វិស័យគណនេយ្យ និងសវនកម្មដើរតួនាទីយ៉ាងសំខាន់ និងជារបៀបវារៈអាទិភាពនៅក្នុងកម្មវិធីកំណែទម្រង់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ — ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា ជាតិគណនេយ្យបានឱ្យដឹងថា នៅក្នុងបរិបទជាតិនិងអន្តរជាតិវិស័យគណនេយ្យ និងសវនកម្ម បានដើរតួនាទីយ៉ាងសំខាន់ និងជារបៀបវារៈអាទិភាពនៅក្នុងកម្មវិធីកំណែទម្រង់សេដ្ឋកិច្ច និង ហិរញ្ញវត្ថុក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការធានាបាននូវគណ នេយ្យភាព តម្លាភាព និងអភិបាលកិច្ចល្អ។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី  “ស្តង់ដារគណនេយ្យសាធារណៈកម្ពុជា មូល ដ្ឋានសាច់​ប្រាក់” នៅភោជនីយដ្ឋានទន្លេបាសាក់២   នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគ​សិ​រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ងី តាយី បានបញ្ជាក់ថា ​រាជរដ្ឋាភិបាលបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ផ្តើមចេញពីការកសាងមូលដ្ឋាន គ្រឹះសម្រា​​ប់ការចុះបញ្ជីការគណនេយ្យ ការរៀបចំ របាយការណ៍ហិរញ្ញវត្ថុ និងការដាក់ របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ​ដោយអនុលោមតាម​ស្មារតី នៃច្បាប់ស្តីពី គណនេយ្យនិងសវនកម្ម ដែលប្រកា​សឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១០១៦/០០៦ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចបានបន្ថែមថា ស្តង់ដារគណនេយ្យ សាធារណៈកម្ពុជា មូលដ្ឋានសាច់ប្រាក់មានចំណុចជាឧត្តមប្រយោជន៍  និងគុណសម្បត្តិ ជាច្រើនដូចជា៖ ១-បង្កើនតម្លាភាពនិងសុក្រឹតភាពនៃឯកសារគណនេយ្យ និងរបាយការណ៍ ហិរញ្ញវត្ថុរបស់ស្ថាប័ន​សាធារណៈ ដែលអាចបង្កើននូវជំនឿទុកចិត្តរបស់ថ្នាក់ដឹកនាំ ក៏ដូចជា ដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដែលបាន​ និងគ្រោង​​ផ្តល់ជំនួយហិរញ្ញវត្ថុនិងបច្ចេកទេស សម្រាប់គាំទ្រ ដល់ការអនុវត្ត និងសម្រេចបាននូវជោគជ័​យ​​​កម្មវិធី​កែទម្រង់​​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបា​លកម្ពុជា។ ២-ជំរុញ​គណនេយ្យភាព និងអភិបាលកិច្ចល្អនៃអង្គភាព។ ៣-បង្កើនគុណភាពនិងសមត្ថភាពធនធានមនុស្សជា​គណនេយ្យករ​​ និងសវនករសាធារណៈ និងលើក​កម្ពស់វិជ្ជាជីវៈគណនេយ្យ និងសវនកម្មក្នុង វិស័យសាធារណៈ និង៤-ជាមូលដ្ឋានព័ត៌មានហិរញ្ញវត្ថុតែមួយគត់ក្នុងការបង្ហាញរបា​យ​ការណ៍ហិរញ្ញវត្ថុរបស់រដ្ឋ។

ឯកឧត្តមក៏បានបញ្ជាក់បន្ថែមផងដែរថា ក្រុមប្រឹក្សាជាតិគណនេយ្យ បាន និងកំពុងផ្តោត ការយកចិត្តទុកដាក់ខ្ពស់លើ “យុទ្ធសាស្រ្តនៃការកែ ទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨ – ២០២៥” ប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ជាពិសេស កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី ២ ដែលមានគោលដៅចម្បង គឺ “ការបង្កើនគណ​នេយ្យ​ភា​ពហិរញ្ញវត្ថុ” ដែលផ្តោតជាសំខាន់លើការរៀបចំ ការកែលម្អ ព្រមទាំងការពង្រឹងការកត់ត្រា ការរៀប​ចំបញ្ជីការគណនេយ្យ និងការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុ ឱ្យបានកាន់តែត្រឹមត្រូវ, ច្បាស់​លា​ស់​, សុក្រឹត និងទាន់ពេលវេលាស្របតាមស្តង់ដារ គណនេយ្យសាធារណៈដែលមានជាធរមាន។

ទន្ទឹ​ម​នឹងនេះ ផ្សាភ្ជាប់ជាមួយកម្មវិធីកែទម្រង់ ដំណាក់កាលទី៣ និងទី៤ គឺការបន្ត ពង្រឹងគណ​នេយ្យភាពហិរញ្ញវត្ថុតាមរយៈការពង្រឹងប្រព័ន្ធរៀបចំរបាយការណ៍ និងគណនេយ្យ ភាពហិរញ្ញវត្ថុ ដើ​ម្បីឈានទៅរក គណនេយ្យភាពសមិទ្ធកម្ម ដែលរំពឹងថា នឹងសម្រេចការអនុវត្ត នៅឆ្នាំ២០២៥។ ការងា​រ​នេះ ត្រូវបានអមដោយសមាសធាតុដែលមាន អន្តរទំនាក់ទំនងដទៃទៀត ជាអាទិ៍ ការកៀរគរចំណូ​ល, ប្រព័ន្ធ​FMIS, ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ, ការគ្រប់គ្រងលំហូរ សាច់ប្រាក់ និងកិច្ចបញ្ជីការគណ​នេយ្យ និងរបាយការណ៍​ហិរញ្ញវត្ថុ។ សមាសធាតុទាំងនេះ ជាបច្ច័យយ៉ាងសំខាន់ដើម្បីសម្រេចគោលបំណងនៃការ កែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុ សាធារណៈ៕

ដោយ គង់ សិរីរ័ត្ន