ឆ្នាំ២០១៩ សាខាពន្ធដារខេត្តព្រះសីហនុ ប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន គ្រប់ប្រភេទបានចំនួន៧.០៦៩.៥៣០.០០០រៀល

AKP ព្រះសីហនុ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ — លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ បានមានប្រសាសន៍ឱ្យដឹង នៅព្រឹកថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទប្រចាំឆ្នាំ២០១៩ គឺចាប់ពី ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាខាពន្ធដារខេត្តព្រះសីហនុ ប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូនបានចំនួន ១៣.០៦៩គ្រឿង និងបា្រក់ពន្ធមានចំនួន  ៧.០៦៩.៥៣០.០០០រៀល។ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ មានការកើនឡើង ចំនួនរថយន្ត ១.២៥៨គ្រឿង ស្មើនឹង ១០.៦៥ភាគរយ និងប្រាក់ពន្ធកើនឡើង ១.៤០២.៣៩០.០០០រៀល ស្មើ ២៤.៧៤ភាគរយ។

លោកប្រធានសាខាពន្ធដារខេត្តព្រះសីហនុបានបន្តថា ចាប់ពីខែមករា ឆ្នាំ២០២០ ខាងមុខ មន្ត្រីសាខាពន្ធដារនឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យលើមធ្យោ បាយដឹកជញ្ជូនគ្រប់ប្រភេទដែលធ្វើចរាចរណ៍លើដងផ្លូវសាធារណៈក្នុងខេត្តព្រះសីហនុ ដើម្បី ប្រមូលថវិកាជូនជាតិ។  ក្នុងឆ្នាំ២០១៨ ក្រោយពេលបិទបញ្ចប់ការបង់ពន្ធលើមធ្យាបាយដឹក ជញ្ជូនរួចមក មន្ត្រីសាខាពន្ធដា សហការជាមួយសមត្ថកិច្ច ចុះត្រួតពិនិត្យ រកឃើញយានយន្ត គ្រប់ប្រភេទបានជាង២០០គ្រឿង ដែលមិនបានចូលមកបង់ពន្ធ និងធ្វើការផាកពិន័យ បានចំនួនជាង១០០លានរៀល។ លោកសង្ឃឹមថា នៅក្រោយបញ្ចប់បិទការបង់ពន្ធមធ្យោ បាយ ដឹកជញ្ជូនប្រចាំឆ្នាំ២០១៩នេះ យើងចុះត្រួតពិនិត្យនឹងអាច រកឃើញរថយន្តតិចតួច ដែលមិនបានចូលមកបង់ពន្ធតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ។

លោក សន ស៊ីផល បន្តថា ដោយសារបច្ចុប្បន្នប្រជាពលរដ្ឋមានការយល់ដឹងកាន់តែ ច្រើនអំពីកត្តព្វកិច្ចបង់ពន្ធគ្រប់ប្រភេទ ពួកគាត់បាននាំគ្នាចូលមកបង់ពន្ធនៅតាមសាខាពន្ធដារ និងតាមធនាគារដែលបានធ្វើកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានពន្ធដា មានដូចជា ធនាគារអេស៊ីលីដា ធនាគាសាធារណ: ធនាគារកាណាឌីយ៉ា ធនាគាវឌ្ឍនៈ និងធនាគារ ANZ ។

លោកបន្តថា សាខាពន្ធដារខេត្តព្រះសីហនុ បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងបើកសិក្ខាសាលាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ និងអ្នកវិនិយោគិន ក្នុងខេត្តព្រះសីហនុ ស្តីពីកាតព្វកិច្ចបង់ពន្ធ ពួកគាត់មានការយល់ដឹងកាន់តែច្បាស់ ចូលមកបង់ពន្ធមានការកើនឡើងជារៀងរាល់ឆ្នាំ ។

សូមរម្លឹកថា ឆ្នាំ២០១៨ សាខាពន្ធដារខេត្តព្រះសីហនុ ប្រមូលពន្ធលើមធ្យោបាយ ដឹកជញ្ជូនគ្រប់ប្រភេទបានចំនួន ១១.៨១១គ្រឿង និងប្រាក់ពន្ធចំនួន ៥.៦៦៧.១៥០.០០០រៀល៕

ដោយ ងូ សុមុនី