មហាសន្និបាតលើកទី១២ នៃសភាតំបន់អាស៊ី APA ដែលប្រទេសតួកគីធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ ដោយបានអនុម័តសេចក្តីសម្រេចចំនួន៣០

AKP ​តួគី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ — ក្រោយពីបានដំណើរការកិច្ចប្រជុំអស់រយៈពេល៤ថ្ងៃ មហាសន្និបាតសភាតំបន់អាស៊ី APA ដែលប្រទេសតួកគីធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់នៅវេលាម៉ោង ១៩:៣០នាទី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ដោយមហាសន្និបាតបានអនុម័តសេចក្តីសម្រេចចំនួន៣០ ដែលបានរៀបចំ ដោយគណៈកម្មាធិការអចិន្ត្រៃយ៍ទាំង៤ ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានក្រុមជាតិរដ្ឋសភាកម្ពុជា-សភាតំបន់អាស៊ី APA ក៏បានដឹកនាំគណៈប្រតិភូចូលរួម ក្នុងពិធីនេះជាមួយនឹងគណៈប្រតិភូនៃប្រទេសជាសមាជិក APA ផ្សេងៗទៀតដែរ។ 

នៅក្នុងរបាយការណ៍បូកសរុបរបស់មហាសន្និបាត បានរំលេចឡើងនូវចំណុច សំខាន់ៗមួយចំនួនដូចជា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក្នុងនាមសភាកម្ពុជាមានកិត្តិយសត្រូវបានអង្គប្រជុំជ្រើសតាំងជាអនុប្រធាននៃកិច្ច ប្រជុំ។ នៅក្នុងមហាសន្និបាត (កិច្ចពិភាក្សាទូទៅ) ដែលបានកំណត់មូលបទ «តួនាទី នៃកិច្ច សហប្រតិបត្តិការពហុភាគី ក្នុងសភាតំបន់អាស៊ី» ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ត្រូវបាន លោក ជំទាវ អាស៊ូមេន អេឌូហ្គេន (Asuman ERDOGAN) ប្រធានដឹកនាំ មហាសន្និបាត ផ្តល់អាទិ ភាពឡើងថ្លែងបទអន្តរាគមន៍មុនគេ ហើយទទួលបានការយកចិត្តទុកដាក់ស្តាប់ និងគាំទ្រទៅ លើអនុសាសន៍សំខាន់ៗ ដែលឯកឧត្តមបណ្ឌិតបានលើកឡើងពាក់ព័ន្ធទៅនឹងប្រធានបទ ខាងលើ។

ជាមួយគ្នានោះ មហាសន្និបាត បានអនុម័តសេចក្តីសម្រេចចំនួន៣០ ដែលបានរៀបចំ ដោយគណៈកម្មាធិការអចិន្ត្រៃយ៍ទាំង៤។ មហាសន្និបាត បានសម្រេចទទួលយកប្រទេស ចំនួន២ ជាសមាជិកពេញសិទ្ធិគឺ ប្រទេសកាតា (Qatar) និងប្រទេសទីម័រឡេស្តេ (Timor Leste) ដែលធ្វើឱ្យបច្ចុប្បន្នសមាជិកនៃសភាតំបន់អាស៊ី បានកើនឡើងដល់ចំនួន៤៤ប្រទេស។ មហាសន្និបាត បានសម្រេចជូនសភានៃប្រទេសតួកគី បន្តជាប្រធានសភាតំបន់អាស៊ី សម្រាប់អាណត្តិឆ្នាំ២០២០-២០២១ ហើយមហាសន្និបាត ក៏បានអំពាវនាវផងដែរក្នុងការរក ប្រទេសស្ម័គ្រចិត្តទទួលជាប្រធានសភាតំបន់អាស៊ី APA បន្តពីសភាតួកគី សម្រាប់អាណត្តិ ឆ្នាំ២០២២-២០២៣។ សម្រាប់ឆ្នាំ២០២០ មហាសន្និបាត បានសម្រេចផ្តល់ជូនសភា នៃប្រទេសបារ៉ែន ទទួលរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ទទួលបន្ទុកកិច្ចការ សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព ហើយសភានៃប្រទេសអ៊ីរ៉ាក់ ទទួលរៀបចំកិច្ច ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ទទួលបន្ទុកកិច្ចការនយោបាយ ចំណែកសភានៃសហព័ន្ធរុស្ស៊ី ទទួលបន្ទុករៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ទទួលបន្ទុកផែនការ និងថវិកា។ ដើម្បី សម្រួលដល់កិច្ចការសភាតំបន់អាស៊ី មហាសន្និបាតបានអនុម័តយល់ព្រមតាម សំណើ របស់សភារុស្ស៊ី ដើម្បីបង្កើតក្រុមការងារមួយសិក្សា និងធ្វើវិសោធនកម្មធម្មនុញ្ញ និងបទបញ្ជា ផ្ទៃក្នុង APA ដែលគ្រោងនឹងរៀបចំកិច្ចប្រជុំក្រុមការងារនេះ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ នៅប្រទេសកូវ៉ែត។

សូមបញ្ជាក់ថា គណៈប្រតិភូ ដែលបានអញ្ជើញចូលរួមក្នុងមហាសន្និបាតលើកទី១២ នៃសភាតំបន់អាស៊ី APA នៅទីក្រុងអាន់តាលីយ៉ា ប្រទេសតួកគី នាពេលនេះ មានប្រទេសជាសមាជិកចំនួន២១បានចូលរួម។ ក្នុងនោះ គណៈប្រតិភូដឹកនាំដោយប្រធាន សភាមានចំនួន៤ប្រទេស និងគណៈប្រតិភូដឹកនាំដោយអនុប្រធានសភាមានចំនួន៤ប្រទេស។ ក្រៅពីនោះក៏មានការចូលរួមពីប្រទេសសង្កេតការណ៍ និងអង្គការសង្កេតការណ៍មួយ ចំនួនផងដែរ៕

ដោយ ប៉ាល់ សុង