អភិបាលខេត្តកណ្តាល អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អាគារបឋមសិក្សាព្រែកសំរោង ក្នុងក្រុងតាខ្មៅ

AKP កណ្តាល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩​ នេះ អភិបាលខេត្តកណ្តាល អញ្ជើញចូលរួមក្នុងពិធី បញ្ចុះបឋមសិលាសាងសង់អាគារបឋមសិក្សាព្រែកសំរោង ១ខ្នង មាន៤បន្ទប់ និងពិធី បើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន៦៤២៩ម៉ែត្រ និងលូប្រវែង ៨២២ម៉ែត្រ នៅក្រុងតាខ្មៅ ខេត្តកណ្តាល និងមានការចូលរួមពីប្រជាពលរដ្ឋជាង៣០០០នាក់។

ឯកឧត្ដម​អភិបាលខេត្ត​មានប្រសាសន៍​ថា ការ​សាងសង់អាគារបឋមសិក្សាព្រែកសំរោង ១ខ្នង និងផ្លូវ​បេតុង​​នៅពេលនេះ​ គឺពិតជា​មាន​សារៈសំខាន់​សម្រាប់សិស្សានុសិស្ស និងបង ប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្រុងតាខ្មៅ ក្រោយពីការ​សាងសង់​រួច​ អាច​សម្រួល​ដល់​ប្អូនៗ ដែលខ្វះថ្នាក់រៀន និងសម្រួលក្នុងការ​ធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅទាំងមូល។

ឯកឧត្ដម​បន្ត​ថា សមិទ្ធផល​ទាំង​នេះ​ គឺ​បាន​មកដោយ​សារប្រទេស​ មាន​សុខសន្តិភាព​ ស្ថិរភាព​ ពេញ​លេញ​ទូទាំង​ប្រទេស​ ហើយ​កត្តា​សន្តិភាព​នេះ​ហើយ​ ដែល​បានធ្វើឱ្យ​ប្រទេស​មានការ​អភិវឌ្ឍ​នៅគ្រប់​កន្លែង​ និង​គ្រប់វិស័យ។ ឯកឧត្តម​ក៏បាន​ ស្នើ​ដល់​អាជ្ញាធរ​សង្កាត់ តាខ្មៅ សង្កាត់កំពង់សំណាញ់ សង្កាត់ព្រែកហូរ និងសង្កាត់ព្រែកឫស្សី ក្នុង​ក្រុង​តាខ្មៅ និង​ប្រជាពលរដ្ឋ​ទាំងអស់ចូលរួមថែរក្សាសន្តិភាព ដើម្បីឱ្យប្រទេសរបស់យើងបន្តការអភិវឌ្ឍ និងរីកចម្រើនបន្ថែមទៀត៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋាបាលខេត្តកណ្តាល )