សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ពេញចិត្តដែលស៊ុយអែត ជួយអភិវឌ្ឍន៍វិស័យសហគ្រាសខ្នាតតូច និងមធ្យម 

AKP ភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ — សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវការពេញចិត្តដែលស៊ុយអែតជួយអភិវឌ្ឍន៍ វិស័យសហគ្រាសខ្នាតតូច និង​មធ្យម ព្រមទាំងបានជំរុញឱ្យកម្ពុជា-ស៊ុយអែត ពង្រឹងវិស័យ ពាណិជ្ជកម្មបន្ថែមទៀត។

ក្នុងឱកាសដែលអនុញ្ញាតឱ្យឯកឧត្តម ប៊ីចូន ហេកម៉ាគ ឯកអគ្គរាជទូតថ្មី នៃប្រទេស ស៊ុយអែតប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងសវនាការនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការស្វាគមន៍ និងសម្តែងនូវការពេញចិត្តចំពោះ លទ្ធផលជាផ្លែផ្កា ដែលរាជរដ្ឋាភិបាលប្រទេសកម្ពុជា និងស៊ុយអែត រួមសហការគ្នានា ពេលកន្លងមក។

សម្តេចប្រធានរដ្ឋសភា បានកោតសរសើរដល់ប្រទេសស៊ុយអែត តាមរយៈទីភ្នាក់ងារ អភិវឌ្ឍន៍ស៊ីដា (SIDA) បានចូលរួមជួយអភិវឌ្ឍន៍វិស័យសហគ្រាសខ្នាតតូច និងមធ្យម(SME) ដល់កម្ពុជា។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសា​សន៍បន្តថា ក្នុងអាណត្តិនៃបេសកកម្មការទូតរបស់ ឯកឧត្តម ប៊ីចូន ហេកម៉ាគ សម្តេចសង្ឃឹមថា ស៊ុយអែតនឹងបន្តពង្រឹងង្រីក​កិច្ចសហប្រតិបត្តិការស្អិតរមួតជាមួយកម្ពុជា ជាពិសេសលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ និងវប្បធម៌ជាដើម។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានស្នើ​រដ្ឋាភិបាលស៊ុយអែតបន្តជួយ បណ្តុះបណ្តាលធនធានមនុ​ស្ស  និងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានបន្តការ សិក្សាថ្នាក់ឧត្តមសិក្សានៅស៊ុយអែត។ សម្តេច បានគូសបញ្ជាក់ថា កម្ពុជាត្រូវការធនធាន មនុស្ស ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

ឯកឧត្តម ប៊ីចូន ហេកម៉ាគ បានគំាទ្រចំពោះប្រសាសន៍លើកឡើងរបស់ សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ពីជំនួយនានា ដែលប្រទេសស៊ុយអែតបាន ជួយមកដល់កម្ពុជា មានដូចជា ផ្នែកតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម សក​ម្ម​ភាពមនុស្សធម៌ វិស័យអប់រំ វិស័យកសិកម្មជាដើម។

ឯកឧត្តមឯកអគ្គរាជទូត បានអបអរសាទរចំពោះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ដ៏រឹងមាំរបស់ប្រទេសកម្ពុជា ជាពិសេសការកាត់បន្ថយភាពក្រីក្រជារៀងរាល់ឆ្នាំ។ ប្រទេស ស៊ុយអែតសន្យាបន្តគំាទ្រដល់កម្ពុជា។ ឯកឧត្តមឯកអគ្គរាជទូតបានមានប្រសា​សន៍ថា កម្ពុជា និងស៊ុយអែតជាដៃគូក្នុងការដោះស្រាយញ្ហារួមមួយចំនួន ដែលមានដូចជាការប្រែប្រួល អាកាសធាតុ និងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីរីករាយ និងស្វាគមន៍ ចំពោះបេសកកម្មការទូតរបស់ឯកឧត្តម ប៊ីចូន ហេកម៉ាគ។  រដ្ឋសភាកម្ពុជាគាំទ្រ និងសន្យាធ្វើកិច្ចសហការឱ្យបានពេញលេញ ដើម្បីឱ្យបេសកកម្មការទូតរបស់ឯកឧត្តមនៅ កម្ពុជាទទួលបានជោគជ័យ៕

ដោយ ប៉ាល់ សុង