សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ការប្រារព្ធពិធីបុណ្យសមុទ្រ នឹងក្លាយ​ជាកាលានុវត្ត​ភាព ដ៏ប្រសើរមួយសម្រាប់កម្ពុជា

AKP កំពត ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសា​ស​ន៍​ថា ការប្រារព្ធពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ក្រោមប្រធានបទ«ទីក្រុងស្អាត-ឆ្នេរល្អ-ទេសចរណ៍រុងរឿង» នឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរមួយសម្រាប់កម្ពុជា ក្នុងការ​ធ្វើឱ្យទី​ក្រុ​ងជាប់មាត់ឆ្នេរ និងឆ្នេរសមុទ្រកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយ​គុណភាព ស្របនឹងពាក្យស្លោក«ឆ្នេរសមុទ្រកម្ពុជា៖ តារារះនាទិសនារតី» ព្រមទាំងបង្កើន​ស្មារតី​​ស្រឡា​ញ់​​ជាតិមាតុភូមិ សាមគ្គីភាព និងមិត្តភាពផងដែរ។

ក្នុងសារលិខិតអបអរសាទរពីធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត សម្ដេចតេ​ជោ​​គូស​បញ្ជាក់ថា ការប្រារព្ធពិធីបុណ្យសមុទ្រ មិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពី​សក្ដា​នុពលទេសចរណ៍នៃខេត្តជាប់មាត់ឆ្នេរសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រ​ន​យោ​បាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និង ​កា​រ​​ទទួលខុសត្រូវខ្ពស់ដោយឈរលើការប្ដេជ្ញាចិត្តរួមមួយច្បាស់លាស់ ក្នងការក្សាតុល្យភាព​រវាង​ផ​លប្រយោជន៍សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ប្រជាពលរដ្ឋមូលដ្ឋាន ដូចដែល​ត្រូវឆ្លុះ​ប​ញ្ចាំ​ងតាមរយៈប្រធានបទនៃពិធីបុណ្យសមុទ្រលើកទី៨នេះ គឺ«ទីក្រុងស្អាត-ឆ្នេរល្អ-ទេស​ច​រ​ណ៍​​រុងរឿង»។ ជាក់ស្ដែងតំបន់ឆ្នេរសមុទ្រទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ជាង១​៥​​ភាគរយ​ នៃចំនួនទេសចរសរុបមកកម្ពុជា ដែលចំណែកទីផ្សារនេះបាននិង​កំពុង​កើនឡើង​ជាលំដាប់​ពី​មួយឆ្នាំទៅមួយឆ្នាំ។ សម្ដេចតេជោបានបន្តថា ឈរលើមូលដ្ឋាននៃ​កំណើននេះ ក៏ទាមទារឱ្យ​មា​នការគិតគូរ និងគ្រប់គ្រងឱ្យហ្មត់ចត់ ដោយត្រូវមានផែនការ​អភិវឌ្ឍន៍ និ​ងគ្រប់គ្រងទេស​ចរ​ណ៍​ ពិសេសស្របពេលដែលពិភពលោកទាំងមូល​បាននិង​កំពុងប្រឈមនឹងវិបត្តិថ្មីៗឥតឈប់ឈរទាំងផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ ដើម្បី​ឆ្លើយ​តបនឹងបញ្ហាប្រឈម ការយកចិត្តទុក​ដាក់​ដល់​ទស្សនទាននៃភាពស្អាត និងបៃតង គឺពិត ជាមានភាពចាំបាច់ ខណៈដែលពិភពលោក​កំពុ​ង​​បោះជំហានទៅមុខក្នុងសម័យកាលបៃតង។

