ប្រមុខរាជរដ្ឋាភិបាល ស្នើឱ្យអាជ្ញាធរខេត្តជាប់មាត់សមុទ្រយកចិត្តទុកដាក់ការពារតំបន់ឆ្នេរ

AKP កំពត ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ — ក្នុងខណៈដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ «ក្លឹបឆ្នេរសមុទ្រដែលស្អាត​បំផុត​លើ​​​​សកលលោក» នៅឆ្នាំ២០២០ និងការធ្វើមហាសន្និបាតនៅឆ្នាំ២០២២ ព្រមទាំងការប្រ​ណាំ​ង​​កង់ជាអន្តរជាតិនៅតាមឆ្នេរសមុទ្រនៅឆ្នាំ២០២០នោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យអាជ្ញាធរ​ខេត្តជាប់មាត់សមុទ្រ​ទាំ​ង​អស់ ត្រូវយកចិត្តទុកដាក់ការពារនៅតំបន់ឆ្នេរ ដើម្បីឱ្យឆ្នេរសមុទ្ររបស់កម្ពុជាស្ថិតនៅ​ជាឆ្នេរ​ដែ​លស្អាតបំផុតនៅក្របខ័ណ្ឌពិភពលោក ដោយសម្ដេចបានគូសបញ្ជាក់ថា សូមកុំឱ្យឆ្នេរស​មុទ្រ​របស់យើងត្រូវបានដកហូតចេញពីសមាជិកក្លឹប ឬសមាជិកសមាគមឆ្នេរសមុទ្រដែល   ស្អា​ត​​បំផុតលើសកលលោក។

