រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច អញ្ជើញចូលរួមក្នុងសន្និសីទជាតិលើកទី១ ស្តីពីគណនេយ្យ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ — ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញចូលរួមក្នុងសន្និសីទជាតិលើកទី១ ស្តីពី គណនេយ្យ ក្រោមប្រធានបទ “តួនាទីវិស័យគណនេយ្យក្នុងសេដ្ឋកិច្ចឌីជីថល ” ។

សន្និសីទជាតិលើកទី១ ស្តីពី គណនេយ្យ បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នៅសណ្ឋា​គា​រសុខាភ្នំពេញ ដែលមានរយៈពេល​ពេញ១ថ្ងៃ ហើយគោលបំណង សំខាន់របស់សន្និសីទជាតិ គឺដើម្បីផ្តល់នូវព័ត៌មានដល់សិក្ខាកាមអំពីវឌ្ឍនភាពថ្មីៗ នៃវិស័យគណ​នេ​យ្យនៅកម្ពុជា, និងតួនាទីរបស់គណនេយ្យករ ជំនាញនៅក្នុងយុគ សម័យបច្ចេកវិទ្យាក្នុងបរិការណ៍សេដ្ឋកិច្ចឌីជីថល និងដើម្បីប្រមូលធាតុចូលពីអ្នកចូលរួម ទាំងអស់ សម្រាប់ជាមូលដ្ឋានបន្ថែមសម្រាប់រៀបចំ និងការកែលម្អក្របខ័ណ្ឌ គោលនយោ បាយ និងក្របខ័ណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យគ​ណ​នេយ្យ ជាពិសេសក្នុងការពង្រឹង តួនាទីរបស់និយ័តករ និងគណនេយ្យករជំនាញ ក្នុងយុគ​សម័យសេដ្ឋកិច្ច ឌីជីថល។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ក្នុងស្ថានភាពមួយ ដែលកម្ពុជាមានស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច , និងក្នុងពេលដែល ស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងតែមានភាពមិននឹងន កម្ពុជានៅតែថែរក្សាកំណើន សេដ្ឋកិច្ចជាង៧ភាគរយ ចាប់ពីឆ្នាំ២០១៥ រហូតមកដល់សព្វថ្ងៃ។ ក្នុងពេលដែលស្ថានភាព សេដ្ឋកិច្ចពិភពលោកកំពុងតែមានភាពមិននឹងន កម្ពុជានៅតែថែរក្សាកំណើន សេដ្ឋកិច្ចជាង៧ភាគរយ ចាប់ពីឆ្នាំ២០១៥ ដែលនេះ អាស្រ័យដោយការដឹកនាំដ៏ឈ្លាសវៃ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាទិសដៅទៅមុខ , ដើម្បីធានាបាននូវ កំណើន សេដ្ឋកិច្ចខ្ពស់ប្រកបដោយបរិយាប័ន្ន ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ នៃការប្រែក្លាយកម្ពុជាឱ្យទៅជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០, ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល គឺជាមុខសញ្ញាដ៏សំខាន់មួយ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបន្ថែមថា ទោះបីកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់ កាលកំពុងអភិវឌ្ឍន៍ក៏ដោយ ក៏កម្ពុជាគឺជាប្រទេសមួយដែលមានសក្តានុពលខ្ពស់ ប្រកបដោយជីវភាព ក្នុងការក្តាប់យកនូវកាលានុវត្តភាពពីបដិវត្តន៍ ឧស្សាហកម្មទី៤ និង សេដ្ឋកិច្ចឌីជីថល ដោយឈរលើកត្តាចំនួន៤គឺ៖ ទី១- ភាពអំណោយផលផ្នែកប្រជាសាស្រ្ត ដោយសារវត្តមាននៃចំនួនយុវជនដ៏ច្រើនដែលមានការអប់រំខ្ពស់ និងងាយទទួលយកនូវ បច្ចេកវិទ្យាឌីជី ថលយ៉ាងឆាប់រហ័ស, ទី២-ការកើនឡើងយ៉ាងឆាប់រហ័សនៃការប្រើ ប្រាស់ទូរស័ព្ទដៃនិង ឧបករណ៍វៃឆ្លាត (Smart devices), ទី៣- ការរីកចម្រើនយ៉ាងឆាប់ រហ័សនៃផ្នែកបច្ចេកវិទ្យា តាមរយៈលំហូរនៃការវិនិយោគផ្ទាល់ពីបរទេស និងទី៤ – ឥទ្ធិពលដ៏លឿននៃឌីជីថលភាវូនីយកម្មដែលកំពុងកើតមាននៅក្នុងគ្រប់វិស័យសំខា ន់ៗនៃសេដ្ឋកិច្ចជាតិ។

