តំណាង​សហគមន៍តំបន់​ការ​ពារ​ធម្ម​ជាតិ​ ក្នុងខេត្ដមណ្ឌលគិរី ចុះកិច្ចព្រមព្រៀងស្តីពី​ការ​គ្រប់គ្រងសហគមន៍​ជាមួយក្រសួងបរិស្ថាន

AKP ​មណ្ឌល​គិរី​ ថ្ងៃ​ទី​២០ ខែ​ធ្នូ​ ឆ្នាំ​២០១៩ — តំណាង​សហគមន៍​មក​ពី​សហគមន៍​តំបន់​ការ​ពារ​ធម្ម​ជាតិ​ចំនួន១២ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច​ ស្រែ​ពក និង​កែវ​សីមា ក្នុង​ខេត្ត​មណ្ឌល​គិរី​ បាន​ចុះ​ហត្ថ​លេខា​កិច្ច​ព្រម​ព្រៀង​ស្តីពីការ​គ្រប់គ្រងសហគមន៍​តំបន់​ការ​ពារ​ធម្ម​ជាតិ​ជាមួយ​នឹង​អគ្គ​នាយកដ្ឋាន​សហគមន៍​មូល​ដ្ឋាន​ នៃ​ក្រសួង​បរិស្ថាន​។ សមា​ជិក​តំបន់​ការ​ពារ​ធម្ម​ជាតិ​ប្រមាណ​១២,៨០៤ នាក់​ ​ទទួល​បាន​សិទ្ធិ​ស្រប​​ច្បាប់​ពេញ​លេញ​ក្នុង​ការ​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ​ប្រកប​ដោយ​និរន្តរភាព​បន្ទាប់​ពី​ចុះ​ហត្ថ​​លេខា​លើ​កិច្ច​ព្រម​ព្រៀង​តំបន់​ការ​ពារ​ធម្ម​ជាតិ​ជាមួយ​ក្រសួង​បរិស្ថាន​។ ពិធី​ចុះ​កិច្ច​ព្រម​ព្រៀងស្តីពីការគ្រប់គ្រងសហគមន៍​តំបន់​ការ​ពារ​ធម្ម​ជាតិ​នេះ ត្រូវ​ប្រា​រព្ធ​ធ្វើ​ឡើង​នៅ​ភូមិ​អញ្ជរ​ ឃុំ​សុខ​សាន្ត ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គិរី កាលពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ​ ឆ្នាំ​២០១៩។ នេះបើ​យោង​តាមសេចក្ដីប្រកាសព័ត៌មានរបស់​អង្គ​ការ​ WWF-កម្ពុជា។

ក្នុងកិច្ចព្រមព្រៀងនេះ សហគមន៍​តំបន់​ការ​ពារធម្ម​ជាតិ​ដែលទើបប្រកាសទទួល​ស្គាល់​នេះ មានចំនួន១២សហគមន៍ ​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ព្រៃ​ឈើ​ទំហំ​ ៤៤.១៣៩ ហិកតា​ ហើយ​មាន​សមាជិក​សហគមន៍​ប្រមាណ​ជា​ ១២.៨០៤ នាក់ (៤៦ភាគរយ ជា​ស្ត្រី​) នឹង​ទទួល​បាន​សិទ្ធិ​ស្រប​ច្បាប់​ពេញ​លេញភាព​ជា​ម្ចាស់ និង​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ​ប្រកប​​​​ដោយ​និរន្ត​រភាព​នៅ​ក្នុង​សហគមន៍​របស់ខ្លួន​។ សហគមន៍ ​អាច​រៀប​ចំ​បង្កើត​ និង​អនុវត្តន៍​​ផែន​ការ​សម្រាប់​ការ​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ​នៅ​ក្នុង​តំបន់សហគមន៍ និង​អាច​ប្រើ​ប្រាស់​ធន​ធាន​ទាំង​នេះ​ប្រ​កប​ដោយ​ចីរ​ភាព ដូច​ជា​ការ​ទាញ​ផល​អនុផល​ព្រៃ​ឈើ​ និង​អេ​កូ​ទេស​ចរណ៍ ដោយ​ផ្អែក​លើ​ច្បាប់​តំបន់​ការ​ពារ​។​

