រដ្ឋបាលរាជធានីភ្នំពេញកែសម្រួលតំបន់ក្តាន់ពីរឱ្យទៅជារង្វង់មូលដើម្បីរំដោះចរាចរណ៍

AKP ភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ — រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចកែសម្រួលតំបន់ក្តាន់ពីរ (មុខក្រសួងអភិឌ្ឍន៍ជនបទ) ឱ្យទៅជារង្វង់មូលវិញ ដើម្បីសម្រួលចរាចរណ៍ឱ្យកាន់តែងាយស្រួល ពិសេសឈានទៅកាត់បន្ថយការកកស្ទះចរាចរណ៍។

ក្នុងកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២ ០១៩ ភាគីពាក់ព័ន្ធបានឯកភាពកែសម្រួលលំហូរចរាចរណ៍នៅចំណុចប្រសព្វកា្តន់ពីរឡើងវិញតាមរយៈ ការធ្វើជារង្វង់មូល ដំឡើងភ្លើងស្តុបឱ្យមានភាពស៊ីសង្វាក់គ្នា និងពង្រីកទទឹងផ្លូវប្រវែង ៣ម៉ែត្រកន្លះបន្ថែមទៀតពី មុខទីស្តីការគណៈរដ្ឋមន្រ្តីដល់ស្ពានអាកាសប្រាំមករា (តិចណូ) ដើម្បីរំដោះការកកស្ទះចរាចរណ៍។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គម្រោងកែសម្រួលលំហូរចរាចរណ៍នៅតំបន់ក្តាន់ពីរនេះ នឹងត្រូវចាប់ផ្តើមអនុវត្តន៍នៅដើមឆ្នាំ២០២០ ខណៈតំបន់ នេះកំពុងប្រឈមការកកស្ទះចរាចរណ៍ ជារៀងរាល់ថ្ងៃ ដែលរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ តាមរយៈការសិក្សាជាលក្ខណៈវិទ្យាសាស្រ្តរបស់ក្រុមនិស្សិតនៃវិទ្យាស្ថានបច្ចេកទេសកម្ពុជាបានបង្ហាញថា ក្នុងមួយថ្ងៃៗមានយានយន្តប្រមាណជាង៥៣.០០០គ្រឿងបានឆ្លងកាត់នៅលើផ្លូវសហព័ន្ធរុស្ស៊ីត្រង់ចំណុចប្រសព្វក្តាន់ពីរ ខណៈយានយន្តជាង៥ម៉ឺនគ្រឿងទៀតបានចេញដំណើរពីផ្លូវបឹងកក ឆ្លងកាត់ផ្លូវសហព័ន្ធរុស្ស៊ី ដែលធ្វើឱ្យចំណុចនេះ មានការកកស្ទះចរាចរណ៍ជាប្រចំា ។

ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជាមធ្យោបាយចំពោះមុខរដ្ឋបាលរាជធានីភ្នំពេញបាន សម្រេចកែលម្អចរាចរណ៍នៅតំបន់នេះ ដោយត្រូវបង្កើតជារង្វង់មូលត្រង់ចំណុចកា្តន់ពីរ ដែលត្រូវចំណាយតិចហើយស្ថាបនាលឿនរហ័សដោយពុំបាច់រង់ចាំការធ្វើផ្លូវក្រោមដីនោះឡើយ។ ឯកឧត្តមក៏បានពន្យល់អំពីមូលហេតុមួយចំនួនដែលធ្វើឱ្យចរាចរណ៍ នៅ ត្រង់ចំណុចប្រសព្វក្តាន់ពីរនេះមានការកកស្ទះជាប្រចាំ។ ការធ្វើចរាចរណ៍ភាគច្រើនពីតំបន់បឹងកកមកមហាវិថីសហព័ន្ធរុស៊ី ដោយសារតែមានការបិទផ្លូវរណបម្ខាង នៅមុខទីស្តីការក្រសួងការពារជាតិ និងប្រព័ន្ធភ្លើងស្តុបមិនទាន់ល្អប្រសើរធ្វើឱ្យលំហូរចរាចរណ៍កកស្ទះខ្លំាង រហូតទៅដល់មុខគណៈរដ្ឋមន្រ្តី ដូច្នេះត្រូវតែដោះស្រាយបញ្ហានេះជាបន្ទាន់ ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងកែលម្អប្រព័ន្ធចរាចរណ៍ឡើងវិញនៅត្រង់ចំណុចប្រសព្វក្តាន់ពីរនេះ អាចធ្វើឱ្យប្រសើរឡើងអំពីលំហូរចរាចរណ៍ នៅតំបន់នេះរហូតដល់ជាង៤០ភាគរយ ខណៈដែលគម្រោងនេះគ្រោងចំណាយថវិកាហូតដល់ជាង ១.៩០០លានរៀល ៕

ដោយសួស សំរិត