ពិធីបុណ្យសមុទ្រឆ្នាំ២០១៩ នៅខេត្តកំពតមានកីឡាច្រើនប្រភេទ ក្នុងនោះប្រដាល់​គុនខ្មែរអន្តរជាតិនឹងធ្វើការផ្សាយផ្ទាល់

AKP ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ — គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានត្រៀមខ្លួនក្នុងការរៀបចំការប្រកួតកីឡាអបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ នៅខេត្តកំពត ដែលគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងនោះក៏មានការប្រកួតលក្ខណៈអន្ដរជាតិ២ប្រភេទកីឡា គឺកីឡាគុនខ្មែរអន្ដរជាតិ និងកីឡាម៉ូតូទឹក។ នេះបើតាមការបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា(NOCC)។

ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា នៅក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះមានប្រភេទកីឡា​ជាច្រើនត្រូវបានរៀបចំការប្រកួត និងសម្តែងអបអរសាទរ ហើយនៅក្នុងនោះ​មានកីឡា២​ប្រភេទ ត្រូវប្រកួតលក្ខណៈអន្ដរជាតិ រួមមានប្រដាល់គុនខ្មែរអន្ដរជាតិ និងកីឡាម៉ូតូទឹក។ ចំពោះ​ប្រដាល់គុនខ្មែរអន្ដរជាតិ នឹងមានការចូលរួមពីកីឡាករ-កីឡាការិនី មកពី៨ប្រទេស ខណៈកីឡាមហាជនមានដូចជាការរត់កម្សាន្ដ និងជិះកង់ជាដើម។ កីឡាប្រពៃណី គឺមាន​ការប្រកួតអុកចត្រង្គ ដែលប្រជុំដោយជើងខ្លាំងទូទាំងប្រទេស។ មិនតែប៉ុណ្ណោះ ក៏មានការ​ប្រកួតបុរសខ្លាំងផងដែរ។

លោក មាម រ៉ា ប្រធានសហព័ន្ធគុនខ្មែរអន្ដរជាតិនិយាយថា ប្រដាល់គុនខ្មែរអន្ដរជាតិ​ត្រូវរៀបចំ ក្រោមស្ដង់ដារមួយ ដែលឆ្លងកាត់ការវាស់ស្ទង់កម្រិតសមត្ថភាពត្រឹមត្រូវ​មុននឹង​ផ្គូរផ្គង ខណៈកីឡាករកីឡាការិនីទាំងអស់មាន១៩គូ ដែលត្រូវប្រកួតរយៈពេល៣ថ្ងៃ ហើយ​ក្នុងមួយថ្ងៃ ក៏មានគូអន្ដរជាតិយ៉ាងតិច២គូរវាងកីឡាករជើងខ្លាំងកម្ពុជា និងកីឡាករបរទេស​ទៀតផង។ លោកបានបន្ដថា ការប្រកួតគុនខ្មែរអន្ដរជាតិនេះ នឹងមានផ្សាយផ្ទាល់លើ​កញ្ចក់​ទូរទស្សន៍អប្សរា ប៉ុស្តិ៍លេខ១១ ដោយអ្នកប្រដាល់មកពី១០ប្រទេសមានដូចជា ថៃ ឥណ្ឌា អ៊ីរ៉ង់ រុស្សី អ៊ុយក្រែន អូស្រ្តាលី ចិន បារាំង ម៉ូរីសតានី និងកម្ពុជានឹងជួបគ្នានៅលើសង្វៀន ប្រដាល់ គុណខ្មែរអន្តរជាតិ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា​សហការ​រៀបចំដោយក្រសួងទេសចរណ៍ គណៈកម្មធិការជាតិអូឡាំពិកកម្ពុជា ក្រោមកិច្ចសហប្រតិ​បត្តិការណ៍សម្របសម្រួលពីសហព័ន្ធកីឡាប្រដាល់គុណខ្មែរ។

ឯកឧត្ដម ខ្វៃ អាទិត្យា អគ្គនាយក ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាបានបញ្ជាក់ថា ការ​ប្រកួតប្រដាល់ជាលក្ខណៈអន្តរជាតិនេះឡើងក្នុងគោលបំណង ដើម្បីបង្កលក្ខណៈសប្បាយរីក​រាយដល់បងប្អូនប្រជាពលរដ្ឋជាមួយដំណើរកំសាន្តក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រ ដែលមាន​រយៈ​ពេល៣ថ្ងៃនេះ នៅក្នុងប្រទេសមួយដែលមានសុខសន្តិភាព ប្រជាពលរដ្ឋមានសេរីភាព​ក្នុងដំណើរកំសាន្ត។ ឯកឧត្ដមអគ្គនាយកបន្ថែមថា គោលដៅរបស់អគ្គនាយកដ្ឋានវិទ្យុ និង​ទូរទស្សន៍អប្សរា នឹងមានគម្រោងសហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធ​ប្រដាល់គុណខ្មែរអន្តរជាតិបង្កើតកម្មវិធីផ្សាយផ្ទាល់ប្រដាល់ប្រចាំសប្តាហ៍៕

ដោយ ហេង ណាលីន