ឯកឧត្តម អូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួម  កិច្ចប្រជុំកំពូលរបស់ប្រទេសជាសមាជិក OIC នៅទីក្រុងគូឡាឡាំពួ 

AKP ភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ — នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួល បន្ទុកបេសកកម្មពិសេស និងជាបេសកជនពិសេសតំណាងព្រះរាជាណាចក្រកម្ពុជា​ប្រចាំ អង្គការ​សហប្រតិបត្តិការ​ឥស្លាម (Organization of Islamic Cooperation)  ​“OIC” បានដឹកនាំ គណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលរបស់ប្រទេសជាសមាជិក OIC នៅទីក្រុង គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំនេះរៀបចំដោយរដ្ឋាភិបាលម៉ាឡេស៊ី សហការជាមួយប្រទេសចំនួន៤ទៀតគឺ ប្រទេសកាតា តួកគី ប៉ាគីស្ថាន និងអ៊ីរ៉ង់ ដែលប្រទេសម៉ាឡេស៊ីទទួលធ្វើជាម្ចាស់ផ្ទះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលៗមកពី៥៦ប្រទេស។

កិច្ចប្រជុំនេះមានរយៈពេល២ថ្ងៃ ផ្តោតលើការសាមគ្គីភាពជាធ្លុងមួយ រវាងប្រទេស ឥស្លាមទាំងអស់ តាមរយៈអង្គការសហប្រតិបត្តិការឥស្លាម (OIC) ដោយយកចិត្តទុកដាក់ ខ្ពស់លើការអភិវឌ្ឍ អធិបតេយ្យភាព សុចរិតភាព អភិបាលកិច្ច វប្បធម៌ យុត្តិធម៌ សន្តិសុខ សេរីភាព ពាណិជ្ជកម្ម ការវិនិយោគ ក៏ដូចជាបច្ចេកវិទ្យា និងអ៊ីនធឺណិត ក្រោមរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់ព្រះអង្គម្ចាស់ Sultan Abdullah ព្រះមហាក្ស ត្រនៃប្រទេសម៉ាឡេស៊ី។

សូមបញ្ជាក់ថា   ក្រោយបញ្ចប់កិច្ចប្រជុំនេះ នៅល្ងាចថ្ងៃដដែល ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ នឹងដឹកនាំគណៈប្រតិភូបន្តទៅកាន់ប្រទេសថៃ ដើម្បីចូលរួមសន្និបាតអន្តរ ជាតិហាឡាលថៃ លើកទី៦(Thaila nd Halal Assembly 2019) ផងដែរ៕

ដោយ សួស សំរិត