បងប្អូនជនពិការដៃ-ជើងនៅខេត្តព្រះវិហារ ត្រូវបានក្រុមវេជ្ជសាស្រ្តសហរដ្ឋអាមេរិក ជួយព្យាបាលតដៃ-ជើងសិប្បនិម្មិតដោយឥតគិតថ្លៃ

AKP ព្រះវិហារ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ –ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបិទកម្មវិធីចុះពិនិត្យ និងព្យាបាលជូនដល់ជនពិការដៃ-ជើង និងការតដៃ-ជើងសិប្បនិម្មិតចំនួន៧៩នាក់ ដោយឥតគិតថ្លៃនៅខេត្តព្រះវិហារ កាលពីថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។

ពិធីនេះរៀបចំដោយសមាគមដើម្បីសុខភាពប្រជាជន សហការជាមួយក្រុមវេជ្ជសាស្រ្តមកពីសាកលវិទ្យាល័យ Marcer សហរដ្ឋអាមេរិក ក្រោមការគិតគូរយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមទេសរដ្ឋមន្រ្តី មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ និងឧបត្ថម្ភគាំទ្រដោយឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ ។

លោក គោស៊ុំ ប៊ុនសឿត បានថ្លែងអំណរគុណដល់ឯកឧត្តមទេសរដ្ឋមន្រ្តី មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហា និងជាពិសេសដោយមានការជួយឧបត្ថម្ភ គាំទ្រពីឯកឧត្តម សួស យ៉ារ៉ា ដែលតែងតែគិតគូរជានិច្ច សុខទុក្ខរបស់ដល់បងប្រជាពលរដ្ឋខេត្តព្រះវិហារ បានដឹកនាំក្រុមវេជ្ជសាស្រ្តអាម៉េរិកមកពិនិត្យ និងព្យាបាលការតដៃ-ជើងសិប្បនិម្មិតដោយមិនគិតថ្លៃជូនបងប្អូនពិការនៅខេត្តព្រះវិហារនាឱកាសនេះ ។ 

ឯកឧត្តម សួស យ៉ារ៉ា បានមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាពីអតីតកាលទទួលរងនូវភ្នក់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំ ជាពិសេសបន្ទាប់ពីថ្ងៃរដ្ឋប្រហាររបបលន់ នុល នាំឱ្យវិនាសកម្មដ៏ធំរហូតមាននូវរបបប្រល័យពូជសាសន៍ ប៉ុល ពត បានធ្វើឱ្យប្រជាជនកម្ពុជាទទួលរងទុក្ខវេទនាពីសង្គ្រាម បន្សល់នូវស្រ្តីមេម៉ាយ កុមារកំព្រា និងភាគច្រើនធ្វើឱ្យខ្លួនក្លាយជាជនពិការដៃជើង ក៏ដូចជា រាងកាយជាច្រើននៅទូទាំងប្រទេស ។​ ក្រោយពីទទួលបាននូវសុខសន្តិភាពក្រោមគោលនយោបាយឈ្នះ ឈ្នះ ដឹកនាំសម្តេចតេជោ ហ៊ុន សែន យើងទទួលបានទាំងសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ លើសពីនេះទៀតការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសជនពិការនៅទូទាំងប្រទេសត្រូវបានលើកកម្ពស់ និងផ្តល់ឱកាសខ្ពស់ក្នុងការចូលរួមអភិវឌ្ឍន៍ជាតិ តាមរយៈការដាក់ចេញនូវគោលនយោបាយ លើកកម្ពស់ជនពិការ ការលើកទឹកចិត្តក្នុងការចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ និងឯកជនផងដែរ ។

ឯកឧត្តម សួស យ៉ារ៉ា បានបន្តថា លើសពីនេះជនពិការជានិវត្តន៍ជន ទទួលបានការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ ជាក់ស្តែងនាពេលនេះយើងទទួលបានការពិនិត្យ និងព្យាបាល ការតដៃ-ជើងសិប្បនិម្មិតដោយមិនគិតថ្លៃពីសំណាក់ក្រុមវិជ្ជសាស្រ្តសាកលវិទ្យាល័យ Marcer សហរដ្ឋអាមេរិក ក្រោមការដឹកនាំឯកឧត្តមទេសរដ្ឋមន្រ្តី មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ និងរូបខ្ញុំបាទផ្ទាល់ ដែលទាំងនេះបង្ហាញកាន់តែច្បាស់ពីការរួមចំណែកជាមួយរាជរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងធានាបាននូវសុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសជនពិការក្នុងខេត្តព្រះវិហារ។

សូមបញ្ជាក់ថា ក្រុមវេជ្ជសាស្រ្តបានចាប់ដំណើរការអស់រយៈពេល៤ថ្ងៃកន្លងមកហើយ ក្រោមការសម្របសម្រួល និងឧបត្ថម្ភគាំទ្រពីសំណាក់ឯកឩត្តមតំណាងរាស្រ្ត សួស យ៉ារ៉ា លើការពិនិត្យ និងព្យាបាលតដៃ-ជើងសិប្បនិម្មិតជូនជនពិការបានចំនួន ៧៩នាក់ ក្នុងនោះរួមមានតដៃ-ជើងសិប្បនិម្មិតដោយឥតគិតថ្លៃជូនជនពិការខេត្តព្រះវិហារ​។ ក្នុងពិធីនោះដែរឯកឧត្តមសួស យ៉ារ៉ា បាននាំយកនូវភេសជ្ជៈ និងថវិកាមួយចំនួនជូនជនពិការ និងអ្នកចូលរួមផងដែរ ៕

ដោយ ទិត ស្រ៊