សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០១៩

AKP ព្រះវិហារ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ — ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានអញ្ជើញចូលរួមក្នុងពិធីប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០១៩ ក្រោមប្រធានបទ « ស្ម័គ្រចិត្តដើម្បីអនាគតប្រកបដោយបរិយាប័ន្ន»(Volunteer For Inclusive Future)នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ កាលពីថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង ស្រុក អ្នកស្ម័គ្រចិត្ត ប្រធានកិត្តិយសក្លិប ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ១២០នាក់ ។

ឯកឧត្ដម ប្រាក់ សុវណ្ណ មានប្រសាសន៍ថា ការងារស្ម័គ្រចិត្ត ជាឆ្អឹងខ្នងរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងជាកម្លាំងប្រតិបត្តិករមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ។​ ឯកឧត្ដម បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ថ្លែងអំណរគុណ និង កោតសរសើរយ៉ាងជ្រាលជ្រៅចំពោះអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានបរិច្ចាគធនធាន ពេលវេលាកម្លាំងកាយចិត្ត ចូលរួមចំណែកជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សានានា ។

ឯកឧត្ដមអភិបាលខេត្ត បញ្ជាក់បន្ថែមទៀតថា ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត គឺជាការលើកកម្ពស់ការចូលរួមដោយស្ម័គ្រចិត្ត ក្នុងការងារមនុស្សធម៌របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ។ ទិវានេះបានផ្តោតលើគុណតម្លៃនៃការងារស្ម័គ្រចិត្ត ដែលជាឆ្អឹងខ្នងរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងជាកម្លាំងប្រតិបត្តិករមនុស្សធម៌ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ ជាក់ស្តែងកាកបាទក្រហមកម្ពុជា បានពង្រឹង និងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្តបានរហូតដល់ជាង ៤ម៉ឺននាក់នៅទូទាំងប្រទេស ដែលសុទ្ធតែជាកម្លាំងមិនអាចខ្វះបានក្នុងការផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់អ្នករងគ្រោះ និងងាយរងគ្រោះបំផុតបានទាន់ពេលវេលា និងនៅគ្រប់ទីកន្លែង​ ៕

ដោយ ទិត ស្រ៊