វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់

AKP ពោធិ៍សាត់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ — កាលពីថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ស្ថិតនៅសាលាស្រុកក្រគរ ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីជាអភិបាល អភិ  បាលរងស្រុក ប្រធានមន្ទីរមួយចំនួន មេឃុំ និង ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុង ស្រុក ជាច្រើននាក់ផងដែរ។

ឯកឧត្តម ម៉ក់ រ៉ា បានមានប្រសាសន៍ថា ការធ្វើវេទិកានេះ ថ្នាក់ដឹកនាំ ​រដ្ឋបាលថ្នាក់ខេត្ត និងថ្នាក់ស្រុក រួម​ជាមួយ​រដ្ឋបា​លឃុំ-សង្កាត់ ប្រជាពលរដ្ឋ មន្ត្រី​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ជាដើម បាន​ចូលរួម​ចែករំលែកនូវ​បទពិសោធន៍ និង​ផ្ដល់​ប្រឹក្សា អំពី​អាទិភាព​នៃ​ការអភិវឌ្ឍ​មូលដ្ឋាន ខេត្តឱ្យមាន​កំណើន​សេដ្ឋកិច្ចល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យឈានទៅមុខបន្តទៀត។

ឯកឧត្តមបានមានប្រសាសន៍ទៀតថា សមាជិកក្រុមប្រឹក្សាខេត្ត មានពីតួនាទីភារកិច្ចទំនាក់ទំនងការងាររវាងក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត។ ក្នុងវេទិកានេះសូមឱ្យប្រជាពលរដ្ឋដែលមានបញ្ហា ក៏ដូចជា មានសំណូមពរ សំណួរលើកឡើងជាព័ត៌មាន និងឱ្យក្រុមប្រឹក្សាជួយដោះស្រាយផងដែរ។

ឯកឧត្តម បានអំពាវនាវឱ្យអាជ្ញាធរដែនដី សហការជាមួយសមត្ថកិច្ចត្រូវរួមគ្នាផ្តល់ព័ត៌មានឱ្យគ្នាទៅវិញមក ដើម្បីទប់ស្កាត់កុំឱ្យកើតមានបទល្មើសក្នុងមូលដ្ឋានរបស់ខ្លួនបើកើតមានបទល្មើសខុសច្បាប់ត្រូវបង្រ្កាបឱ្យបានទាន់ពេលវេលា។ ឯកឧត្តមបានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនវេទិកាសាធារណៈ ចុះឱ្យដល់មូលដ្ឋាន ដើម្បីទទួលយកនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋ និងផ្ដល់អាទិភាពឆ្លើយតបតាមសំណូមពររបស់ពួកគាត់ ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានលើកឡើងផងដែរថា ការងារសន្ដិសុខ សណ្ដាប់ធ្នាប់​សង្គម (អំពី​ការអនុវត្តគោល​នយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព និង​សុវត្ថិភាព​ចរា ចរណ៍) កិច្ចការ​អភិវឌ្ឍមូល​ដ្ឋាន​ ការ​ផ្ដល់​សេវា​រដ្ឋបាល​ របស់​រដ្ឋបាល​ថ្នាក់ក្រោមជាតិ ការគ្រប់ គ្រង​សោភណ​ភាព អនាម័យ បរិស្ថាន និង​ធនធម្មជាតិ​ និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀត ។

ឯកឧត្តមបានបញ្ជាក់នៅក្នុង​វេទិកានេះថា សូមប្រជាពលរដ្ឋលើក​ជាសំណួរ និង​សំណូម​ពរ​ដោយផ្ទាល់មាត់ និងជាលាយលក្ខណ៍​អក្សរ​ ក្នុង​នោះ​ថ្នាក់ដឹកនាំ មន្ត្រីជំនាញ​ និងអាជ្ញាធរពាក់ព័ន្ធ បានបកស្រាយ​បំភ្លឺ​ជូន ។ រីឯបញ្ហាដែលនៅសេសសល់បានទទួលយកសម្រាប់ចុះពិនិត្យ សិក្សាឱ្យបានច្បាស់លាស់ជាបន្តទៀត ដើម្បីស្វែងរកដំណោះស្រាយឱ្យមានប្រសិទ្ធភាព ។

ឯកឧត្តម ក៏បានផ្តាំផ្ញើឱ្យអាជ្ញាធរដែនដី និងសមត្ថកិច្ច ព្រមទាំងប្រជាពលរដ្ឋទាំងអស់ចូលរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាព ឱ្យបានគង់វង្សទុកឱ្យក្មេងជំនាន់ក្រោយ និង ប្រឆាំងដាច់ខាត់រាល់ឧបាយកលពួកជនអគតិដែលចង់បំផ្លាញសុខសន្តិភាព នៅកម្ពុជាបច្ចុប្បន្ន៕

ដោយ បៃ ស៊ីថុន