស្តុកត្រី ផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ។ ២- សេចក្តីព្រាងច្បាប់ស្តីពីការ​អនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ហ្រ្គីន សឺស្តែនណេប៊ល វេនឈ័រ (ខេមបូឌា) ឯ.ក សម្រាប់គម្រោងសាង​សង់ស្ថានីយ​ផលិត​អគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព២០មេហ្គាវ៉ាត់ នៅខេត្តស្វាយរៀង។ ៣- សេចក្តី​ព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជា​ណា​ចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ាយ ផៅវ័រ សឹបផ្លាយ ឯ.ក សម្រាប់គម្រោងសាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ នៅខេត្តបន្ទាយមានជ័យ។ ៤- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះ​រាជា​ណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ាយសិន អេនើជី (ខេមបូឌា) បាត់ដំបង ឯ.ក សម្រាប់​គម្រោង សាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង។ ៥- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់ របស់​រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក អ៊ីនហ្វីនីត ឯ.ក សម្រាប់​គម្រោង​សាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ នៅខេត្តពោធិ៍សាត់។ ៦- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់​រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ធីអេសប៊ីភី សេកុង ផៅវ័រ អ៊ែន មីនើរ៉ល ខមភេនី លីមីធីត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ៧- សេចក្តី​ព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជា​ណា​ចក្រកម្ពុជា ឱ្យក្រុមហ៊ុន សេកុង សឺមម័ល ផៅវ័រ ផ្លេន ខមភេនី លីមីធីត នៃសាធារណរដ្ឋ​ប្រជាធិប​តេយ្យប្រជាមានិតឡាវ៕

ដោយ ប៊ុនរិទ្ធ