MRC និងមជ្ឈមណ្ឌលកិច្ច​សហប្រតិ​បត្តិ​ការធន​ធានទឹក​មេគង្គ-ឡានឆាង ចុះអនុស្សរណៈយោគយល់គ្នា សម្រាប់ការគ្រប់គ្រងទន្លេមេគង្គ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ — លេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គ(MRCS) និងមជ្ឈមណ្ឌលសហប្រតិបត្តិការ​ធន​ធាន​ទឹកមេគង្គ-ឡានឆាង (LMC Water Center) បានពង្រឹងភាពជាដៃគូ ដើម្បីការផ្លាស់ប្តូរ​ទិន្នន័យ និងព័ត៌មាន ការពិនិត្យតាមដានអាងទន្លេ និងការវាយតម្លៃរួមគ្នាលើធនធានទឹកទន្លេ​មេគង្គ និងធនធានពាក់ព័ន្ធដទៃទៀត គឺជាសកម្មភាពសំខាន់ៗ សម្រាប់កិច្ចសហការរវាង​ភាគីទាំងពីរ។

ក្នុងកិច្ចសហប្រតិបត្តិការបច្ចេកទេស រវាង MRCS និង LMC Water Center បានធ្វើ​ឡើងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ខណៈដែលភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀង​មួយ ដើម្បីបញ្ជាក់ពីចំណងសម្ព័ន្ធភាពជាផ្លូវការ។ ការចុះអនុស្សរណៈនេះ ត្រូវបាន ចុះហត្ថ​លេខាដោយលោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC និង​លោកបណ្ឌិត ចុង យុង (Dr. Zhong Yong) អគ្គលេខាធិការ​ LMC Water Center នៅក្នុង​កិច្ច​​ប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីកិច្ចសហប្រតិបត្តិការធនធានទឹកមេគង្គ-ឡានឆាង នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយរួមមានវត្តមានរដ្ឋមន្ត្រីក្រសួងធនធានទឹក និង​បរិស្ថាន មកពីបណ្តាលប្រទេសតាមដងទន្លេមេគង្គ-ឡានឆាងទាំង៦។ នេះបើយោងតាម​ការផ្សាយ របស់លេខា​ធិ​ការដ្ឋាននៃគណៈកម្មការទន្លេមេគង្គ។

លោកបណ្ឌិត អាន ពេជ្រហត្ថដា បានលើកឡើងថា អនុស្សរណៈនេះ តំណាងឱ្យកិច្ច​ខិតខំប្រឹងប្រែងរួមគ្នារបស់យើង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និង ប្រទេសតាមដងទន្លេមេគង្គក្រោម នៅពេលដែលយើងស្វែងរកឱ្យមានការគ្រប់គ្រងអាង​ទន្លេ​មេគង្គ​លើ-ក្រោម ប្រកបដោយប្រសិទ្ធភាព សម្រាប់ផលប្រយោជន៍រួម និងនិរន្តរភាព​នាពេល អនាគត។ លោកបណ្ឌិតបានបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ ភាគីទាំងពីរនឹងធ្វើ​ការរួម​គ្នាតាមរយៈការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក និងធនធានពាក់ព័ន្ធនានា ដើម្បី​លើក​កម្ពស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព សម្រាប់ប្រទេសតាមអាង​ទន្លេមេគង្គ។ លោកបណ្ឌិតបានបន្ដថា គោលដៅសកម្មភាពបច្ចេកទេសសម្រាប់កិច្ចសហប្រតិ​បត្តិការទាំងនេះ រួមមានការចែករំលែកបទពិសោធន៍ ការផ្លាស់ប្តូរទិន្នន័យ និងព័ត៌មាន ការ​ពិនិត្យតាមដានអាងទន្លេ ការសិក្សា និងវាយតម្លៃរួមគ្នា ការគ្រប់គ្រងចំណេះដឹង ព្រមទាំងការ​កសាងសមត្ថភាពជំនាញពាក់ព័ន្ធ។

