គណៈកម្មាធិការរួមការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែនក្នុងក្របខ័ណ្ឌមហាអនុតំបន់មេគង្គ បើក កិច្ចប្រជុំ ដើម្បីលើកកម្ពស់ការដឹកជញ្ជូន និងពង្រីកទំហំពាណិជ្ជកម្ម

AKP  ភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ — ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង​លោក Hideaki Iwasaki នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសថៃ បានអញ្ជើញ​ធ្វើ​ជាសហប្រធានបើកកិច្ចប្រជុំចង្អៀតលើកទី៣ នៃគណៈកម្មាធិការរួមការងារដឹកជញ្ជូន​ឆ្លងកាត់ព្រំដែន ក្របខ័ណ្ឌមហាអនុតំបន់មេគង្គ ដើម្បីលើកកម្ពស់ការដឹកជញ្ជូន ឆ្លងកាត់​ព្រំដែន និងពង្រីកទំហំពាណិជ្ជកម្មនៅតាមបណ្ដាប្រទេសជាសមាជិក។​ នេះបើយោងតាម​ក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្នុងកិច្ចប្រជុំចង្អៀតលើកទីបីនៃគណៈកម្មាធិការរួមការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែនក្នុងក្របខណ្ឌមហាអនុតំបន់មេគង្គ (3rd Greater Mekong Subregion Cross Border Transport Facilitation Agreement Joint Committee Retreat) ដែលបានធ្វើឡើងកាលពី​​ថ្ងៃ​ពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីគណៈប្រតិភូជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន មន្ត្រីជាន់ខ្ពស់ និងមន្ត្រីបច្ចេក ទេស មកពីបណ្តាប្រទេសសមាជិកនៃមហាអនុតំបន់មេគង្គ (GMS) រួមមាន៖ ប្រទេសកម្ពុជា ចិន ឡាវ ថៃ មីយ៉ាន់ម៉ា វៀតណាម ធនាគារអភិវឌ្ឍន៍អាស៊ី និងវិទ្យាស្ថានមេគង្គ។

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​មានប្រសាសន៍ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនមន្រ្តីជាន់ខ្ពស់ និងអ្នកជំនាញ នាពេល នេះ នឹងជំរុញឱ្យមានទំនាក់ទំនងកាន់តែប្រសើរឡើង ក្នុងចំណោមប្រទេសជាសមាជិក GMS និងជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នាបន្ថែមទៀត ក្នុងការសម្របសម្រួល និងការលើកកម្ពស់ ការដឹកជញ្ជូនសំដៅបង្កើនបរិមាណការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ពង្រីកទំហំពាណិជ្ជកម្ម ទាក់​​ ទាញការវិនិយោគផ្ទាល់ពីបរទេស ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការរួមនៃកិច្ចព្រមព្រៀង CBTA លើកទី៧ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ យើង​បាន​ទទួលស្គាល់ថា ការកាត់បន្ថយឧបសគ្គមិនមែនរូបវន្តក្នុងការដឹកជញ្ជូន និងពាណិជ្ជកម្ម គឺជា​គន្លឹះក្នុងការជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ។ ឯកឧត្ដមបានបន្ដទៀតថា ជាលទ្ធផលរយៈពេល៩ខែ ចាប់តាំងពីពេលនោះមក យើងបានកត់សម្គាល់ឃើញថា មានការ​រីកចម្រើនមួយចំនួនដូចជាការចាប់ផ្តើមប្រើប្រាស់លិខិតអនុញ្ញាតបណ្តោះអាសន្នសម្រាប់ការដឹកជញ្ជូន ក្រោមអនុស្សរណៈយោគយល់លើការអនុវត្តការប្រមូលផលដំបូងរបស់ CBTA។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទោះបីជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់​សម្រេចបាននៅក្នុងការអនុវត្តកិច្ចព្រមព្រៀង CBTA ក៏ដោយ បញ្ហាប្រឈមថ្មីៗបានកើតឡើង ស្របពេលដែលពិភពលោកកំពុងវិវត្តន៍ទៅជាបដិវត្តន៍ឧស្សាហកម្មទី ៤.០ ដែលតម្រូវឱ្យយើង​មានការច្នៃប្រឌិត ដើម្បីបង្កើតនូវវិធីសាស្រ្តថ្មីៗដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចព្រមព្រៀម CBTA ជាពិសេសយើងមិនត្រូវមើលរំលងកិច្ចសហប្រតិបត្តិការ​និងគំនិតផ្តួចផ្តើមសេដ្ឋកិច្ច​ក្នុងតំបន់ និងអនុតំបន់ ពង្រឹងសម្ព័ន្ធភាពជាមួយគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយ និងសមា​គមសេដ្ឋកិច្ចអាស៊ាន កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ដែលអាចលើកកម្ពស់ការអភិវឌ្ឍវិស័យដឹកជញ្ជូនប្រកបដោយចីរភាព​នៅក្នុងរដ្ឋសមា​ជិក​នៃមហាអនុតំបន់ទន្លេមេគង្គ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្ថែមថា ប្រទេសកម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះ​ចក្ខុវិស័យរបស់មហាអនុតំបន់ទន្លេមេគង្គ ក្នុងគោលបំណងពង្រឹងវិបុលភាព សមាហរណកម្ម និងសុខដុមរមនាជាមួយបណ្តាប្រទេសសមាជិក GMS។ លើសពីនេះទៀត កម្ពុជា និងវៀត ណាម​ នឹងជួបពិភាក្សាបញ្ហាច្រកទ្វារអន្តរជាតិបាវិត-ម៉ុកបៃ នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៩នេះ និងមានជំនួបទ្វេភាគីនៅទីក្រុងហូជីមិញ ដើម្បីពិភាក្សានិងដោះស្រាយបញ្ហាដឹកជញ្ជូន រវាង ប្រទេសទាំងពីរ។ ជាមួយគ្នានេះ កម្ពុជាក៏នឹងគ្រោងជួបពិភាក្សាជាមួយសមភាគីថៃ​ដើម្បី​ពិភាក្សារកដំណោះស្រាយសម្រាប់ប្រតិបត្តិការបណ្តោះអាសន្ននៃច្រកព្រំដែនស្ទឹងបត់-ច្រក​ទ្វារ​ព្រំដែនបានណនអៀនផងដែរ ខណៈពេលរង់ចាំអគាររដ្ឋបាលព្រំដែនបញ្ចប់ជាស្ថាពរ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យប្រទេសជាសមាជិកGMSទាំងអស់ផ្ដោតលើបញ្ហាសុវត្ថិភាពចរាចរណ៍ជាចម្បង ព្រោះថា តាមរយៈការចេញផ្សាយរបស់អង្គការសហ​ប្រជា​ជាតិក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ពិភពលោកបានបាត់បង់ជីវិតមនុស្សជាង ១,៣ លាននាក់ ដោយ​សារគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ឆ្នាំ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំនាពេលនេះ ព្រមទាំងស្នើឱ្យរដ្ឋសមាជិកទាំងអស់ លើកឡើងនូវកង្វល់ទាំងឡាយណាដែលកើតមានកន្លងមកតាមរយៈការអនុវត្តកិច្ចព្រមព្រៀងនេះ ដើម្បីរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា សំដៅលើកកម្ពស់ការរស់នៅរបស់ បងប្អូន ប្រជាពលរដ្ឋយើង៕

ដោយ រិទ្ធី