សហគមន៍​តំបន់​ការ​ពារ​ធម្ម​ជាតិ ចំនួន​ ១២បានចុះ​កិច្ច​ព្រម​ព្រៀង​ តំបន់​ការ​ពារ​ធម្ម​ជាតិ ជាមួយក្រសួងបរិស្ថាន

AKP មណ្ឌលគិរី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ –សហគមន៍​តំបន់​ការ​ពារ​ធម្ម​ជាតិ (CPAs) ចំនួន​ ១២ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច ស្រែ​ពក និង​កែវ​សីមា​ ខេត្តមណ្ឌលគិរី បាន​ចុះ​កិច្ច​ព្រម​ព្រៀង​តំបន់​ការ​ពារ​ធម្ម​ជាតិ​ជា​ផ្លូវ​ការ​ជា​មួយ​​អគ្គ​នាយក​ដ្ឋាន​សហគមន៍​មូល​ដ្ឋាន​ ដែល​ក្នុង​ពិធី​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ភូមិ​អញ្ជរ ឃុំ​សុខ​សាន្ត ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គិរី​ នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៩​ ដោយ​មាន​ការ​សហការ​រៀប​ចំ​ដោយ​អង្គ​ការ WWF-កម្ពុជា មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិរី​ និង​អង្គ​ការ​ដៃ​គូ​។

ការ​ចុះ​ហត្ថ​លេខា​ព្រម​ព្រៀង​រវាង​សហគមន៍​តំបន់​ការ​ពារ​ធម្ម​ជាតិ និង​ក្រសួង​បរិស្ថាន​នេះ គឺ​ដើម្បី​ផ្តល់​សិទ្ធិ​ស្រប​ច្បាប់​ពេញ​លេញ ​ទៅ​ឱ្យ​សហគមន៍​តំបន់​ការ​ពារ​ធម្ម​ជាតិ​ ក្នុង​ការ​រៀប​ចំ​ និង​អនុវត្តន៍​ផែន​ការ​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ​ប្រកប​ដោយ​និរន្តរ​ភាព​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន​ ស្រប​តាម​ច្បាប់​តំបន់​ការ​ពារ​ របស់​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​។  នៅ​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​​នេះ​ មាន​អ្នក​ចូល​រួម​ប្រមាណ​ជាង ៥០០នាក់​ ដែល​ក្នុង​នោះ​រួម​មាន​​តំណាង​សហគមន៍​ មក​ពីសហគមន៍​តំបន់​ការ​ពារ​ធម្ម​ជាតិ​ទាំង​ ១២ តំណាង​មក​ពី​​ក្រសួង​បរិស្ថាន មន្ទីរ​បរិស្ថាន​ មន្ទីរ​ពាក់​ព័ន្ធ​នានា​ក្នុង​ខេត្ត​មណ្ឌល​គិរី​ រដ្ឋបាល​ខេត្ត​មណ្ឌល​គិរី​​ អាជ្ញា​ធរ​មូល​ដ្ឋាន​ និង​អង្គ​ការ​ដៃ​គូ​។

​ពិធី​ចុះ​ហត្ថ​លេខា​​នេះបានប្រព្រឹត្តទៅ​ក្រោមអធិបតីភាព​ លោក​ជំទាវ ម៉ុម ថានី រដ្ឋ​លេខា​ធិការ​ក្រសួង​បរិស្ថាន ឯក​ឧត្តម​ រ័ត្ន​ វីរៈ អនុរដ្ឋ​លេខា​ធិការ​ក្រសួង​បរិស្ថាន​ ឯក​ឧត្តម​ ខៀវ បូរិន អគ្គ​នាយក នៃ​អគ្គ​នាយក​ដ្ឋាន​សហគមន៍​មូល​ដ្ឋាន​ លោក​ ឈឹម​ កាន អភិបាល​រងខេត្ត​មណ្ឌល​គិរី លោក​កែវ សុភគ៌​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិរី​ និង​លោក​ សេង ទៀក​ នាយក​អង្គ​ការ​ WWF-កម្ពុជា​។

ពិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សហគមន៍​តំបន់​ការ​ពារ​នេះ ​ប្រារព្ធ​ធ្វើឡើងដោយ​មាន​ការ​គាំ​ទ្រ​ពី​ សហភាពអឺរ៉ុប (EU) ទី​ភ្នាក់​ងារ​សហរដ្ឋ​អា​មេរិក USAID ជំនួយ​ប្រទេស​អា​ល្លឺម៉ង់​ BMZ GEF និង​កម្ម​វិធី​បរិស្ថាន​របស់​អង្គ​ការ​សហប្រជា​ជាតិ UN Environment តាម​រយៈ​គម្រោង​កាំ​ប៉ាស់​ (CAMPAS) ៕

ដោយ ណយ នឿន (ប្រភពៈWWF)