សម្ដេចតេជោ ហ៊ុន សែន៖ សុខសន្តិភាព និងភាពរឹងមាំនៃកំណើនសេដ្ធកិច្ចជាតិ បង្ហាញ ច្បាស់ថាកម្ពុជាកំពុងធ្វើដំណើរលើផ្លូវត្រូវពិតប្រាកដ

AKP ភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមាន​ប្រសា​ស​ន៍​ថា សុខសន្តិភាព និងភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចជាតិសព្វថ្ងៃ គឺ​បានបង្ហាញច្បាស់ថា​កម្ពុ​ជា​​យើងកំពុងធ្វើដំណើរលើផ្លូវត្រូវពិតប្រាកដ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចតេ​ជោ​បា​​ន​សរសេរថា នៅសល់តែ១១ថ្ងៃទៀត ឆ្នាំថ្មី ២០២០ នឹងមកដល់។ សុខសន្តិភាព និង​ភាពរឹង​មាំ​នៃកំណើនសេដ្ឋកិច្ចជាតិសព្វថ្ងៃ គឺបានបង្ហាញច្បាស់ថាកម្ពុជាយើង​កំពុងធ្វើ​ដំណើរ​លើផ្លូវ​ត្រូវ​ពិតប្រាកដ។ សម្ដេចតេជោបានបញ្ជាក់ថា “ខ្ញុំសូមយកឱកាសនេះថ្លែងនូវអំណរ គុណយ៉ាងជ្រាលជ្រៅ​បំផុតដល់សប្បុរ​ជ​ន​​ទាំងអស់ ក្រុមហ៊ុនឯកជននានា អង្គការ សមាគម ទាំងក្នុងនិងក្រៅប្រទេស​ដែលបាន​ចូ​ល​រួ​ម​វិភាគ​ទានជាសម្ភារ និងថវិកាក្នុងការសាងសង់មន្ទីរ ពេទ្យកាល់ម៉ែតរបស់​កម្ពុជាឱ្យ​ក្លាយជា​មន្ទីរ​ពេទ្យគំរូជាតិឈានមុខនៅកម្ពុជា ដើម្បីបម្រើសេវា សុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋ​ឱ្យ​កា​ន់តែមានប្រសិទ្ធភាពខ្ពស់បំផុត។

ទន្ទឹមនេះដែរ សម្ដេចតេជោក៏សូមអរគុណដល់បងប្អូន និងកូនក្មួយ​ទាំង​ក្នុង និងក្រៅ​ប្រទេស ដែលបានផ្ញើសារចូលរួមផ្តល់នូវកម្លាំងចិត្ត​ និងក្តីស្រឡាញ់រាប់​អា​ន​ដល់សម្ដេច និង​ក្រុមគ្រួសារក្នុងពេលដ៏លំបាកបំផុតនេះ ហើយព្រមទាំងបានជូនពរដល់​ម្តាយក្មេករបស់​សម្ដេច​ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតឱ្យបានឆាប់ជាសះស្បើយ ដើម្បី​ជា​ម្លប់​ដ៏​ក​ក់ក្តៅ​សម្រាប់កូនចៅទាំងអស់គ្នា។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជូនពរដល់បងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់​មា​នសុខភាពល្អ និងជួបតែសេចក្តីសុខ និងសំណាងល្អជានិច្ច ជាពិសេសនៅក្នុងឆ្នាំថ្មី ២០២០ ខាងមុខនេះ៕

ដោយ ជឹម ណារី