ការប្រកួតកីឡារត់ប្រណាំងកម្សាន្ត ៣-៥គីឡូម៉ែត្រ ប្រកាសបើកជាផ្លូវការ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រ នៅខេត្តកំពត

AKP កំពត ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ — គណៈកម្មការអន្តរក្រសួង រួមជាមួយរដ្ឋបាលខេត្តកំពត បានរៀបចំការប្រកួតកីឡារត់​ប្រណាំង​កម្សាន្ត ៣-៥ គីឡូម៉ែត្រ ដើម្បីអបអរពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩ ដោយមាន​ការអញ្ជើញចូលរួមពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងមានការចូលរួមពីអភិបាលរងខេត្ត មន្ទីរ អង្គភាព​ជុំវិញខេត្ត យុវជន សិស្ស និស្សិត កីឡាកររត់ប្រណាំង សរុបប្រមាណ១.០០០នាក់។ ពិធីនេះ បានប្រកាសបើកជាផ្លូវការ នាព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៩ ដែលបានធ្វើឡើងឡើង នៅ ខេត្ដកំពត និងជាថ្ងៃដំបូងនៃពិធីបុណ្យសមុទ្រ។ នេះបើយោងតាមក្រសួងទេសចរណ៍។ ពិធីបុណ្យសមុទ្រឆ្នាំ២០១៩នេះ គឺមានរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ ដែលមានសកម្មភាព និងព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដូចជា ការរៀបចំ​សិក្ខាសាលា ពិធីសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍ ពិធីដាំដើមឈើ សកម្មភាព​កីឡាជាច្រើនប្រភេទ ការតាំងពិព័រណ៍សមិទ្ធផល គម្រោងអភិវឌ្ឍន៍ និងផលិតផលខ្មែរ ការសម្ពោធវិថីលក់ម្ហូបអាហារ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការសម្ដែងទស្សនីយ​ភាព​សិល្បៈកម្ពុជា និងសិល្បៈបរទេស ការប្រគំតន្ត្រី និងកំប្លែង និងសកម្មភាពនានាជាច្រើន​ទៀត។

សូមបញ្ជាក់ផងដែរ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ស្អែកនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញចូលរួមជាអធិបតី​ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកជាផ្លូវការបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩ នៅខេត្តកំពតនេះ៕

ដោយ រិទ្ធី