ឯកឧត្តម គួច ចំរើន ចែកមួកសុវត្តិភាពដល់សិស្សានុសិស្ស មកពីវិទ្យាល័យ អនុវិទ្យាល័យក្នុងក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ –ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ និងលោក លី សែលាភ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្វូរីគ្រូប ខេត្តព្រះសីហនុ បានអញ្ជើញចែកមួកសុវត្តិភាពចំនួ ៥០០ ជូនដល់សិស្សានុសិស្សក្រីក្រ មកពីវិទ្យាល័យ អនុវិទ្យាល័យ ចំនួន៤ ក្នុងក្រុងព្រះសីហនុ។
លោកស្រី នាយិការសាលាវិទ្យាល័យក្រុងព្រះសីហនុ បានឱ្យដឹងថា មួកសុវត្ថិភាពចំនួន ៥០០នេះ ជាអំណោយរបស់ក្រុមហ៊ុន ហ្វូរីគ្រូប ខេត្តព្រះសីហនុ ដើម្បីចែកជូនសិស្សានុ សិស្សក្រីក្រនៅក្រុងព្រះសីហនុ ដែលមកពីវិទ្យាល័យ និងអនុវិទ្យាល័យចំនួន៤ ក្នុងក្រុងព្រះសីហនុ ក្នុងនោះ វិទ្យាល័យក្រុងព្រះសីហនុចំនួន ២៧០នាក់, វិទ្យាល័យ ហ៊ុន សែន មិត្តភាពចំនួន ៩០នាក់, អនុវិទ្យាល័យសម្តេចឪចំនួន ៧០នាក់, និងអនុវិទ្យាល័យតេជោសែនកម្មករចំនួន ៧០នាក់ ។ លោក លី សែលាភ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្វូរីគ្រូប ខេត្តព្រះសីហនុ មានប្រសាសន៍ថា ថ្ងៃនេះក្រុមហ៊ុនបាននាំយកមួកសុវត្ថិភាពចំនួន៥០០ ចែកជូន សិស្សានុសិស្សក្រីក្រ ក្នុងក្រុងព្រះសីហនុ ក្រុមហ៊ុននឹងបន្តសហការជាមួយក្រុមការងាររបស់រដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ ក្នុងកិច្ចការសាធារណ: ។លោកក៏បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុ សិស្សថា នេះជាពេលវេលាដ៏មានសារៈសំខាន់បំផុតក្នុងយុវវ័យ និងឈានចូលវ័យមួយទៀតបន្ទាប់ពីយើងបញ្ចប់ការសិក្សា ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ព្រោះក្មួយៗជាសសរទ្រូង នៃប្រទេសជាតិយើងទាំងមូល យើងកំពុងខ្វះខាតធនធានមនុស្សយ៉ាងច្រើនក្នុងការចូលរួមដឹកនាំ កសាងប្រទេសជាតិ ចៀសវាងការប្រព្រឹត្តគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ។ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជាមួយសិស្សានុសិស្ស និងថ្លែងអំណរគុណក្រុមហ៊ុន ហ្វូរីគ្រូប ដែលបានចូលរួមក្នុងការងារសង្គម នាំយកមួកសុវត្ថិភាពចែកជូនសិស្សក្រីក្រក្នុងក្រុងព្រះសីហនុ ថ្វីត្បិតតែចំនួននេះមិនបានគ្រប់តាមតម្រូវការដែលសាលានីមួយៗ ពិនិត្យលទ្ធភាពក្នុងការជ្រើសរើសសិស្សក្រីក្រធ្វើដំណើរតាមម៉ូតូ និងមានលក្ខខណ្ឌផ្សេងៗទៀត ។ ក្រុមហ៊ុនក៏បានបន្តការងារសាធារណៈជា មួយរដ្ឋបាលខេត្ត ដើម្បីស្វែងរកមួកសុវត្ថិភាពយកមកចែកជូនសិស្សានុសិស្សរបស់យើងបន្តទៀត។ ព្រោះក្មួយៗភាគច្រើនធ្វើដំណើរមកសាលារៀន ដោយម៉ូតូ ចាំបាច់ត្រូវពាក់មួកសុវត្ថិភាព ។ ដោយសារស្ថានភាពផ្លូវថ្នល់របស់យើងត្រូវបានកសាងពង្រីកឡើងវិញ ការធ្វើដំណើរមិនលឿន ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកជាការចាំបាច់ ហើយការចែកមួកសុវត្ថិភាពនេះ ជាការចាំបាច់សម្រាប់ក្មួយៗទាំងអស់គ្នាក្នុងវ័យសិក្សា ដែលជាអ្នកប្រើប្រាស់មធ្យោបាយធ្វើដំណើរជារៀងរាល់ថ្ងៃមកកាន់សាលារៀន ការប្រើប្រាស់មួកសុវត្ថិភាពពិតជាបានចូលរួមចំណែកការពារសុខសុវត្ថិភាពពេលធ្វើដំណើរ និងអំពាវនាវដល់ក្មួយធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាព ដើម្បីការពារអាយុជីវិត ៕

ដោយ ងូ សុមុនី