ឯកឧត្តម ទៀ សីហា  អញ្ជើញចូលរួមក្នុងការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ គ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំលើកទី៦ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី១៨ខែ ធ្នូ ឆ្នាំ២០១៩ — អាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការជាមួយអាជ្ញាធរខេត្តសៀមរាប នៅព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ បានធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ គ្រប់គ្រងអាសន្ន ប្រចាំឆ្នាំ លើកទី៦ នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាប ស្ថិតនៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

​ការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ គឺជាការធ្វើតេស្តទៅលើឧបករណ៍រុករក និងសង្គ្រោះទៅលើការទំនាក់ទំនង រវាងអាកាសយានដ្ឋានអន្តរជាតិជាមួយស្ថាប័នពាក់ព័ន្ធ ទាំងអស់ក្នុងខេត្ត ធ្វើសាកល្បងលើសមត្ថភាពនៃការបែងចែកជនរងគ្រោះ ការសង្គ្រោះ បឋមលើជនរងគ្រោះនៅកន្លែងកើតហេតុមុនពេលបញ្ចូនទៅកាន់មន្ទីរពេទ្យ និងរបៀប នៃការដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្សេងៗបាន ទាន់ពេលវេលា។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា លំហាត់សមយុទ្ធ នៅថ្ងៃនេះ បានបង្ហាញ ពីការសហប្រតិបត្តិការគ្នាបាន​យ៉ាង​ល្អរវាងអាកាសយានដ្ឋានអន្តរជាតិ ជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ប៉ុន្តែក៏នៅមាន​ចំណុចខ្លះនៅមិនបាន​ល្អដែរ ហើយឯក​ឧត្តម​បាន​ជំរុញ​ឱ្យមាន​ការកែតម្រូវចំណុចដែលនៅខ្វះខាត់ឱ្យបាន​ល្អ ក្នុង​គោលដៅធ្វើយ៉ាង​ណា​ នៅ​ពេលមានអាសន្នជាក់ស្តែង យើង​អាច​ដោះស្រាយ​បញ្ហាទាំង​នេះ​ឱ្យបាន​លឿន និងទាន់ពេលវេលា។

ឯកឧត្តម ឡាំ ហេងហួត អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមន្តរាយ បាន​មាន​ប្រសាសន៍ថា ការធ្វើលំហាត់សមយុទ្ធនេះ​ គឺជាកត្តាមួយដ៏សំខាន់ក្នុង​ការពញ្ញាក់ស្មារតីអ្នកពាក់ព័ន្ធទាំង​អស់ឱ្យមាន​ការ​ប្រុង​ប្រយ័ត្ន​ និង​មាន​ការសហការគ្នាឱ្យបានល្អក្នុង​ការជួយសង្គ្រោះជនរង​គ្រោះ​នៅពេលមាន​គ្រោះថ្នាក់បែបនេះ។

ឯក​ឧត្តម​ ប៊ុន រដ្ឋា នាយកអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប បានមានប្រសាសន៍ថា ការធ្វើសមយុទ្ធទ្រង់ទ្រាយធំពាក់ពន្ធ័នឹងការរុករក និងសង្គ្រោះជនរងគ្រោះនៅពេលយន្តហោះ ជួបឧប្បត្តិហេតុនេះ។  ការធ្វើលំហាត់សមយុទ្ធនេះ​ឡើង គឺក្នុងគោលបំណងទី១. គឺពាក់ព័ន្ធនឹងការទំនាក់ទំនង, ទី២.ពាក់ព័ន្ធនឹងការឆ្លើយតប និង ទី៣.គឺដើម្បីរកឱ្យឃើញនៅ កង្វះខាតរបស់អាកាសយានដ្ឋាន ដើម្បីបំពេញបន្ថែម។ ឯកឧត្តមបាន​ថ្លែង​អំណរគុណចំពោះអាជ្ញាធរខេត្តសៀមរាបរួមជាមួយ ស្ថាប័នពាក់ព័ន្ធដែលបាន​ចូលរួមសហការបាន​យ៉ាង​ល្អ។

សូមបញ្ជាក់ថា សមយុទ្ធទ្រង់ទ្រាយធំនេះ មានការដុតប្រេង និងកង់ឡានចាស់ៗ ដើម្បីបង្កើតជាអណ្តាតភ្លើង និងផ្សែងខ្នួលខ្មាញ់ជាសប្បនិម្មិតនៃការធ្លាក់យន្តហោះ​៕

ដោយ ឃុត សៅ