ពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រង សាស្រ្តាចារ្យ និងសមណសិស្ស -និស្សិតឆ្នាំសិក្សា ២០១៩-២០២០

AKP កំពង់ឆ្នាំង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ –កាលពីថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង មានរៀបចំពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រង សាស្រ្តាចារ្យ និងសមណសិស្ស-និស្សិត ក្រោមព្រះអធិបតីភាពព្រះធម្មឃោសាស្ត្រាចារ្យបណ្ឌិត ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិការរងទទួលបន្ទុកគ្រប់គ្រង(ព.ស.ស) ព្រះធម្មវង្សាធិបតី សុខ ថាន ព្រះមេគណ និងជាព្រះប្រធានសាខាខេត្តកំពង់ឆ្នាំង ដោយមានការនិមន្តនិងចូលរួមពីសមណសិស្ស -និស្សិត សាស្រ្តាចារ្យជាច្រើននា់កទៀត។

ព្រះអង្គ ឃី សុវណ្ណរតនា បានមានសង្ឃដីកាថា ការជួបជុំគ្នានៅពេលនេះក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ” ដើម្បីបានក្លាយជាមនុស្សមានតម្លៃ គេត្រូវអប់រំប្រកបដោយគុណធម៌ និងប្រកបដោយគុណភាព ហើយយើងត្រូវរៀនឱ្យ ចេះ មិនមែនរៀនឱ្យតែចប់យកសញ្ញាបត្រនោះទេ ” ។

ព្រះអង្គមានសង្ឃដីកាបន្តថា  សុំឱ្យសមណសិស្ស -និស្សិតដែលបានចូលរួមត្រូវយកចិត្តទុកដាក់សិក្សារៀនក្រោមការណ្តុះបណ្តាលរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នឹងក្លាយជាយុវជនបន្តវេន ជាកម្លាំងចលកររបស់ជាតិ ជាធនធានបញ្ញាប្រកបដោយគុណភាព មានសមត្ថភាពគ្រប់គ្រាន់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិទាំងពុទ្ធចក្រ និងអាណាចក្រ និងចូលរួមចំណែកក្នុងការកាត់បន្ថភាពក្រីក្ររបស់ប្រជាពលរដ្ឋខ្មែរ ។

ព្រះអង្គបានឱ្យដឹងទៀតថា ពុទ្ធិកសាកលវិទ្យាល័យ មានបង្រៀនទាំងផ្នែកវិទ្យាសាស្រ្ត និង ធម្មវិជ្ជាសិក្សា ដែលមានសីលធម៌ ទស្សនវិទ្យា និងសាសនា ជាដើម។ ក្រៅពីនោះក៏មានការបណ្តុះបណ្តាលឱ្យមនុស្សមានគុណធម៌ ក្លាយទៅជាអ្នកប្រាជ្ញតាមរយៈបង្រៀនឱ្យស្គាល់ពី គុណធម៌ សីលគុណ និង វប្បធម៌ ដោយប្រកាន់នូវលទ្ធិឥស្សូ និងឥស្សី ធ្វើឱ្យមនុស្ស មានចំណេះដឹង មានសមត្ថភាព និងមានជំនាញពិតប្រាកដ។

ព្រះអង្គបានបញ្ជាក់ទៀតថា កម្មវិធីចុះកម្មសិក្សារបស់សមណសិស្ស-និស្សិត មាន ភាសាបាលី សំស្រ្កឹត ភាសាបរទេស និងឯកទេសអក្សរសាស្រ្តអង់គ្លេស ដែលបង្កើតឡើងក្នុងគោលបំណងសំខាន់ៗ គឺការអនុវត្តផ្សាភ្ជាប់ជាមួយទ្រឹស្តី ការអនុវត្តរបស់សមណសិស្ស -និស្សិតអាចទទួលបានបទពិសោធន៍ជាក់ស្តែង ការបង្ហាញសមណសិស្ស-និស្សិត ពីរបៀបធ្វើកិច្ចតែងការបង្រៀន បង្ហាញពីរបៀបសរសេររបាយការណ៍បញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ដើម្បីបណ្តុះបណ្តាល សិស្ស-និស្សិតឱ្យក្លាយជាគ្រូបង្រៀនបន្តវេន ប្រកបដោយគុណភាព នឹងសមត្ថភាពពេញលេញ និងដើម្បីបង្ហាញពីកម្មវិធីសិក្សាដល់សមណសិស្ស-និស្សិត ក៏ដូចជាសាធារណជនទូទៅ នៅក្នុងដេប៉ាតេម៉ង់ ពុទ្ធិកមហាវិទ្យាល័យសំស្រ្កឹត នឹងភាសារបរទេស ឯកទេសអក្សរសាស្រ្តអង់គ្លេស នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជ ផងដែរ៕

ដោយ បៃ ស៊ីថុន