សេដ្ឋកិច្ចឌីជីថលកំពុងលេចរូបរាងជាបណ្តើរៗ ស្របពេលដែលមានការបង្កើត សកម្មភា​ពអាជីវកម្មថ្មីៗ ដូចជា ការប្រើប្រាស់ការទូទាត់ឌីជីថល, ការកើនឡើងនូវសកម្មភា​ព កម្សាន្តអនឡាញ, សកម្មភាពពាណិជ្ជកម្មអេឡិកត្រូនិចជាដើម។ ដោយបានយល់ឃើញ យ៉ាងច្បាស់ពីសក្តានុពលនៃបច្ចេកវិទ្យាថ្មីនេះ, ដែលអាចដើរតួជាឃ្លាស់ថ្មី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការជំរុញ ភាពប្រកួតប្រជែង និង ផលិតភាពសេដ្ឋកិច្ច, និង ដើម្បីចាប់យកសក្តានុពលនេះ សម្រាប់ពនឿនកិច្ចអភិវឌ្ឍជា រួម, រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា បានចាត់ទុកការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ជាវិស័យអាទិភាព យ៉ាងសំខាន់បំផុតមួយសម្រាប់ការអភិវឌ្ឍប្រទេស ដូចដែលមាន កំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤។

ឯកឧត្តម ក៏បានលើកអំពីបញ្ហាប្រឈម និងកាលានុវត្តភាពរបស់វិស័យគណនេយ្យ នៅក្នុងសេដ្ឋកិច្ច ឌីជីថល និងបានផ្តល់អនុសាសន៍មួយចំនួនដល់ស្ថាប័ននិយ័តករ, ស្ថាប័នវិជ្ជាជីវៈ និងគណនេយ្យករជំនាញ ឱ្យមានផែនការច្បាប់លាស់ដើម្បីសម្របខ្លួន ទៅនឹងបរិការណ៍សេដ្ឋកិច្ចថ្មី និងក្នុងយុគសម័យដែលបច្ចេកវិទ្យាមាន ការរីកចម្រើន យ៉ាងសម្បើម។ ក្នុងពេលនោះដែរ វាគ្មិនអញ្ជើញមកពីស្ថាប័នពាក់ព័ន្ធ ដែលមានក្រុម ប្រឹក្សាជាតិគណនេយ្យ, វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា, ធនាគារជាតិនៃកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, ស្ថាប័ន ACCA, អ្នកវិជ្ជាជីវៈ និងធុរជន ដែលមានការពាក់ព័ន្ធបានធ្វើបទបង្ហាញអំពី៖ ការធានាឱ្យបាននូវចីរភាពសម្រាប់ កំណើនរយៈពេលវែង, ហិរញ្ញវត្ថុឌីជីថលក្នុងបរិយាបទហិរញ្ញវត្ថុ, តម្លាភាព និងភាពអាចជឿទុកចិត្តបាននៃផ្នែកហិរញ្ញវត្ថុ, កាលានុវត្តភាពបច្ចេកវិទ្យាសម្រាប់ មុខងារហិរញ្ញវត្ថុ, ការផ្តល់ទំនុកចិត្តនិងភាពស្មោះត្រង់, បច្ចុប្ប​ន្ន កម្មនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការប្រើប្រាស់បច្ចេកវិទ្យារបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕

ដោយ គង់ សិរីរ័ត្ន