បុគ្គលិកនិងថ្នាក់ដឹកនាំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករខេត្តសៀមរាបជាង១០០នាក់ ស្ម័គ្រចិត្តផ្តល់ឈាម គឺដើម្បីជួយសង្គ្រោះជីវិតមនុស្ស 

AKP ខេត្តសៀមរាប ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩–នៅឱកាសដែលបុគ្គលិក និងថ្នាក់ដឹកនាំគ្រឹះ​​ស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករខេត្តសៀមរាបប្រមាណជាង១០០នាក់បានស្ម័​គ្រ​​ចិត្ត​ផ្តល់​ឈាមដល់មជ្ឈមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីថ្ងៃទី២១ខែ​ធ្នូឆ្នាំ​២០១៩ លោក វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលបានឱ្យដឹងថា នៅក្នុង​ឆ្នាំ២០១៩នេះ សកម្មភាពការងាររបស់មជ្ឈមណ្ឌលផ្តល់ឈាមមានការកើនឡើងរហូតដ​ល់​​ទៅ៤ដងបើធៀបទៅនឹងឆ្នាំ២០១៥ ដែលជាឆ្នាំមុនបង្កើតមជ្ឈមណ្ឌលផ្តល់ឈាមនេះ។

លោកបានបញ្ជាក់ថា  នៅឆ្នាំ២០១៩នេះ ការប្រមូលឈាមរបស់មជ្ឈមណ្ឌលបានចំនួនជាង៤០០០ប្លោក ច្រើនជាងឆ្នាំ២០១៨ ដែលប្រមូលបានត្រឹមតែ ជាង ៣០០០ប្លោក ការកើនឡើងនៃចំនួនឈាមដែលស្តុកនៅក្នុងមជ្ឈមណ្ឌលនេះ គឺដោយសារតែអ្នកស្ម័គ្រផ្តល់ឈាមមានការចូលរួមច្រើនជាងមុន។

បច្ចុប្បន្ននេះ ធនាគារឈាមនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ថិតក្នុងស្ថានភាពរឹងមាំ មិនមានបញ្ហាដាច់ស្តុកនោះទេ បើទោះជាមានចំនួនអ្នកជំងឺដែលមានតម្រូវការឈាមកើនឡើង​ក៏ដោយ ហើយរាល់ករណីនៃការប្រើប្រាស់ឈាមរបស់មន្ទីពេទ្យខេត្តមិនមានការល​ក់​ដូ​រនោះឡើយ ជាពិសេសបានចែករំលែកឈាមដែលមាននៅក្នុងស្តុកទៅកាន់មន្ទីរពេទ្យផ្សេងៗទៀតផងដែរ នៅក្នុងករណីចាំបាច់ដែលត្រូវជួយសង្គ្រោះអ្នកជំងឺ ឬជនរងគ្រោះធ្ងន់ធ្ងរ ដោយឧបទ្ទវហេតុផ្សេងៗ ។

លោកប្រធានមន្ទីរ បានថ្លែងអំណរគុណចំពោះទឹកចិត្តបរិច្ចាគឈាមរបស់បុគ្គលិក និងថ្នាក់ដឹកនាំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករខេត្តសៀមរាប ដែលនេះជាចលនាមនុស្សធម៌ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ។

លោក កៅ គីវុធ នាយកសាខាហត្ថាកសិករប្រចាំខេត្តសៀមរាប លើកឡើងថា នេះគឺជាការចូលរួមមួយក្នុងសកម្មភាពសង្គម របស់ហត្ថកសិករ ក្រោមប្រធានបទ ផ្តល់ឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងផ្តល់សេចក្តីស្រឡាញ់ ។ លោកថា មានប្រាក់មិនអាចទិញជីវិតមនុស្សបានទេ  តែឈាមអាចជួយសង្គ្រោះជីវិតមនុស្សបាន ហើយការផ្តល់ឈាម គ្មានកត្តាណាមួយត្រូវព្រួយបារម្ភនោះឡើយ ។

លោកបន្តថា អត្ថប្រយោជន៍នៃការផ្តល់ឈាម គឺបានកាត់បន្ថយហានីភ័យនៃជំងឺមហារីកផ្សេងៗ កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក ដែលជាមូលហេតុធ្វើឱ្យមានផលប៉ះពាល់ដល់ថ្លើមនិងលំពែង។ការផ្តល់ឈាមវាជួយឱ្យប្រសើរឡើងនូវសុខភាពបេះដូង បន្ថយការឡើងទម្ងន់ ជួយជំរុញការបង្កើតគ្រាប់ឈាមថ្មី។ ជាមួយនឹងការផ្តល់ឈាមនេះដែរ គឺទទួលបាននូវការធ្វើតេស្តឈាមដោយសម្ងាត់ និងឥតគិតថ្លៃ រីករាយក្នុងការផ្តល់រង្វាន់ជីវិត គឺសុខភាពកាន់តែប្រសើរឡើង៕

ឃុត សៅ សៀមរាប