ក្រសួងការបរទេសជប៉ុន ជូនប័ណ្ណសរសើរដល់បុគ្គលឆ្នើម​ជនជាតិកម្ពុជាចំនួនពីររូប និងជនជាតិជប៉ុនមួយរូប

AKP ភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ — ក្រសួងការបរទេសជប៉ុនបានជូនប័ណ្ណសរសើរដល់ជនជាតិកម្ពុជាចំនួនពីររូប និងជន ជាតិជប៉ុនមួយរូប ដែលមានស្នាដៃឆ្នើមលើការជំរុញលើកកម្ពស់ទំនាក់ទំនង ឈ្វេងយល់ពីគ្នា ទៅវិញទៅមក រវាងមិត្តភាពកម្ពុជា-ជប៉ុន។

ប័ណ្ណសរសើរនេះត្រូវបានឯកអគ្គរាជទូត នៃប្រទេសជប៉ុនប្រចាំកម្ពុជា ឯកឧត្តម មីកាមី ម៉ាសាហ៊ីរ៉ូ ប្រគល់ជូនកាលពីល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា ហើយពិធីនេះក៏មានការអញ្ជើញចូលរួមជាកិត្តិយសផងដែរពី ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីអស់លោក លោកស្រី ជាភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងបងប្អូនជាក្រុមគ្រួសារ រួមទាំងមិត្តភក្តិជាច្រើននាក់ទៀត។

ឯកឧត្តម មីកាមី ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូត នៃប្រទេសជប៉ុនប្រចាំកម្ពុជាថ្លែងថា ក្រសួងការបរទេសជប៉ុនតែងតែផ្តល់ការកោតសរសើរ ដល់អ្នកដែលបានរួមចំណែក នៅក្នុងការជំរុញទំនាក់ទំនងមិត្តភាព សាមគ្គីភាពជិតស្និទ្ធរវាងជប៉ុន និងកម្ពុជា។  លើកនេះ បុគ្គលឆ្នើមទាំង៣រូបគឺ៖ ទី១. លោកស្រី អ៊ុ រ៉ាវី បានសិក្សានៅសាកល វិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន។ ក្នុងតួនាទីជាសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរនៅ សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ លោកស្រីក៏បានចូលរួមចំណែកដល់កាសិក្សា របស់និស្សិតជប៉ុននៅកម្ពុជា។ នៅឆ្នាំ២០០៤ លោកស្រីបានតែងតាំងជានាយកដំបូងបង្អស់ នៃមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន(CJCC) ហើយក៏បានកសាងមូល ដ្ឋានគ្រឹះនៃCJCC។ ក្រោយការតែងតាំងជាសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញនៅឆ្នាំ២០១០ លោកស្រីក៏បានខិតខំជំរុញការផ្លាស់ប្តូរទំនាក់ទំនង ជាមួយសាកលវិទ្យាល័យនានានៅ ប្រទេសជប៉ុន។ ទីពីរ. លោក ឯក ប៊ុនថា បន្ទាប់ ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាសូហ្វីយ៉ា នៅឆ្នាំ២០០០ លោកបានជ្រោមជ្រែងក្នុង ការបង្កើតសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន ហើយនៅឆ្នាំ២០០៤-២០​០៨ លោកបានដឹកនាំសមាគមនេះក្នុងនាមជាប្រធាន។ នៅក្រសួង វប្បធម៌និងវិចិត្រសិល្បៈ លោកបានចូលរួមជំរុញការផ្លាស់ប្តូរវប្បធម៌ រវាង ប្រទេសទាំងពីរ ដូចជាការស្រាវជ្រាវរួមគ្នាជា​មួយស្ថាប័នសិក្សាស្រាវជ្រាវជប៉ុន និងកិច្ចសហ ប្រតិបត្តិការក្នុងវិស័យវប្បធម៌ និងទី៣ គឺលោក Yamada Takakazu វិចិត្រករគំនូរជប៉ុន បានគូរទេសភាពនៅកម្ពុជាតាំងពីឆ្នាំ១៩៩៤។ គំនូរជប៉ុន គឺជារបៀបគូររូបបែបប្រពៃណី ដែលប្រើប្រាស់វត្ថុធាតុដើម ដូចជាថ្នាំម្សៅធ្វើពីថ្មជាដើម ដែលខុសពីថ្នាំពណ៌ប្រេង និងពណ៌ទឹករបស់ប្រទេសលោកខាងលិច។ រូបភាពប្រាសាទអង្គរវត្តនេះ ក៏ត្រូវបាន គូរដោយលោក Yamada ដោយប្រើបច្ចេកទេសគំនូរជប៉ុនផងដែរ។ ចាប់តាំងពីឆ្នាំ២០០៨ លោកYamada បានចូលរួមចំណែកក្នុងការអប់រំសិល្បៈខ្មែរ ក្នុងនាមជា សាស្ត្រាចារ្យពិគ្រោះយោបល់នៃមហាវិទ្យាល័យសិល្បៈ នៃសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ និងជានាយកសាលាសិល្បៈយ៉ាម៉ាដា។

ឯកឧត្តមឯកអគ្គរាជទូតបានបញ្ជាក់ថា ការអប់រំ និងវប្បធម៌ មិនងាយបង្ហាញ លទ្ធផលជាក់ស្តែងដូចផ្នែកសេដ្ឋកិច្ច ដែលអាចប្រើតួលេខបាន ហើយកិច្ចការនីមួយៗ ត្រូវការ ពេលវេលាផងដែរ។ ប៉ុន្តែខ្ញុំយល់ឃើញថា អប់រំ និងវប្បធម៌អាចភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងមនុស្សកាន់តែជិតស្និទ្ធជាងវិស័យដទៃទៀត។ អ្នកទាំង៣រូបបានប្រាស្រ័យទាក់ទង និងបានសហការជាមួយជនជាតិជប៉ុន និងកម្ពុជាជាច្រើននាក់ ក្នុងវិស័យអប់រំ និងវប្បធម៌ដូចស្ពានមេត្រីភាពរវាងប្រទេសយើងទាំងពីរ។

ឯកឧត្តមឯកអគ្គរាជទូតថ្លែងអំណរគុណ ចំពោះការចូលរួមចំណែករបស់លោក លោកស្រី អស់រយៈពេលជាច្រើនឆ្នាំ ហើយឯកឧត្តម ក៏សូមអបអរសាទរដល់លោកស្រី អ៊ុ រ៉ាវី លោក ឯក ប៊ុនថា និងលោក Yamada និងសូមឱ្យលោក លោកស្រីកាន់តែរីកចម្រើន និងជោគជ័យបន្ថែមទៀត។ ឯកឧត្តមសង្ឃឹមថា បុគ្គលឆ្នើមទាំង៣រូប ដែលបានទទួលលិខិត សរសើរនៅក្នុងថ្ងៃនេះ សូមបន្តស្នាដៃ ដើម្បីជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរថែមទៀត៕

ដោយ ប៉ាល់ សុង