លោក ប្រោយ ខ្វើក ប្រធានសហគមន៍តំបន់ការពារត្រពាំង​ក្អើមបានលើកឡើងថា “ការ​ដើរល្បាត មានសារៈសំខាន់សម្រាប់ខ្ញុំណាស់ព្រោះធនធានព្រៃឈើជាឆ្នាំងបាយរបស់​ប្រជា​ជនសហគមន៍ទាំងអស់ ទាំងជំនាន់បច្ចុប្បន្ននិងជំនាន់​ក្រោយៗទៀត”។​ លោកបន្ដថា បច្ចុប្បន្ន​នេះ មាន​សមា​ជិក​ក្រុមល្បាត​សហគមន៍សរុប​ចំនួន​ ៥៧៧ នាក់​ កំពុង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការការ​ពារ​ព្រៃ​ឈើ​ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច និង​ស្រែ​ពក​។ ក្រៅ​ពី​ការ​ទាញ​ផល​អនុផល​ព្រៃ​ឈើ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​សហគមន៍​ និង​ការ​ចិញ្ចឹម​ជី​វិត​ សមា​ជិក​សហគមន៍​តំបន់​ការ​ពារ​ធម្ម​ជាតិ​ ក៏​បាន​សហការ​ជា​មួយមន្រ្តី​អនុវត្តន៍​ច្បាប់របស់ក្រសួងបរិស្ថាន​និង​អាជ្ញាធរ​ដែនដី ដើម្បី​ដើ​រ​ល្បាត​ព្រៃ ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ និងប្រមូល​អន្ទាក់​សត្វ​ព្រៃ​​នៅ​ក្នុងតំបន់របស់​​សហគមន៍​តំបន់​ការ​ពារ​របស់​ពួក​គាត់​ផង​ដែរ​។

លោក ឈឹម កាន​ អភិបាលរងខេត្ត​មណ្ឌល​គិរី បានឱ្យដឹងដែរថា ខេត្ត​មណ្ឌល​គិរី​សម្បូរ​ទៅ​ដោយធនធាន​ព្រៃ​ឈើ​ និង​ធន​ធាន​ជីវចម្រុះដ៏សម្បូរបែប​ ហើយជា​ជម្រក​សត្វព្រៃសំខាន់ៗ​ដែលជាប្រភេទសត្វ​រង​គ្រោះ​ថ្នាក់ជា​សកល​ជា​ច្រើន​ដូច​ជា សត្វ​ទន្សោង ខ្លា​រខិន ដំរី​អា​ស៊ី​ ខ្ទីង​ រមាំង​ ក្ងោក​ និង​ត្រយង​យក្ស​។ លោកអភិបាលរងខេត្ដបានបន្ថែមថា យើង​ត្រូវ​តែ​ពួត​ដៃ​គ្នា​ក្នុង​ការ​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ​ដ៏​មាន​តម្លៃ​ទាំង​អស់​នេះ​ ហើយ​សហគមន៍​ជាបេះ​ដូង​នៃ​កិច្ច​សហ​ការ​រួម​គ្នា​នេះ​។

​លោក សេង​ ទៀក នាយក​អង្គ​ការ​ WWF-កម្ពុជា បានគូសបញ្ជាក់ថា គោល​បំណង​សំខាន់​នៃ​ការ​បង្កើត​សហគមន៍​តំបន់​ការ​ពារ​ធម្ម​ជាតិ​ គឺ​ដើម្បី​ជួយ​ពង្រឹង​និង​បង្កើន​ប្រសិទ្ធភាព​គ្រប់​គ្រង​ធន​ធាន​ព្រៃ​ឈើ​ ជីវៈ​ចម្រុះ​ និង​សត្វ​ព្រៃ​ ក្នុង​តំបន់​ការ​ពារ​ធម្ម​ជាតិ និង​ទទួល​ស្គាល់​សិទ្ធិ​ជា​ម្ចាស់​និង​តួនាទី​ស្រប​ច្បាប់​លើ​ការ​គ្រប់​គ្រង​ ការ​ចាត់​ចែង​ និង​ការ​ប្រើ​ប្រាស់​ធន​ធាន​រួម​របស់​សហគមន៍​ប្រកប​ដោយ​និរន្តរ​ភាព​ និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​។​ ​លោកបានបន្ដថា អង្គ​ការ​ WWF-កម្ពុជា បាន​គាំ​ទ្រ​ និង​សហការយ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​បរិស្ថាន មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិរី​ និង​អង្គ​ការ​ដៃ​គូ​នានា​ ក្នុង​ការ​រៀប​ចំ​ និង​ជួយ​ពង្រឹង​សហគមន៍​តំបន់​ការ​ពារ​ធម្ម​ជាតិ​ទាំង​​នេះ​ តាម​រយៈ​​ការ​ជួយ​អន្តរា​គមន៍​ទប់​ស្កាត់​បទ​ល្មើស​នានា ជួយ​សម្រប​សម្រួល​រៀប​ចំ​ចង​ក្រង​រចនា​សម្ព័ន្ធ​ លក្ខន្តិកៈ​សហគមន៍​ ជួយ​វាយ​តម្លៃ​លើ​ធន​ធាន​ដែល​មាន​ក្នុង​តំបន់​ និង​កំណត់​ព្រំ​សីមា។​ ទន្ទឹមនេះ ជួយ​រៀប​ចំ​ផែន​ការ​គ្រប់​គ្រង​តំបន់​សហគមន៍​ ផ្តល់​សម្ភារ ឧបករណ៍​ចំបាច់​សម្រាប់​ការ​គ្រប់​គ្រង​ និង​ការ​កែ​ឆ្នៃ​ផល​អនុផល​ព្រៃ​ឈើ​ ផ្តល់​ការ​បណ្តុះ​បណ្តាល​សមត្ថ​ភាព​លើ​ជំនាញ​ជា​ច្រើន​ ដល់​សមា​ជិក​សហគមន៍​ ផ្តល់​ការ​គាំ​ទ្រ​ហិរញ្ញ​ប្ប​ទានខ្នាត​តូច​ជូន​​សហគមន៍​នីមួយ​ៗ សម្រាប់​ការ​អនុវត្ត​ផែន​ការ​គ្រប់​គ្រង​សហគមន៍​តំបន់​ការ​ពារ​ធម្ម​ជាតិ​។

