ឯកឧត្តម ឈួន ដារ៉ា៖ កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីច្រើន អំណោយផលសម្រាប់ការវិនិយោគផលិតផលនាំចេញ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ — ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាច្រើន ដែលអំណោយផល សម្រាប់ការវិនិយោគក្នុងទិសដៅផលិត សម្រាប់នាំចេញជាមួយការអនុគ្រោះពន្ធ។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងនៅក្នុងពិធីបើក “ជំនួបពាណិជ្ជកម្ម (Business Matching)” ដែលមានការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ពាណិជ្ជករប្រទេសចិន នៃខេត្តគួងស៊ី  ប្រទេសថៃ និងប្រទេសឥណ្ឌូណេស៊ី កាលពីពេលថ្មីៗនេះថា កម្ពុជាគឺជា ប្រទេសដែលស្ថិតនៅចំណុចកណ្តាលនៃតំបន់អាស៊ាន ហើយអាចផ្តល់នូវអត្ថ ប្រយោជន៍ ជូនដល់អ្នកវិនិយោគមានភាពងាយស្រួលក្នុងការនាំចេញ-នាំចូល។ រាជរដ្ឋាភិបាល កម្ពុជាបានជំរុញ និងខិតខំប្រឹងប្រែងផ្តល់ឱកាសដល់វិនិយោគិន នៅកម្ពុជាលើការលើក លែងពន្ធ និងពន្ធបង់នូវកម្រិតទាបសម្រាប់នាំចេញ-នាំចូលផលិតផល ទៅកាន់ប្រទេស មួយចំនួនដូចជាសហភាពអឺរ៉ុប ជប៉ុន កូរ៉េ កាណាដា និងអាម៉េរិកជាដើម។

កម្ពុជាបានសម្រួលជូនពាណិជ្ជករបរទេសនូវការវិនិយោគសម្រាប់ការលើកលែងពន្ធចំនួនពី១-៩ឆ្នាំ ការអនុគ្រោះពន្ធលើការបង់ពន្ធអប្បបរិមាពន្ធលើប្រាក់ចំនេញមិនលើសពី ២០ភាគរយ អ្នកវិនិយោគអាចបង្វិលទុនមានភាពងាយស្រួល និងមានដើមទុនរបស់ ខ្លួន១០០ភាគរយ។

ឯកឧត្តមក៏បានបន្ថែមទៀតថា កម្ពុជាជាទិសដៅសម្រាប់ពាណិជ្ជករមកវិនិយោគ ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសជាច្រើនដោយកម្ពុជាបានចូលរួមចរចាក្នុងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់នៅឆ្នាំ២០១២ជាមួយនឹងអាស៊ានបូកប្រទេសទាំង០៦ និងមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី(FTA)។

ឯកឧត្តមសង្ឃឹមថា ការរៀបចំឱ្យមានកិច្ចជំនួបនាថ្ងៃនេះនឹងផ្តល់ឱកាសដល់ ពាណិជ្ជករកម្ពុជាបានជួបជាមួយពាណិជ្ជករចិន ថៃ និង ឥណ្ឌូណេស៊ី ដើម្បីធ្វើការ សិក្សា ឈ្វេងយល់ព្រមទាំងពង្រឹងនូវខ្សែសង្វាក់ផលិតកម្មការចាប់ដៃគូរកស៊ី និងនាំចេញ-នាំចូលរវាងគ្នាឱ្យកាន់តែច្រើន និងមានប្រសិទ្ធភាពខ្លាំងខ្លាបន្ថែមទៀត៕

ដោយ ម៉ៅ ចរិយា