រដ្ឋមន្ត្រីក្រសួងការងារ៖វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នឹងប្រែក្លាយ​ជាមជ្ឈ​មណ្ឌលស្រាវជ្រាវ និងច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាថ្មី

AKP ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ — វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI) នឹងប្រែក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ និងច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាថ្មី ដើម្បីផ្តល់ឱកាសដល់និស្សិតក្នុងការរិះរកនូវការបង្កើតថ្មី និង​ការស្រាវជ្រាវទាក់ទងនឹងការអភិវឌ្ឍប្រកបដោយចីរភាព។ នេះបើតាមការលើកឡើង​របស់​ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​នៅក្នុងពិធីសំណេះ​សំណាលជាមួយមន្រ្តីរាជការ សាស្រ្តាចារ្យ និងបុគ្គលិកសិក្សា និងអបអរសាទរខួប២០ឆ្នាំ របស់វិទ្យាស្ថាន​ជាតិបណ្តុះ​បណ្តាល​បច្ចេកទេស។

ឯកឧត្ដម អ៊ិត សំហេង បានមានប្រសាសន៦ថា សកម្មភាពស្រាវជ្រាវ និងផ្តោតលើ​វិស័យ​វិស្វកម្ម​សំណង់ស៊ីវិល អគ្គិសនី និងព័ត៌មានវិទ្យា។ ទន្ទឹមនេះ មជ្ឈមណ្ឌលមួយនេះក៏ ជាកន្លែង​ផ្លាស់ប្តូរមតិយោបល់ និងការចែករំលែកបទពិសោធន៍ជាមួយវិស័យឯកជន និងគ្រឹះ​ស្ថាន​នានា។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាប់ផ្ដើមអនុវត្តន៍យុទ្ធ​សាស្ត្រ​ទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេស វិជ្ជាជីវៈ(TVET) និងដាក់ចេញអនុ​សាសន៍​ជំរុញឱ្យគ្រឹះស្ថានអប់រំទាំងអស់ ដែលស្ថិតក្រោមឱវាទរបស់ខ្លួន ត្រូវយកចិត្តទុក​ដាក់អនុវត្តន៍ យុទ្ធសាស្ត្រនេះ ប្រកបដោយប្រសិទ្ធភាពទៅដល់សិក្ខាកាម ដើម្បីឆ្លើយតបនឹងការ​រីក​ចម្រើនបច្ចេកវិទ្យាទំនើប ឬហៅថាបដិវត្តឧស្សាហកម្ម៤.០។ ដើម្បីជំរុញការអនុវត្តយុទ្ធ​សាស្ត្រខាងលើឱ្យបានផុសផុល ឯកឧត្តម អ៊ិត សំហេង បានកំណត់ថា នឹងចុះជំរុញផ្ទាល់​នៅតាមគ្រឹះស្ថានអប់រំទាំងឡាយ ដែលចំណុះក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា​ជីវៈម្ដងមួយៗ។ ជាមួយគ្នានេះ សកម្មភាពចុះត្រួតពិនិត្យផ្ទាល់ខាងលើនេះ ត្រូវបានធ្វើឡើង​ដើម្បី​ជំរុញលើកទឹកចិត្តក្នុងការអនុវត្តនូវគោលនយោបាយ បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ និងអនុវត្តន៍ទៅតាមអាទិភាពទី២ដែលបានដាក់ចេញនៅក្នុងផែនការយុទ្ធសាស្ត្រ ការអភិវឌ្ឍវិស័យការងារ និងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣ ដែល​ពង្រឹងបន្ថែមទៅលើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈ (TVET) ។ ឯកឧត្តមរដ្ឋមន្រ្ដីបានលើកទឹកចិត្តដល់សាស្រ្តាចារ្យ នៅក្នុងវិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស ត្រូវខិតខំបន្តការអប់រំ បណ្ដុះបណ្ដាល និងលើកទឹកចិត្តឱ្យសិស្ស និស្សិត ត្រូវខិត​ខំសិក្សារៀនសូត្រតាមជំនាញរបស់ខ្លួន ធ្វើយ៉ាងណាឱ្យវិទ្យាស្ថានជាតិមួយនេះ​ក្លាយជាគ្រឹះ​ស្ថាននាំមុខមួយ ក្នុងការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ របស់ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាំងប្រព័ន្ធគ្រប់គ្រង សមត្ថភាពគ្រូបណ្ដុះបណ្ដាល និង​គុណភាពរបស់សិស្ស-និស្សិត សិក្ខាកាម។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បាន​ទាញការចាប់អារម្មណ៍ទៅដល់យុវជនកម្ពុជាទាំងឡាយ គប្បីងាកមកចាប់អារម្មណ៍កា​រសិក្សា​ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលកំពុងមានភាព​ចាំបាច់ និងកំពុងមានតម្រូវការខ្លាំង​ក្នុងទីផ្សារការងារបច្ចុប្បន្ន និងអនាគត។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បន្ថែមការស្រាវជ្រាវ​ក្នុង​ជំនាញរបស់ខ្លួនបន្ថែមទៀតដើម្បីឱ្យដើរទាន់ការវិវត្តិន៍​បច្ចេកទេស​ថ្មីៗ​។ លើសពីនេះទៀត សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សូមយកចិត្តទុកដាក់ក្នុងការសិក្សាបន្ថែម​ដោយខ្លួនឯងទៀត ដោយគ្រូខ្លះ​បានកម្រិតថ្នាក់បរិញ្ញាបត្រ បន្តយកថ្នាក់អនុបណ្ឌិត ឬបណ្ឌិត​បន្ថែមទៀត។ ឯកឧត្តមបាន​បន្ថែម​ថា ការធ្វើបែបនេះដើម្បីធ្វើយ៉ាងណា​អភិវឌ្ឍន៍ធនធាន​មនុស្ស ដើម្បីឆ្លើយតបទៅនឹង​តម្រូវការចំបាច់ក្នុងដំណាក់កាលថ្មីនេះ។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី៤ហើយ នៅក្នុង​ដំណើរចុះផ្ទាល់ដល់គ្រឹះស្ថានអប់រំ បណ្តុះបណ្តាល ដែលស្ថិតក្រោមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីជំរុញការ​អនុវត្ត​គោលនយោបាយជាតិស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០១៩-២០២៣ ក៏ដូចជាការឈ្វេងយល់ពីវឌ្ឍនភាពនៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ​ផងដែរ៕

ដោយ ប៊ុនរិទ្ធ