សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា បើសេដ្ឋកិច្ចកម្ពុជាពឹងពាក់ទៅលើល្បែង​ភ្នាល់តាមអនឡាញនោះគឺជាគ្រោះថ្នាក់នៃសេដ្ឋកិច្ចពពុះសាប៊ូ

AKP ភ្នំពេញ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ — ដោយសារនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ អាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន អេឡិចត្រូ​និ​ក​តាម​រយៈអ៊ិនធើណែតអនឡាញ ក្នុង និងក្រៅប្រទេសដែលមានអាជ្ញាប័ណ្ណត្រូវបាន​បញ្ចប់​ទាំ​​ង​ស្រុងនៅកម្ពុជាដោយមិនអនុញ្ញាតឱ្យបន្តសុពលភាពនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស​ម្ដេ​​ច​អគ្គមហាសេមាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើសេដ្ឋកិច្ចកម្ពុជា ពិតជាពឹងពាក់​ទៅ​លើល្បែងតាម​​អន​ឡាញ គឺជាគ្រោះថ្នាក់នៃសេដ្ឋកិច្ចពពុះសាប៊ូ។

ក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨ ជុំទី ២ នៅខេត្តកំពត ដែលមានអ្នក​ចូ​ល​​រួម ជាភ្ញៀវជាតិ និងអន្តរជាតិរាប់ពាន់នាក់ នារាត្រីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចតេជោ បា​​ន​​មានប្រសាសន៍ថា នៅពេលដែលមានអនឡាញ មានមតិមួយចំនួននាំគ្នា​ព្រួ​យ​បារ​ម្ភអំពី​វត្តមានជនជាតិចិននៅកម្ពុជា។ ប៉ុន្តែនៅពេលដែលយើងបិទអនឡាញគេព្រួយបារម្ភពី​ការអត់​ជនជាតិចិននៅកម្ពុជា។ សម្ដេចតេជោបានលើកជាសំណួរថា តើអ្នកចង់បានអ្វីពិតប្រាក​ដ​។ សម្ដេចតេជោបន្តថា សម្រាប់សម្ដេច សង្កេតឃើញថា បើសេដ្ឋកិច្ចកម្ពុជាពឹងពាក់ទៅលើអន​ឡាញ ក​ម្ពុ​ជានឹងក្លាយទៅជាអ្នករងគ្រោះសម្រាប់បញ្ហាសន្តិសុខជាតិរបស់ខ្លួន។ សម្ដេចតេជោ​បានបន្ដទៀតថា ​យើងស្ថិតនៅ​ក្រោម​ការ​គំរាមកំហែងនៃក្រុមម៉ាហ្វីយ៉ា ដែលជ្រៀតចូលមក​ក្នុងប្រទេសរបស់យើង ដើម្បីធ្វើសក​ម្ម​ភា​ព ហើយកម្ពុជាក៏ស្ថិតក្នុងស្ថានភាព ដែលនឹងក្លាយ​ទៅជាប្រទេស នៃគោលដៅនៃការ​លាង​លុ​យកង្វក់តាមរយៈអនឡាញ។ ជាមួយគ្នានេះ កម្ពុជា នឹងបាតបង់នូវសុវត្ថិភាព សម្រាប់អ្នកជំនួញធំៗ ដែល​មាន​ប្រាក់កាសមិនហ៊ានចូលមករកស៊ី​នៅកម្ពុជា ដោយសារខ្លាចពួកម៉ាហ្វីយ៉ា។ សម្ដេចតេជោបានចាត់ទុកថា ដូច្នេះអ្វី​ក៏ដោ​យ​ យើងក៏ត្រូវហ៊ានបង់ថ្លៃ កម្ពុជាសុខចិត្តមិនមានអនឡាញ ក៏ប៉ុន្តែយើងនឹងនាំមកឱ្យប្រទេស ទៅ​កាន់សុវត្ថិភាព និងសន្តិសុខ ហើយនឹងនាំមកនៅអ្នកវិនិយោគដែលសុចរឹត និងអ្នកវិនិ​យោ​គ​​ដែលមានប្រាក់កាសមករកស៊ីរស់នៅកម្ពុជា។ សម្ដេចតេជោគូសបញ្ជាក់ទៀតថា  ផ្ទុយទៅ​​វិញ បើ​វត្ត​​មានអនឡាញបន្ត កម្ពុជានឹងក្លាយទៅជាអ្នករងគ្រោះ ដែលមុនគេគឺបញ្ហា​សន្តិសុខ​តែម្ដង ប​ន្ទា​​ប់មកនឹងក្លាយជាគោលដៅនៃការលាងលុយកង្វក់ ដែលនៅលើពិភពលោក​កំពុង​តែ​ប្រយុទ្ធ​ប្រ​​ឆាំ​ង និងការលាងលុយកង្វក់ ព្រមទាំងហិរញ្ញប្បទានភេរវកម្ម ដែលនេះជាចំណុច​គ្រោះថ្នា​ក់​​។ សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា “ត្រង់នេះហើយដែលខ្ញុំមិនខ្លាច​នូវពាក្យ​ចចាមអារ៉ាម ដែលរហូ​តមានអ្នកខ្លះសរសេរបញ្ជូនទៅដល់បណ្ដាញ​ទំនាក់ទំនងសង្គមផ្ទាល់​របស់ខ្ញុំ ដោយ​លើ​កសំណូមពរនេះ ឬសំណូមពរនោះ ដោយលើកថា វិស័យអចលនទ្រព្យ និង​សំណង់មាន​កា​រ​ថយចុះ ដោយការបិទអនឡាញ។ ខ្ញុំចង់សួរថា តើសំណង់នៅកម្ពុជា បម្រើតែឱ្យអនឡាញ​នោះ​ឬអ្វី។ ប្រសិនបើវិស័យសំណង់នៅកម្ពុជាបម្រើតែឱ្យអនឡាញនោះ សេដ្ឋកិច្ចកម្ពុជា ពិត​ជា​ពឹងពាក់ទៅលើអនឡាញ គឺជាគ្រោះថ្នាក់នៃសេដ្ឋកិច្ចពពុះសាប៊ូ ហើយមិនគួរធ្វើបែបនេះទេ។” ​ស​ម្ដេ​ចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងសង្កត់ធ្ងន់ថា ដូច្នេះនៅ​សល់​​តែប៉ុន្មានថ្ងៃទៀត អនឡាញនឹងត្រូវ​​​បញ្ចប់​ពីកម្ពុជាទាំងស្រុងហើយ ព្រោះសារាចរ​ដែលសម្ដេច​បានដាក់ចេញ គឺអនឡាញមិនត្រូវបាន​ទ​ទួ​ល​អាជ្ញាប័ណ្ណបន្តពន្យារពេលទៀត​ទេ។ ដូច្នេះវាពុំមានវត្តមានអនឡាញនៅកម្ពុជាបន្ថែម​ទៀ​ត​​ទេ។ សម្ដេចតេជោបានលើក​ឡើងថា ប្រទេសណាចង់ធ្វើក៏ធ្វើទៅ តែប្រទេសកម្ពុជាមិនធ្វើអនឡាញទេ។ សម្ដេចតេជោក៏​បា​ន​​លើឡើងផងដែរថា មុននឹងធ្វើការសម្រេចចិត្ត យើងបានធ្វើការពិនិត្យដិតដល់គ្រប់គ្រាន់​ហើ​យ​ ថាតើសេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនមកពីអ្វី មិនមែនកំណើនមកពីអនឡាញទេ។ សម្ដេចតេជោបានបន្ថែមទៀតថា “ខ្ញុំទ​ទួ​ល​ស្គាល់ថា ប្រជាពលរដ្ឋមួយចំនួនបាន​ទទួលផល​ពីអនឡាញ តាមរយៈការជួលផ្ទះឱ្យគេ​ធ្វើ​អន​ឡាញ។ល។ ក៏ប៉ុន្តែនោះគ្រាន់តែជាក្រុមតូច​មួយនៃការទទួលផល”។ សម្ដេចតេជោបានថ្លែងទៀតថា ឥឡូវដីធ្លីនៅតែជាដីធ្លី​រប​ស់យើង ដូច្នេះត្រូវកែច្នៃទៅជាមុខរបបអ្វីដែលសមស្របរបស់យើងតទៅទៀត ហើយក៏មិន​ចាំ​បាច់ពឹង​ពាក់​ទៅលើសេដ្ឋកិច្ចអនឡាញនោះទេ៕

ដោយ ជឹម ណារី