អាជ្ញាធរស្រុកបរិបូណ៌ត្រៀមប្រព័ន្ធប្រកាសឱ្យដឹងមុនគ្រោះមហន្តរាយដែលកើតឡើង

AKP កំពង់ឆ្នាំង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ — លោក ចែម ភក្ដិ ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំមួយដើម្បីពិភាក្សាផែនការ ដើម្បីត្រៀមដោះស្រាយបញ្ហាគ្រោះរាំងស្ងួត ដែលអាចនឹងកើតមាននៅចំពោះមុខ ឬនាពេលខាងមុខនេះ។ កិច្ចប្រជុំនោះបានធ្វើឡើងកាលពីថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាស្រុកបរិបូណ៌ ដោយមានការចូលរួមពី អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរ ក្នុងជួរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយជាច្រើននាក់ផងដែរ។

លោក ចែម ភក្ដិ បានធ្វើសេចក្តីរាយការណ៍ស្តីពីផែនការត្រៀមបម្រុង ក្នុងការឆ្លើយតបគ្រោះមហន្តរាយ ព្រមទាំងការបំពាក់នូវឧបករណ៍ មធ្យោបាយក្នុងការចុះជួយអន្តរាគមន៍ប្រជាពលរដ្ឋ នៅតាមតំបន់ដែលរងគ្រោះ ហើយក៏បានលើកឡើងនូវសំណូមពរមួយចំនួនជូនដល់ អង្គប្រជុំផងដែរក្នុងការជួយអន្តរាគមន៍ជូនដល់ប្រជាពលរដ្ឋរងគ្រោះនោះ។

លោកបានមានប្រសាសន៍ថា ឆ្លងតាមការផ្សព្វផ្សាយនៃការប៉ះពាល់នូវកម្តៅ អែលនីញ៉ូ ដែលមិនត្រឹមតែធ្វើឱ្យមានការខ្វះខាតទឹកនោះទេ ថែមទាំងអាចនឹងកើតមាននូវគ្រោះមហន្តរាយ ខ្យល់កន្ទ្រាក់ និងរន្ទះបាញ់។ លោកបានសំណូមពរឱ្យគ្រប់បណ្តា ក្រុង ស្រុក ត្រូវមានរបាយការណ៍ជូនជាបន្តបន្ទាប់ និងតាមដានគ្រប់សកម្មភាព ដែលសង្ស័យថាមានចំណុចនឹងទទួលរងគ្រោះមហន្តរាយផ្សេងៗជាយថាហេតុ និងតាមបណ្តាភូមិ ឃុំ ដែលមានជួបបញ្ហាប្រឈមខ្វះខាតទឹកប្រើប្រាស់។

លោកក៏បានធ្វើការកោតសរសើរដល់អាជ្ញាធរក្រុង ស្រុក ដែលបានខិតខំព្យាយាម រក្សានូវប្រភពទឹក ដើមី្បសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ប្រើប្រាស់នៅក្នុងរដូវប្រាំងនេះ ព្រមទាំងបានថ្លែងអំណរគុណដល់ មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរធនធានទឹកនិងឧតុនិយម ព្រមទាំងសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងសប្បុរសជនដែលបានផ្តល់នូវអណ្តូងទឹកស្អាត ស្រះទឹក សម្រាប់ប្រជាពលរដ្ឋបានប្រើបាស់ និងបានសំណូមពរឱ្យមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត បន្តធ្វើការស្រាវជ្រាវពីប្រភពទឹកបន្ថែមទៀត។

លោក ចែម ភក្ដិ  ក៏បានសង្កត់ធ្ងន់ចំពោះមន្ទីរ ការិយាល័យ អង្គភាពជំនាញពាក់ព័ន្ធ ដូចជា មន្ទីរធនធានទឹកនិងឧតុនិយម មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរបរិស្ថាន និងអង្គភាពរដ្ឋាករទឹក ត្រូវធ្វើការសិក្សាស្រាវជ្រាវស្វែងរកប្រភពទឹកដើម្បីផ្គត់ផ្គង់។ ស្នងការនគរបាលខេត្ត អធិការដ្ឋានស្រុក កងរាជអាវុធហត្ថ កងកម្លាំងប្រតិបត្តិការសឹករង រួមទាំងស្នងការបេតិកភណ្ឌ អាជ្ញាធរជាតិអប្សរា សាធារណការ និងវិស័យឯកជន គឺត្រៀមលក្ខណៈនូវគ្រប់វិនាទី ក្នុងការបញ្ចេញរថយន្តដឹកទឹក ចុះជួយប្រជាពលរដ្ឋនៅតាមតំបន់ខ្វះខាតទឹកប្រើប្រាស់ នៅពេលខាងមុខនេះ។ ដោយឡែកមន្ទីរសុខាភិបាល ក៏ដូចមន្ទីរពេទ្យបង្អែកស្រុក ត្រូវត្រៀមប្រតិបត្តិក្នុងការអន្តរាគមន៍លើផ្នែកសុខភាពរបស់ប្រជាពលរដ្ឋ ក្នុងពេលរដូវក្តៅនេះ សំខាន់ចាស់ជរា និងកុមារតូចៗ ៕

ដោយ បៃ ស៊ី ថុន