ត្រីស្លាត ជាប្រភេទត្រីស្ថិតក្នុងបញ្ជីក្រហមជិតផុតពូជលើលោក ប៉ុន្តែវាមាននៅកម្ពុជាច្រើន

AKP ភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ –នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.​២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) បានដកស្រង់ត្រីមានស្រកាមួយប្រភេទចេញពីប្រភព ffish.asia, fish base. org និង iucnredlist.org ដែលជាប្រភេទត្រីទឹកសាប ដែលរស់នៅក្នុងទឹកសាបផង និង ទឹកភ្លាវផង។ វាអាចលូតលាស់ធំបានល្អណាស់នៅក្នុងទឹកនឹង នៅក្នុងទន្លេ ស្ទឹង បឹង ត្រពាំង និងតំបន់វាលទំនាបលេចទឹក។

ត្រីស្លាត មានឈ្មោះវិទ្យាសាស្ត្រ (Notopterus notopterus) និងឈ្មោះជាភាសាអង់គ្លេស Bronze featherback មានប្រវែងដងខ្លួនអតិបរមា ៦០.០ សង់ទីម៉ែត្រ ប្រវែងដងខ្លួនទូទៅសរុប ២៥.០សង់ទីម៉ែត្រ។ ក្នុងរដូវវស្សា វាធ្វើចរាចរផ្លាស់ទីចេញពីទន្លេមេគង្គចូលទៅក្នុងតំបន់វាលទំនាបលេចទឹក និងត្រឡប់ចូលទៅជម្រកដើមវិញ ឬចូលទៅក្នុងតំបន់ដែលមានទឹកជាប្រចាំវិញ ក្នុងរដូវប្រាំង។ ត្រីស្លាត ស៊ីសត្វល្អិត ត្រី សិប្បិជាតិ និងឫសខ្ចីៗរបស់រុក្ខជាតិផងដែរ។ ត្រីស្លាត ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Least Concern) ក្នុងឆ្នាំ២០០៩ ជាប្រភេទត្រីមានការព្រួយបារម្ភតិចតួច ដែលនឹងឈានទៅផុតពូជ។

លក្ខណៈសម្គាល់របស់ត្រីស្លាត វាមានខ្លួនស្តើង ពណ៌ប្រផេះពេលមិនទាន់ពេញវ័យ នៅពេលពេញវ័យប្រែពណ៌ក្រម៉ៅ (ជាទូទៅវាប្រែពណ៌តាមទឹក)។ មានព្រុយគូទវែង ចាប់ពីព្រុយពោះរហូតដល់ព្រុយកន្ទុយ។ ស្រកានៅក្បែរក្បាលធំ ឯស្រកាតាមដងខ្លួនល្អិតៗរីឯក្បាល ផតបន្តិច។ ដូចនេះសូមចូលរួមជួយថែរក្សាព្រៃលេចទឹក ដែលជាជម្រកពងកូនរបស់មច្ឆជាតិឱ្យបានគង់វង្ស និងជួយលុបបំបាត់រាល់ការប្រើប្រាស់ឧបករណ៍នេសាទ ដែលច្បាប់ហាមគាត់គ្រប់ប្រភេទ ប្រយោជន៍ដើម្បីឱ្យត្រីគ្រប់ប្រភេទសម្បូរឡើងវិញ សម្រាប់ទុកឱ្យកូនចៅយើងជំនាន់ក្រោយ ៕

ដោយ ណយ នឿន (ប្រភពៈ Wonders of the Mekong)