គណៈប្រតិភូខេត្តជាំងស៊ូ ចូលជួបសម្ដែងការគួរសមជាមួយអភិបាលខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ –នារសៀលថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យគណ:ប្រតិភូខេត្តជាំងស៊ូ ដឹកនាំដោយ លោក ចូវ ជីយិ Zhou jiye អនុប្រធានគណ:កម្មាធិការប្រឹក្សានយោបាយខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសាលាខេត្តព្រះសីហនុ ។  ឯកឧត្តម គួច ចំរើន បានស្វាគមន៍ និងជម្រាបជូនពីសក្តានុពលខេត្តព្រះសីហនុ មានកោះ៣២ ប្រជាពលរដ្ឋប្រកបមុខរបចម្រុះ មានដូចជា ជំនួញ កសិកម្ម និងនេសាទ ដោយអនុវត្តន៍តាមគោលនយោបាយយុទ្ធសាស្ត្រ “ចតុកោណ” របស់រាជរដ្ឋាភិបាលកម្ពុជា ស្របជាមួយយុទ្ធសាស្ត្រ” ផ្លូវមួយ ខ្សែក្រវាត់មួយ” និងផ្លូវសូត្រសមុទ្រ របស់ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីចិន ធ្វើឱ្យប្រទេសកម្ពុជា ពិសេសខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើន ទាក់ទាញអ្នកវិនិយោគបរទេស ពិសេសអ្នកវិនិយោគ និងភ្ញៀវទេសចរចិនមកកាន់ខេត្តព្រះសីហនុ ធ្វើឱ្យមានលំហូរប្រជាជនចិន វិនិយោគ និងភ្ញៀវទេសចរចិនមកបោះទុនជំរុញកំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុ លើវិស័យសំណង់ និងមានការជំរុញផ្នែករោងចក្រអគ្គិសនី ប្រើធ្យូងថ្ម ។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបន្តថា ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើរការ តំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ផ្តល់ការងារដល់យុវជនជាង ៨ម៉ីន នាក់ ទន្ទឹមនឹងការអភិវឌ្ឍរីកចម្រើនក៏មានផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អូរ ប្រឡាយផងដែរ ។ កន្លងមកក្រុងព្រះសីហនុ ជាក្រុងទេសចរណ៍ តែបច្ចុប្បន្នក្រុងព្រះសីហនុ ក្លាយជាតំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ ដឹកជញ្ជូន និងសំណង់ ។ រាជរដ្ឋាភិបាលបានផ្តល់ថវិកាក្នុងការស្ដារអូរ ប្រឡាយ និងផ្លូវ ៣៤ខ្សែក្នុងក្រងព្រះសីហនុ និងបានបើកការ  ដ្ឋានស្ថាបនាពង្រីកផ្លូវកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក ។ ថ្មីៗនេះរដ្ឋាភិបាលចិន បានគាំទ្រសាងសង់មន្ទីរពេទ្យនៅខេត្តព្រះសីហនុ ថ្វីត្បិតតែមិនទាន់ជាផ្លូវការ ក៏ប៉ុន្តែវាជាដំណឹងល្អមួយ ក្នុងការជួយសម្រួលវិស័យសុខាភិបាលនៅខេត្តព្រះសីហនុ រួមទាំងជួយសម្រួលប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋ និងវិនិយោគចិនបានប្រើប្រាស់សេវាសុខាភិបាលផងដែរ ។
លោក ចូវ ជីយិ Zhou jiye បានថ្លែងអំណរគុណដល់អភិបាលខេត្តព្រះសីហនុ ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ហើយនេះជាលើកទី១ ដែលលោកបានមកដល់ខេត្តព្រះសីហនុ ឃើញមានទេសភាពល្អ និងមានការអភិ    វឌ្ឍយ៉ាងលឿន និងបានឃើញការដ្ឋានស្ថាបនាផ្លូវក្នុងក្រុង ។ ខេត្តជាំងស៊ូ មានការអភិវឌ្ឍយ៉ាងខ្លាំង ចរាចរណ៍មានភាពល្អប្រសើរ មានផ្លូវល្បឿនលឿន និងនៅឆ្នាំ២០២១ខាងមុខ មានផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ទៅកាន់ខេត្តផ្សេងទៀត នៃប្រទេសចិន ។ ខេត្តជាំងស៊ូ ផ្តោតសំខាន់លើវិស័យអប់រំ មានមហាវិទ្យាល័យ ១៦៧កន្លែង មាននិស្សិត ២លាននាក់ មានអ្នកស្រាវជ្រាវ ៧៨ម៉ឺននាក់ សាស្ត្រាចារ្យកម្រិតខ្ពស់ ៩៨នាក់ ។ ដោយអនុវត្តន៍គោលនយោបាយ “ផ្លូវមួយ ខ្សែក្រវាត់មួយ” និងបើកចំហ ខេត្តជាំងស៊ូ បានចងសម្ព័ន្ធភាព ជាមួយខេត្ត ក្រុងចំនួន ៣០០ នៅលើសកលលោក ក្នុងនោះក៏មានខេត្តព្រះសីហនុផងដែរ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ជាដើម ។
លោក ចូវ ជីយិ Zhou jiye បានបន្តថា កន្លងមកខេត្តជាំងស៊ូ បានបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៦លើក មកជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជា ពិសេសប្រជាពល រដ្ឋ និងកម្មករក្នុងខេត្តព្រះសីហនុ ។ ក្នុងឱកាសនោះ លោកក៏បានអញ្ជើញអភិបាលខេត្តព្រះសីហនុ និងគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តជាំងស៊ូ ផងដែរ ៕

ដោយ ងូ សុមុនី