មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្លែងជំរុញគ្រប់ភាគីពាក់ព័ន្ធរួមគ្នាបង្ការ បង្ក្រាប​ ផ្តទ្ទាទោស​ សង្គ្រោះ និងការពារ ដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស

AKP បន្ទាយមានជ័យ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ — លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងអំពាវនាវ ជំរុញគ្រប់ភាគី ពាក់ព័ន្ធទាំងអស់បន្តរួមគ្នាបង្ការ បង្ក្រាប ផ្តទ្ទាទោស សង្គ្រោះ និងការពារ ដើម្បីកម្ពុជាគ្មាន អំពើ​ជួញដូរមនុស្ស។

ការថ្លែងបែបនេះរបស់លោកជំទាវ ជូ ប៊ុនអេង បានធ្វើឡើងក្នុងទិវាជាតិលើកទី១៣ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ដែលអាជ្ញាធរខេត្តបន្ទាយមានជ័យរួមជាមួយ អង្គការដៃគូបានប្រារព្ធធ្វើនៅសួនមានជ័យក្រុងសិរីសោភ័ណ កាលពីព្រឹកថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ ដែលមានថ្នាក់ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណជាង១២៨០នាក់ បានចូលរួមអបអរសាទរក្នុងទិវានោះ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍ថា អំពើជួញដូរមនុស្សគឺជាបទល្មើសឧក្រិដ្ឋដែលមិនអាចអត់អោនឱ្យបាន ហើយក៏ជាការរំលោភទៅលើសិទ្ធិ​មនុស្សយ៉ាងធ្ងន់ធ្ងរផងដែរ ដែលមាន​ចែងនៅក្នុងច្បាប់អន្តរជាតិ។

​លោកជំទាវ ជូ ប៊ុនអេង បានបញ្ជាក់ទៀតថា កត្តាដែល​ជំរុញ​ឱ្យមានការជួញដូរមនុស្ស គឺបណ្តាលមកពីភាពក្រីក្រកង្វះខាតផ្នែកសិក្សាអប់រំ ភាពអត់ការងារធ្វើ ការអើសអើងផ្នែកភេទ អំពើហិង្សា និងការរំលោភបំពាននៅក្នុងសង្គមគ្រួសារ ស្ថានភាពជម្លោះក្នុងគ្រួសារ កង្វះខាតនូវការជ្រើសរើស និងស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ជាដើម។

ជាមួយនោះលោកជំទាវក៏បានធ្វើការអំពាវនាវដល់អាជ្ញាធរដែនដីកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូពាក់ព័ន្ធ ត្រូវរួមគ្នាបន្តសកម្មភាពទប់ស្កាត់ និងបង្ក្រាបរាល់ទម្រង់ នៃការជួញដូរមនុស្សនៅកម្ពុជា ពិសេសនៅតាមតំបន់ជាប់ព្រំដែនដែលតែតែងកើតមាន ការជួញ​ដូរមនុស្សនេះច្រើនជាងគេនោះគឺការជួញដូរកម្លាំងពលកម្មនិងការជួញដូរផ្លូវភេទ ជាពិសេសលើស្ត្រីនិងកុមារ។

​អភិបាលរងខេត្តបន្ទាយមានជ័យ​​លោកស្រីប៉ុកណាឌី បាន​ឱ្យដឹងថា យោងតាម​របាយការណ៍បានបង្ហាញឱ្យឃើញថាបញ្ហាជួញដូរមនុស្សត្រូវបានរកឃើញស្ថិតនៅក្រោមរូបភាពទេសន្តប្រវេសន៍​ការងារ ដូចជាកន្លែងកម្សាន្តសប្បាយ អាពាហ៍ពិពាហ៍អន្តរជាតិ ទេសចរណ៍ការងារ និងការស្វែងរកគូស្រករនៅក្រៅប្រទេសជាដើមក្នុងនោះ អំពើជួញដូរមនុស្សមានពីរប្រភេទដែលត្រូវបានជួបប្រទះជាញឹកញាប់ជាងគេនោះគឺការជួញដូរកម្លាំងពលកម្ម និងការជួញដូរផ្លូវភេទ។

​លោកស្រីប៉ុកណាឌីឱ្យដឹងទៀតថា ការជួ​ញដូរមនុស្ស ឆ្លងកាត់ព្រំដែនទៅក្រៅប្រទេស​ គឺជាគោលដៅចម្បងដែលប្រជាជនកម្ពុជាត្រូវបានគេជួញដូរឱ្យទៅសុំទានធ្វើការងារក្នុងរោង​ចក្រកសិដ្ឋានចម្ការការងារផ្ទះនេសាទសមុទ្រ និងអាជីវកម្មផ្លូវភេទជាដើម៕ ​​

ដោយឈុនសារ៉ាត