គណៈប្រតិភូសភាកម្ពុជាធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញ បន្ទាប់ពីទទួល ជោគជ័យក្នុងកិច្ចប្រជុំមហាសន្និបាតសភាតំបន់អាស៊ីលើកទី១២

AKP ភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ — គណៈប្រតិភូសភាកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ក្រោយទទួលបានជោគជ័យក្នុងកិច្ចប្រជុំមហាសន្តិបាតសភាតំបន់អាស៊ីលើកទី១២ នៅសាធារណរដ្ឋតួកគី គីចាប់ពីថ្ងៃទី១២ ដល់ថ្ងៃ​ទី១៨​ខែធ្នូ ឆ្នាំ២០១៩កន្លងមកនេះ។

ឯកឧត្ដម ឈិត គឹមយាត អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិ​ការ​អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភាបានឱ្យដឹងក្នុងសន្និសីទសារព័ត៌មាន កាល​ពី​ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅព្រលានយន្តអន្តរជាតិភ្នំពេញបានគូសបញ្ជាក់ថា នៅក្នុង​កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត ក្រោមមូលបទ “តួនាទីកិច្ចសហប្រតិ​បត្តិការ​ពុហ​ភាគី រវាងសភាតំបន់អាស៊ី” ឯកឧត្ដម ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា និងជាប្រធានប្រតិភូ សភា​កម្ពុជាបានធ្វើបទអន្តរាគមន៍ ដោយបានថ្លែងទៅកាន់អង្គមហាសន្និបាត ដែលមានសារៈ សំខាន់ និងភាពចាំបាច់របស់តួនាទីនៃពហុភាគីនិយម។ ទន្ទឹមនេះ តាមរយៈការងារការ​ទូត​សភា ដែលត្រូវបានអនុវត្តន៍ចាប់តាំងពីសង្រ្គាមត្រជាក់មក ក្នុងការដោះស្រាយជម្លោះ​ក្នុង​តំបន់ និងពិភពលោកប្រកបដោយសន្តិវិធី។ ឯកឧត្ដមបានបញ្ជាក់ថា សភាកម្ពុជាបានប្រតិ​បត្តិ​តួនាទីនេះយ៉ាងសកម្មក្នុងការរួមចំណែកដល់ការពង្រឹង លើកកម្ពស់ និងថែរក្សា សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍទាំងក្នុងតំបន់ និងសកលលោក។ ឯកឧត្ដមអនុប្រធានទី១​រដ្ឋសភា​ក៏បាន​បង្ហាញជូនអង្គមហាសន្និបាតពីសមិទ្ធផលសេដ្ឋកិច្ច សង្គមសំខាន់នានា ដែលកម្ពុជា សម្រេចបានក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ដែលក្នុងនោះកត្តា គន្លឹះ​និងបុរេលក្ខខណ្ឌ​ដ៏ចាំបាច់នោះគឺ សន្តិភាព និងស្ថិរភាពនយោបាយ។ ឯកឧត្ដមបាបន្ដថា ក្នុងរយៈពេលជាង ២ ទសវត្សរ៍ចុងក្រោយនេះ បន្ទាប់ពីកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ និងស្ថិរភាព​សង្គម បានជួយឱ្យកម្ពុជាទទួលបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ រឹងមាំ និងធន ដែលជាមធ្យម​ក្នុងរង្វង់៧ ភាគរយ។ ជាមួយគ្នានេះ លទ្ធផល នៃវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម បានប្រែក្លាយ​កម្ពុជា​ពីប្រទេសក្រីក្រ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងឈានទៅជាប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០។

