អភិបាលខេត្តតាកែវអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានត្រូវធ្វើការសម្របសម្រួល និងបង្កភាពងាយស្រួលដល់សមាគម និងអង្គការសង្គមស៊ីវិល

AKP តាកែវ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ –កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩​ ​នៅសាលប្រជុំ​សាលាខេត្តតាកែវ មានរៀបចំបើកវេទិកាពិគ្រោះយោបល់លើកទីពីរ រវាងរដ្ឋបាលខេត្តតាកែវ និងសមាគម អង្គការសង្គមស៊ីវិល ដែលកំពុងប្រតិបត្តិការនៅក្នុងខេត្តតាកែវ ។ វេទិកានេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម​ អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក ទាំង១០ មន្ត្រីរាជការនិងតំណាងអង្គការសង្គមស៊ីវិល សមាគមសរុបប្រមាណ ១៥០នាក់។

ឯកឧត្តម អ៊ូច ភា បានធ្វើការអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានត្រូវធ្វើការសហការសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់បណ្តាសមាគម និងអង្គការសង្គមស៊ីវិលដែលកំពុងប្រតិបត្តិការនៅក្នុងខេត្តតាកែវ។ ដោយអនុញ្ញាតឱ្យធ្វើសកម្មភាពដោយសេរីគ្មានការគំរាមកំហែង និងមិនលំអៀងស្របតាមច្បាប់ស្តីពីសមាគមនិងអង្គការមិន មែនរដ្ឋាភិបាល និងច្បាប់បទដ្ឋានគតិយុត្តិនានាដែលបានចែង។

ឯកឧត្តម អ៊ូច ភា មានប្រសាសន៍បន្តថា បច្ចុប្បន្នសមាគម និងអង្គការមិនមានរដ្ឋាភិបាលទាំងនេះ មានសិទ្ធិសេរីភាពពេញលេញ ក្នុងការធ្វើសកម្មភាពស្របតាមច្បាប់ជាធរមាន។ ដោយគ្មានការហាមឃាត់ ឬរារាំងនិងមិនតម្រូវឱ្យជូនដំណឹងជាមុនក្នុងរយៈពេលយ៉ាងតិច ៣ថ្ងៃទៅអាជ្ញាធរមូលដ្ឋានឡើយ។ ដូច្នេះមន្ត្រីពាក់ព័ន្ធរួមនឹងអាជ្ញាធរមូលដ្ចានត្រូវជួយសម្របសម្រួលឱ្យសមាគម និងអង្គការសង្គមស៊ីវិលធ្វើកិច្ចការពាក់ព័ន្ធនឹងវិស័យអប់រំ សុខភាព ជាពិសេសធ្វើការលើកស្ទួយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋឱ្យទទួលបានជោគជ័យ។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្ថែមថា ដើម្បីលើកម្ពស់និងពង្រឹងលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋ និងលំហ នយោបាយនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតលើចំណុចមួយចំនួនដូចជា ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ជាពិសេសអនុញ្ញាតឱ្យបុគ្គលដែលជាប់បម្រាបធ្វើសកម្មភាពនយោបាយឱ្យចាប់ផ្តើមធ្វើសកម្មភាពឡើងវិញតាមរយៈការទៅសុំនៅក្រសួងមហាផ្ទៃ។ លើកកម្ពស់ភាពជាដៃគូពិតប្រាកដជាមួយអង្គការសង្គមស៊ីវិល​វិធានការដោះស្រាយពាក់ព័ន្ធសិទ្ធិការងារ និងសហជីព។ ការលើកតម្កើងសេរីភាពសារព័ត៌ មាន និងសេរីភាពក្នុងការបញ្ចេញមតិ ស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់នានា។

ឯកឧត្តម អ៊ូច ភា បានសង្កត់ធ្ងន់ថា ក្នុងនាមយើងជាអាជ្ញាធរមូលដ្ឋានមានតួនាទីដោះស្រាយរាល់បញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តនិងសមាគម អង្គការមិនមានរដ្ឋាភិបាលឱ្យមានភាពល្អប្រសើរ និងធ្វើឱ្យខេត្តឈានទៅរកភាពរីកចម្រើន៕

ដោយ អ៊ុច  សៀង