ក្រសួងទេសចរណ៍-NOCC រៀបចំកីឡាទេសចរណ៍២៥រាជធានី-ខេត្តចាប់ពីឆ្នាំ២០២០ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

AKP ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ — បន្ទាប់ពីទទួលបានការអនុញ្ញាតពីក្រសួងទេសចរណ៍ និងគាំទ្រដោយរាជរដ្ឋាភិបាល គណៈ​កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសឱ្យដឹងពីការត្រៀមរៀបចំ​ព្រឹត្តិការណ៍​កីឡាទេសចរណ៍ថ្មីមួយទៀតហើយ ដើម្បីផ្សព្វផ្សាយយុទ្ធនាការឆ្ពោះទៅស៊ីហ្គេម (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ដោយព្រឹត្តិ ការណ៍​នេះ​គ្រោងរៀបចំគ្រប់រាជធានី-ខេត្តទាំងអស់ ដោយនឹងចាប់ផ្ដើមនាដើមឆ្នាំ២០២០ តទៅ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៧ ខែធ្នូ​ ឆ្នាំ២០១៩ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC មានប្រសាសន៍ថា កម្មវិធីផ្សព្វផ្សាយព្រឹត្ដិការណ៍កីឡា​ទេសចរណ៍​កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នេះគឺជាព្រឹត្តិការណ៍ថ្មីដោយឡែកមួយ ដែល​ក្រសួង​ទេសចរណ៍អនុញ្ញាតឱ្យ NOCC សហការជាមួយនាយកដ្ឋានពាក់ព័ន្ធ ដើម្បីរៀបចំ​កម្មវិធីកីឡា ក៏ដូចជាកម្មវិធីតន្ដ្រី ក្នុងគោលបំណងបញ្ជៀបព័ត៌មានស្ដីពីការត្រៀមធ្វើម្ចាស់ផ្ទះ SEA Games 2023 ដល់ប្រជាពលរដ្ឋទូទាំងប្រទេស។

ឯកឧត្តមអះអាងថា ព្រឹត្តិការណ៍នេះមានយុទ្ធនាការសំខាន់ៗ២ គឺទី១-បំផុស​ចលនា​ពលរដ្ឋម្នាក់លេងកីឡាមួយមុខស្របតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងទី២-យុទ្ធនាការកម្ពុជាស្អាត និងបដិសណ្ឋារកិច្ចល្អ សំដៅលើការជំរុញការថែរក្សាបរិស្ថាន និងការត្រៀមខ្លួនឱ្យបានល្អ ក្នុងនាមពលរដ្ឋម្ចាស់ផ្ទះ ដើម្បីត្រៀមទទួលស្វាគមន៍ប្រតិភូ កីឡាករ-កីឡាការិនី និងភ្ញៀវបរទេសជាច្រើន ដែលនឹងមកចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ ស៊ីហ្គេម ឆ្នាំ២០២៣ គឺពលរដ្ឋម្នាក់ គឺជាម្ចាស់ផ្ទះម្នាក់ ដូច្នេះយើង​ទាំងអស់គ្នាមានភារកិច្ច ក្នុងការលាងសម្អាតផ្ទះរៀងៗខ្លួន ដើម្បីត្រៀមទទួលភ្ញៀវរាប់​ម៉ឺននាក់​ពេលស៊ីហ្គេម។ មួយទៀត កម្ពុជាស្អាត និងបដិសណ្ឋារកិច្ចល្អ គឺជាគោលដៅទេសចរណ៍ផង និងជាក្រិតក្រមនៃចលនាកីឡា ប្រទេសណាធ្វើម្ចាស់ផ្ទះ ត្រូវតែស្អាត បរិស្ថានល្អ បូករួម ទាំងខ្យល់អាកាសល្អជាដើម។ យើងសង្ឃឹមការរៀបចំព្រឹត្តិរណ៍កានេះនឹងផ្ដល់នូវការ កែប្រែ ឥរិយាបថប្រជាពលរដ្ឋទូទាំងប្រទេសឱ្យងាកមករកភាពស្អាត និងបៃតងគ្រប់ទីកន្លែង ទាំងអស់៕

ដោយ ហេង ណាលីន