លោក​ជំ​ទាវ ម៉ុម​ ថានី រដ្ឋ​លេខា​ធិការ​​ក្រសួង​បរិស្ថាន​បានមាន​ប្រសាសន៍ថា ក្រសួង​បរិស្ថាន​សូម​សម្តែង​នូវ​ការ​គាំ​ទ្រ​ និង​ចូល​រួម​យ៉ាង​សកម្ម​ជាមួយ​ស្ថា​ប័ន​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត នៅ​ក្នុង​ដំណើរ​ការ​រៀប​ចំ​ និង​អនុវត្តន៍​ការ​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ​ដោយ​សហគមន៍​នៅ​ក្នុង​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា​។ លោកជំទាវបានចាត់ទុកសហគមន៍​មូល​ដ្ឋាន​​ គឺ​ជា​កម្លាំងចលករ​មួយ​ដែល​បាន​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ​ប្រកប​ដោយ​ចីរ​​ភាព​ ព្រោះ​ថា​សហគមន៍​មូល​ដ្ឋាន​គឺ​ជា​អ្នក​ដែល​​​រស់​នៅ​ក្នុង​ និង​ក្បែរ​តំបន់​ការ​ពារ​​ធម្ម​ជាតិ​ ដោយ​ពឹង​អាស្រ័យ​​ដោយផ្ទាល់លើ​ធន​ធាន​ធម្ម​ជាតិ​ក្នុង​ការ​ទ្រ​ទ្រង់​ជីវ​ភាព​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​សម្រាប់​រយៈ​ពេល​យូរ​អង្វែង​​។”

គួររម្លឹកដែរថា រហូតមកដល់បច្ចុ​ប្បន្ន​ ​សហគមន៍​តំបន់​ការ​ពារ​ធម្ម​ជាតិទាំងអស់​ក្នុង​ដែនជម្រកសត្វព្រៃភ្នំព្រេច ស្រែពក និងកែវសីមា សរុបមាន​ចំនួន​១៩សហគមន៍ ដែលគ្រប​ដណ្តប់​លើ​ផ្ទៃ​ដី​ព្រៃ​ទំហំ​៦០,៧៩៩ ហិកតា​។ សមាជិក​សហគមន៍​ប្រមាណ​ជា ១៥,០០០ (៤២ភាគរយ ជា​ស្ត្រី​) ដែល​មក​ពី​សហគមន៍​តំបន់​ការ​ពារ​ទាំង ១៩ ​ បានពឹងអាស្រ័យ​ផល​អនុ​ផល​ព្រៃ​ឈើ​ដោយ​ផ្ទាល់​។ សម្រាប់សហគមន៍​តំបន់​ការ​ពារ​ធម្ម​ជាតិ​នីមួយ​ៗ នៃ​សហគមន៍​តំបន់​ការ​ពារ​ធម្ម​ជាតិ​ទាំង​ ១៩ នោះ​ អាច​រក​ប្រាក់​ចំណូល​បាន​១៤,៦០០ ដុល្លា​រ​អា​ម៉េរិក ក្នុង​មួយ​ឆ្នាំ​ៗ ពី​ផលិត​ផល​អនុផល​ព្រៃ​ឈើ ដូច​ជា​ ការ​ឆ្នៃ​ឫស្សី​ ការ​យក​ទឹក​ឃ្មុំ​ព្រៃ ជ័រ​ទឹក និង​ជ័រ​ចុង បន្លែព្រៃ ផ្សិត និងផ្លែឈើព្រៃ​៕

ដោយ រិទ្ធី