ជាមួយគ្នានេះ ការអភិវឌ្ឍទេសចរណ៍តំបន់ឆ្នេរទាមទារចាំ​បា​ច់​​ឱ្យមានការ អភិវឌ្ឍ​​ទីក្រុងស្អាត ទីក្រុងបៃតង ឆ្នេរស្អាត និងកោះបៃតង ដែលជាការគិតគូរ​ខ្ព​ស់​​ដល់ការអភិរក្ស ថែរក្សាសម្បត្តិវប្បធម៌ ធនធានធម្មជាតិ និងបរិស្ថានប្រកបដោយនិរន្តរ​ភាព​។​ ទីក្រុងជាប់​ឆ្នេរគួរតែជា ទីក្រុងបៃតង-ទីក្រុងស្អាត មានន័យថាទីក្រុងដែលមានបរិស្ថាន អ​នា​ម័យ និង​សណ្ដាប់ធ្នាប់ល្អ គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់គ្រប់គ្រាន់ ដែលផ្ដល់នូវភាព​កក់​ក្ដៅ និង​មជ្ឈដ្ឋានរស់នៅល្អប្រសើរដល់ប្រជាជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ សម្ដេចតេជោ​បានបន្ដទៀតថា​ ការ​អ​ភិវ​ឌ្ឍ​ទីក្រុងតំបន់ឆ្នេរឱ្យក្លាយជាទីក្រុងបៃតង មិនត្រឹមតែកាត់បន្ថយ​ផល​ប៉ះពាល់ជាអវិ​ជ្ជមា​ន​​​​ដល់និរន្តរភាពនៃធនធានតំបន់ឆ្នេរប៉ុណ្ណោះទេ តែថែមទាំងជួយ​បង្កើនភាពទាក់ទាញដល់​ភ្ញៀ​​​​​វ​ទេសចរឱ្យមកទស្សនា និងកម្សាន្តកាន់តែរុងរឿងថែមទៀត។ ដូច្នេះចាំបាច់ត្រូវ «រួមគិត រួ​ម​​​ធ្វើ រួមទទួលខុសត្រូវ» ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍​តំបន់​ឆ្នេរសមុទ្រកម្ពុជា​ឱ្យមាននិ​រន្តរ​ភា​ព ហើយទីក្រុងជាប់ឆ្នេរត្រូវតែជាជ័យលាភីទីក្រុងស្អាត និងជ័យលាភីទីក្រងស្អាតអាស៊ាន ស័​ក្ដិសមជា «ឆ្នេរសមុទ្រកម្ពុជា៖ តារារះនាទិសនារតី»។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបា​នអំ​ពា​វនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ វិស័​យឯកជន និងបងប្អូនជនរួមជាតិទាំងអស់ ចូលរួមឱ្យ​ផុលផុសប្រកបដោយ​ស្មារតីទទួល​ខុស​ត្រូវខ្ពស់ ដើម្បីធ្វើឱ្យពិធីបុណ្យសមុទ្រឆ្នាំនេះ​ប្រព្រឹត្ត​ទៅ​​ប្រកបដោយភាពជោគជ័យ និង​អំពា​វនាវដល់វិនិយោគិន ប្រតិបត្តិករទេសចរណ៍ ទេសចរជាតិនិងអន្តរជាតិ អាជ្ញាធរមូលដ្ឋាន និង​បងប្អូនប្រជាពលរដ្ឋចូលរួមឱ្យកាន់តែសកម្ម​ចលណាប្រឡងប្រណាំង«ទីក្រុងស្អាត រមណី​យ​ដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» និង​សហការថែរក្សាសោភណភាព អនាម័យ បរិ​ស្ថា​ន ដែលជាកត្តាចម្បងមិនអាចខ្វះបាន ក្នុងការ​ថែរក្សាតំបន់ឆ្នេរ​សមុទ្រឱ្យស្រស់​ស្អាត​គង់​វង្ស​​យូរអង្វែង ដើម្បីបន្តទុកជាមរតកដល់កូន​ចៅ​ជំនាន់ក្រោយ។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា ពិធីបុណ្យសមុទ្រត្រូវបាន​ធ្វើឡើងលើកដំបូងនៅខេត្តព្រះសីហនុ ឆ្នាំ២០១១ ក្នុងគោលបំណងអបអរសាទរការចូលជា​ស​មា​ជិក​ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងរួមចំណែកក្នុងការផ្សព្វផ្សាយ​ពីស​ក្តា​នុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរសមុទ្រ និងគាំទ្រគោលនយោបាយរបស់រាជ​រដ្ឋាភិបាល​ក្នុ​ង​ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព។ ឯកឧត្ដមបានបញ្ជាក់ថា ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រឆ្នាំនេះ មានការ​តាំ​​ងពិព័រ​ណ៍សមិទ្ធផល មហោស្រពម្ហូបអាហារ និងភេសជ្ជៈ និង​គម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរ សរុ​ប​ចំនួន ៤៦១ស្តង់ ក្នុងនោះរួមមាន ស្តង់គម្រោងអភិវឌ្ឍន៍​ទេសចរណ៍សំខាន់ៗនៅតំបន់ឆ្នេរ ផ​លិ​​ត​ផលទេសចរណ៍ផលិតផលក្នុងស្រុក និងសហគ្រាស​​ធុនតូច និងមធ្យម ស្តង់ពិព័រណ៍​បរ​ទេ​ស ហើយពិសេសការរៀបចំវិថីម្ហូបអាហារ (Food Street) អាចសម្រាប់ជាគំរូដល់ខេត្តដទៃ។ ក្រៅពីនេះ ក៏មានការសម្តែងទស្សនីយភាពសិល្បៈ​ចម្រុះ​បូរាណ-សម័យ ដែលមានការចូលរួម​ពី​សិល្បករ-សិល្បការិនីជាតិ និងបណ្តាប្រទេសជាមិត្ត រួមមានប្រទេសចិន ថៃ ឥណ្ឌូណេស៊ី ឥណ្ឌា និង​វៀតណាម។ ឯសកម្មភាពកីឡាវិញ រួមមាន កីឡារត់កម្សាន្ត ការប្រណាំងកង់ បាល់ទះ​លើ​ឆ្នេ​រ​ខ្សាច់ ចំបាប់លើឆ្នេរខ្សាច់ កីឡាប្រណាំង​ម៉ូតូទឹក​លក្ខណៈអន្តរជាតិ ប្រដាល់គុន​ខ្មែរអ​ន្តរ​ជាតិ​ដណ្តើមខ្សែក្រវ៉ាត់អន្តរជាតិ គុនល្បុក្កតោ ការប្រកួតអុកចត្រង្គ និងកីឡាផ្ស​ង​ព្រេងលើ​ភ្នំ​​។ល។ ឯកឧត្ដមរដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនៅខេត្តកំពតនេះ ក៏​មា​នការរៀបចំសកម្មភាពមុនព្រឹត្តិការណ៍ (Pre-Event) មួយចំនួនផងដែរដូចជា សិក្ខាសាលា និង​ការចែកជ័យលាភីជូនដល់អាជីវកម្ម ទេសចរណ៍ដែលមានស្នាដៃឆ្នើម រួម​មានសេវា​ស្នាក់​នៅ​ ម្ហូបអាហារ ការដឹកជញ្ជូន និងឆ្នេរ​ខ្សាច់កម្សាន្តគំរូនៅខេត្តតំបន់ឆ្នេរទាំង៤ និងពិធី​ដាំដើម​ឈើ​អនុស្សវរីយ៍ រួមជាមួយព្រឹត្តិ​ការណ៍​អបអរសាទរជាច្រើនផ្សេងទៀត។

សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៨ជុំទី២នៅខេត្តកំពត ក្រោមប្រធានបទ «ទីក្រុងស្អាត-ឆ្នេរល្អ-ទេ​​​សចរណ៍រុងរឿង» ត្រូវបានប្រារព្ធពិធីបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេច​អគ្គ​ម​ហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃសៅរ៍ ១០​រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩៕

ដោយ ជឹម ណារី