ក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ដែលមានអ្នក​ចូ​ល​​​រួម ជាភ្ញៀវជាតិ និងអន្តរជាតិរាប់ពាន់នាក់ នារាត្រីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចតេជោ ​​ថ្លែ​ងប្រៀបធៀបថា សូម្បីតែបេតិកភណ្ឌពិភពលោក ដែលយើងបានចូលជាសមាជិកបេតិក​ភ​ណ្ឌ​​ពិភពលោក ដូចជា ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រសាទសំបូរព្រៃគុក​។ល។ ប្រ​សិ​ន​បើយើងមិនអាចធ្វើត្រឹមត្រូវទៅតាមអនុសាសន៍របស់អង្គការយូណេស្កូទេ ពេលណាមួយ គេ​នឹងដកនូវសិទ្ធិជាសមាជិកបេតិកភណ្ឌពិភពលោក ព្រោះមានប្រទេសមួយចំនួនបាន​បា​ត់​ប​ង់​រួច​ទៅ​ហើយ ដែលជាមេរៀនសម្រាប់យើង។ ដូច្នេះទន្ទឹមនឹងយើងខិតខំការពារ​ប្រាង្គប្រា​សា​ទ​​នានា យើងក៏ត្រូវខិតខំការពារឆ្នេរសមុទ្ររបស់យើងឱ្យបានគង់វង្ស កុំឱ្យឆ្នេរសមុទ្ររបស់​យើ​ង​​ត្រូវបំផ្លាញដោយសារការបង្ហូរទឹកកង្វក់ចូលទៅក្នុងសមុទ្រ ការចាក់ដីបំពានទៅក្នុងសមុទ្រ និងការកាប់ព្រៃកោងកាងទន្ទ្រានយកដី។ល។ ដែលចំណុចទាំងអស់នេះ ខេត្តនីមួយៗ​ត្រូវ​យ​ក​ចិត្ត​ទុកដាក់ពិនិត្យមើលឱ្យបានដិតដល់។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា បន្ទាប់ពីបានក្លាយ​ជា​ស​​មា​ជិកកាលពីឆ្នាំ២០១១ កម្ពុជាត្រូវបានបោះឆ្នោតជ្រើសតាំងឱ្យកាន់ដំណែង​សំខាន់ៗក្នុង​ក្រុម​ប្រឹ​ក្សាភិបាលក្លឹប រួមមាន អនុប្រធានក្លឹបទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក ២អាណត្តិជាប់​គ្នា​គឺ​ (២០១២-២០១៥) និង (២០១៥-២០១៨) និងជាអគ្គនាយករងក្លឹបសម្រាប់អាណត្តិ (២០១៨-២០២១)។ ជាងនេះទៀត នាឱកាសមហាសន្និបាតក្លឹបលើកទី១៥ នាខែតុលា ឆ្នាំ២០១៩ នៅទី​ក្រុង​ឆ្នេរសមុទ្រតូយ៉ាម៉ា (Toyama) ប្រទេសជប៉ុនកន្លងមកនេះ អង្គមហាសន្និបាតបានសម្រេច​បញ្ចូ​លឆ្នេរសមាជិកថ្មីចំនួនពីរ គឺ ឆ្នេរឡាស៊ីអូតា (La Ciota) របស់ប្រទេសបារាំង និងឆ្នេរដាក្លា (D​akla) របស់ប្រទេសម៉ារ៉ុក។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ទៀតថា ការបញ្ចូលសមាជិកថ្មី​នេះបានធ្វើឱ្យក្លឹប​មានសមាជិកកើន​ចំនួ​ន​ដ​ល់ ៤៤ឆ្នេរ មកពី ២៤ប្រទេស ព្រមជាមួយការ​ទទួលយកឆ្នេរបេក្ខភាពថ្មីចំនួន ២ គឺឆ្នេរភូ​ចា​បា​ (Pujaba) របស់ប្រទេសហ្វីលីពីន និងឆ្នេរឡាន​ហា (Lan Ha) របស់ប្រទេសវៀតណាម។ ឯកឧត្ដមបានបន្តថា អង្គមហាសន្និបាតបានបោះ​ឆ្នោត​​ជាឯកច្ឆន្ទ ឱ្យកម្ពុជាធ្វើជាម្ចាស់​ផ្ទះ​ជា​លើ​​ក​ទី២ រៀបចំមហាសន្និបាតក្លឹបលើកទី១៨ នៅ​ឆ្នាំ២០២២ ខាងមុខ ព្រមជាមួយការអប​អរ​សា​ទរការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់​អន្តរជាតិ​លើកទី១ នៅតំបន់ឆ្នេរសមុទ្រកម្ពុជា នាថ្ងៃ​ទី​​០៤-០៦ ខែមករា ឆ្នាំ២០២០ ក្រោមកិច្ចសហការ​រវាង​​រាជរដ្ឋាភិបាលកម្ពុជា ក្លឹបឆ្នេរ និងសហ​ព័​​ន្ធ​ប្រណាំងកង់អន្តរជាតិ។ ឯកឧត្ដមរដ្ឋមន្រ្ដី​បានចាត់ទុកថា ទាំងនេះសបញ្ជាក់ឱ្យឃើញពីការគាំទ្ររបស់ស្ថាប័នអន្តរជាតិដ៏​សំ​ខា​ន់មួយ ចំពោះរាជរដ្ឋាភិបាលកម្ពុជាលើការអភិវឌ្ឍតំបន់ឆ្នេរសមទ្រប្រកបដោយនិរន្តភាព ខ​ណៈដែល​ក្លឹបត្រូវបានដំឡើងកម្រិតនៃការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ គឺប្តូរពី «ក្លឹប» មក​​ជា «អង្គការ​អន្តរជាតិឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក»។ ឯកឧត្ដមរដ្ឋមន្ត្រី​ក្រសួ​ង​ទេ​សចរណ៍ ក៏បានបង្ហាញការរំពឹងទុកថា សម្រាប់ឆ្នាំ២០១៩នេះ តំបន់ឆ្នេរនឹងទទួលបាន​ទេ​ស​ចរ​អន្តរជាតិប្រមាណ១.៣លាននាក់ កើនឡើង ៤.៥ភាគរយ ជាមួយចំណែកទីផ្សារប្រមាណ ១៥ភាគរយ នៃទីផ្សារសរុប និងទេសចរជាតិប្រមាណ ៣.៤លាននាក់ កើនឡើង៣ភាគរយ ខណៈដែលខេត្ត​កំ​ព​ត​​នឹង​ទទួលបានទេសចរអន្តរជាតិប្រមាណ ១៨ម៉ឺននាក់ កើនឡើង ៨ភាគរយ និងទេសចរជាតិ​ប្រ​មា​ណ​៣០ម៉ឺននាក់ កើនឡើង ៤០ភាគរយ។ តាមការព្យា​ករណ៍នៅឆ្នាំ២០២០ តំបន់ឆ្នេរសមុទ្រនឹង​ទទួ​ល​បានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.៧លាន​នាក់ និងភ្ញៀវទេសចរជាតិប្រមាណ៣.៥លា​ន​​នាក់។ នៅឆ្នាំ២០៣០ តំបន់ឆ្នេរសមុទ្រ​នឹង​ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧.៥​​លាននាក់ ក្នុងកំណើនជាមធ្យម ១០ភាគរយ និងភ្ញៀវទេសចរជាតិប្រមាណ៥.៥លាននាក់ កើ​ន​​ឡើងជាមធ្យម ៥ភាគរយ៕

ដោយ ជឹម ណារី