បើតាមការលើកឡើងរបស់ឯកឧត្ដម ឈិត គឹមយាន បានបន្ថែមថា លទ្ធផលរួម នៃ​មហាសន្និបាតក្នុងរយៈពេល៣ថ្ងៃអង្គមហាសន្និបាតលើកទី១២ របស់សភាតំបន់អាស៊ីសម្រេច​ បានលទ្ធផលដូចបានអនុម័តយល់ព្រមដោយឯកច្ឆន្ទឱ្យសភាកាតា និងទីម័រលេស ចូលជា សមាជិកពេញសិទ្ធិរបស់ APA។ មកទល់ពេលនេះ សមាជិកសភា អេភីអេ បានកើនដល់ចំនួន ៤៤ប្រទេស។ លើសពីនេះទៀត កម្ពុជាក៏ចូលរួមអបអរសាទរចំពោះសភាតួកគី ដែលបាន​យល់​ព្រមធ្វើជាប្រធាន APA សម្រាប់អាណត្តិ ២០២០-២០២១។

ក្នុងកិច្ចប្រជុំក៏បានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចចំនួន ៣០ ពាក់ព័ន្ធនឹងគណៈ​កម្មការ​ចំនួន ៤ សំខាន់ៗ រួមមានគណៈកម្មាធិការអចិន្រ្តៃយ៍កិច្ចការសង្គម និងវប្បធម៌ មាន​សេចក្តី​សម្រេចចំនួន១៣ គណៈកម្មាធិការអចិន្រ្តៃយ៍កិច្ចការសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកប​ដោយចីរភាពមានសេចក្តីសម្រេចចំនួន០៧ គណៈកម្មាធិកាអចិន្រ្តៃយ៍ កិច្ចការនយោបាយ​មានសេចក្តីសម្រេចចំនួន០៩ និងគណៈកម្មាធិការអចិន្រ្តៃយ៍កិច្ចការថវិកា និងផែនការ មាន​សេចក្តីសម្រេចចំនួន០១។ ក្នុងកិច្ចប្រជុំនេះដែរ ក៏បានអនុម័តជ្រើសរើសតំណែងអនុប្រធាន APA និងជាប្រធានគណៈកម្មការចំនួន៣ ដើម្បីដឹកនាំកិច្ចប្រជុំគណៈកម្មការអ ចិន្រ្តៃយ៍​សម្រាប់ ឆ្នាំ២០២០ ដែលមានសមាសភាពដូច ជា៖ ១- គណៈកម្មាធិការអចិន្តៃ្រយ៍ទទួលបន្ទុក កិច្ចការនយោបាយ ដោយសភាអ៊ីរ៉ាក់ជាអនុប្រធាន និងទទួលរៀបចំកិច្ចប្រជុំ។ ២- គណៈ​កម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរ ភាពៈ សភា​បារ៉ែន ជាអនុប្រធាន និងទទួលរៀបចំកិច្ចប្រជុំគណៈកម្មការនេះ។ ៣-គណៈកម្មាធិការ​អចិន្ត្រៃយ៍ស្តីពីថវិកា និងផែនការសភារុស្ស៊ី ជាអនុប្រធាន និងទទួលរៀបចំកិច្ចប្រជុំ​នៅ​ប្រទេស​​​កូវ៉ែត (ដើម្បីសម្រួលដល់កិច្ចការសភាតំបន់អាស៊ី មហាសន្និបាតបានអនុម័ត​យល់​ព្រមតាម សំណើរបស់សភារុស្ស៊ី ដើម្បីបង្កើតក្រុមការងារមួយ សិក្សា និងធ្វើវិសោធនកម្ម​ធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុង ដែលសភាកម្ពុជាជាសមាជិក នៃក្រុមការងារនេះ)។

សូមជម្រាបថា មហាសន្និបាតលើកទី១២ធ្វើនៅទីក្រុងអាន់តាលីយ៉ា សាធារណរដ្ឋ​តួកគី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មានគណៈប្រតិភូសភាសមាជិក APA ចំនួន ២១ ក្នុងនោះប្រទេសដែលជាសមាជិកអាស៊ានមានចំនួន៤ ប្រទេស គឺ កម្ពុជា ឡាវ ហ្វីលីពីន និងឥណ្ឌូណេស៊ី ប្រទេសសមាជិកសង្កេតការណ៍ចំនួន១ ប្រទេស (ប្រទេសអូម៉ង់) និងអង្គការសង្កេតការណ៍មានចំនួន ៤ គឺ (IPU, AIPA, PUIC និង PABSEC) ៕

ដោយ ប៊ុនរិទ្ធ