លោកបណ្ឌិត Zhong Yong បានបញ្ជាក់ដែរថា “ខ្ញុំជឿជាក់ថា អនុស្សរណៈនេះ នឹងធ្វើ​ឱ្យ​ទំនាក់ទំនងរវាង​មជ្ឈ​មណ្ឌលរបស់យើង និងលេខាធិការដ្ឋានMRC កាន់តែជិតស្និតជាងមុន និងបង្កើតនូវ​សហថាមពលក្នុងកិច្ចសហប្រតិបត្តិការធនធានទឹកក្នុងតំបន់”។ លោកបណ្ឌិត​បាន​បន្ថែមថា នេះក៏នឹងជួយយើងក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ការរស់នៅរបស់ប្រជាជន និង​ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅក្នុងអាងទន្លេមេគង្គ-ឡានឆាងឱ្យបានកាន់តែប្រសើរ។

សូមបញ្ជាក់ថា នៅក្នុងជំហានដំបូង ភាគីទាំងពីរបានយល់ព្រមរៀបចំធ្វើការស្រាវ​ជ្រាវ​រួមគ្នាមួយ​លើគ្រោះរាំងស្ងួតឆ្នាំ២០១៩ និងស្ថានភាពលំហូរទឹកទាបតាមអាងទន្លេមេគង្គ ដោយ​ការសិក្សានេះនឹងគ្របដណ្តប់ទាំងអាងទន្លេមេគង្គក្រោម និងអាងទន្លេមេគង្គលើក្នុង​ប្រទេស​ចិន ដែលតំបន់នេះ ទន្លេមេគង្គត្រូវបានគេស្គាល់ថាជាទន្លេឡានឆាង។ ការស្រាវជ្រាវរួមគ្នា ដែលនឹងចាប់ផ្តើមនៅដើមខែមករា និងបញ្ចប់នៅខែកញ្ញាឆ្នាំ២០២០ មានគោលបំណង កំណត់​នូវមូលហេតុ និងផលប៉ះពាល់ពីគ្រោះរាំងស្ងួត និងស្ថានភាពលំហូរទឹកទាបនៅ​ក្នុង​ឆ្នាំ២០១៩។ ដោយផ្អែកលើលទ្ធផលដែលកើតចេញពីការសិក្សានេះ គេរំពឹងថានឹងមាន ការ ផ្តល់នូវវិធានអនុសាសន៍ និងសកម្មភាពនានាពាក់ព័ន្ធនឹងការចែករំលែកទិន្នន័យ និងព័ត៌មាន នឹងធ្វើឱ្យកិច្ចការនេះកាន់តែប្រសើរឡើងក្នុងបណ្តាប្រទេសតាមអាងទន្លេ។ ការសិក្សានេះ ក៏ នឹងផ្តល់នូវរបៀបរៀបចំពិធីការទំនាក់ទំនងឱ្យបានច្បាស់លាស់ និងពង្រឹងប្រតិបត្តិការនានា លើអាងស្តុកទឹកទាំងនៅក្នុងប្រទេសចិន និងតាមបណ្តាលប្រទេសទន្លេមេគង្គប្រកបដោយ ភាពសម្របសម្រួល សម្រាប់ធ្វើការឆ្លើយតបឱ្យមានប្រសិទ្ធភាពទៅនឹងបញ្ហាគ្រោះរាំងស្ងួត និងលំហូរទឹកនាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត។

យោងតាមលទ្ធផលការពិនិត្យតាមដានលំហូរទឹករបស់ MRC ចុងក្រោយបំផុតបាន​បង្ហាញថា គ្រោះរាំងស្ងួតឆ្នាំ២០១៩ បានបណ្តាលឱ្យកម្រិតទឹកទន្លេមេគង្គធ្លាក់​ដល់កម្រិតទាប​បំផុត​នៅក្នុងប្រវត្តិសាស្ត្រ ឬក្នុងអំឡុងពេល៦០ឆ្នាំចុងក្រោយនេះ។ តំបន់ភាគច្រើន​តាមអាង​ទន្លេ កំពុងជួបប្រទះនូវលំហូរទឹកទាបគួរឱ្យកត់សម្គាល់ ចាប់តាំងពីខែមិថុនាមក។​បើតាម​លទ្ធផលបានបង្ហាញបន្ថែមថា លំហូរទឹកទាបខ្លាំង ការធ្លាក់ចុះយឺតនៃសារធាតុកករ និងវត្ត​មានសារាយឬស្លែនៅលើដីខ្សាច់ និងស្រទាប់បាតទន្លេ គឺជាមូលហេតុដែលបណ្តាលឱ្យពណ៌​ទឹក​ទន្លេមេគង្គបែ្រជាពណ៌ខៀវបៃតងនាពេលថ្មីៗនេះ៕

ដោយ អ៊ុន រិទ្ធី