ឯកឧត្តម គួច ចំរើន ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ បានស្ម័គ្រចិត្តពង្រាយតាមសាលាដែលខ្វះគ្រូ

AKP ព្រះសីហនុ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ — នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន  អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញ ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យក្រុងព្រះសីហនុ ដែលបានស្ម័គ្រ ចិត្តពង្រាយតាមសាលាដែលខ្វះគ្រូក្នុងក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរមន្ទីរអប់រំ ដែលបាន រៀបចំគោលនយោបាយបង្រាយគ្រូបង្រៀនក្នុងឆ្នាំសិក្សា២០១៩-២០២០ ពីសាលាទីប្រជុំជន ទៅបង្រៀននៅសាលាក្រៅទីប្រជុំជន ពីសាលាដែលមានគ្រូបង្រៀនច្រើន ទៅសាលាដែលខ្វះគ្រូបង្រៀន ហើយគោលនយោបាយនេះ យើងត្រូវធ្វើការផ្សព្វផ្សាយ បន្តដល់លោកគ្រូ អ្នកគ្រូដែលមានទេពកោសល្យ ដើម្បីទៅបង្រៀននៅសាលាតាមជនបទ ក្នុងក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្តព្រះសីហនុ ដែលខ្វះខាតគ្រូ ដែលពួកគាត់បានស្ម័គ្រចិត្ត ទៅកាន់សាលាដែលខ្វះគ្រូ ព្រោះសាលាទាំងនោះត្រូវការគ្រូចាំបាច់សម្រាប់បង្រៀន។

ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ត្រូវជ្រើសរើសគរុសិស្សដែលបញ្ចប់ការសិក្សា ចេញទៅបង្រៀនតាមសាលាក្នុង ខេត្តព្រះសីហនុ ដែលសិក្សាបាននិទ្ទេសល្អ ត្រូវផ្តល់អាទិភាព ជ្រើសរើសប៉ុស្តិ៍បង្រៀននៅ តាមក្រុង ស្រុក ឃុំសង្កាត់ ចៀសវាងការពង្រាយគ្រូមកកាន់សាលា ដែលមានគ្រូ ច្រើនលើស តម្រូវការ ព្រមទាំងបានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានស្ម័គ្រចិត្ត ចំនួន១៧នាក់ ដែលបានទៅកាន់សាលាដែលខ្វះគ្រូនោះ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន ក៏បានផ្តល់ថវិកាលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូចំនួន១៧នាក់ដែលបានស្ម័គ្រចិត្តទៅបង្រៀននៅសាលាដែលខ្វះគ្រូ ក្នុងម្នាក់ទទួល បានថវិកា ១លានរៀល៕

ដោយ ងូ សុមុនី