ម្ចាស់មេដាយមាសស៊ីហ្គេមទាំង៤ប្រភេទកីឡាទទួលបានការឧបត្ថម្ភពីណាហ្គាវើលដ៍

AKP ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ — ម្ចាស់ជ័យលាភីមេដាយមាសទាំង៤ប្រភេទកីឡា រួមទាំងគ្រូបង្វឹក ដែលដណ្តើមបានពីស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីនទទួលបានការឧបត្ថម្ភលើកទឹកចិត្តជាប្រាក់រង្វាន់ពី​ណា ហ្គាវើលដ៍ កាលពីល្ងាចថ្ងៃចន្ទទី១៦ ខែធ្ន ឆ្នាំ២០១៩ នៅក្នុងផ្សារទំនើបក្រោមដី​ណាហ្គា​ស៊ីធីវ៉ក ក្រោមវត្តមានឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង​លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍។

លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍មានប្រសាសន៍ថា ចំនួនមេដាយ​ស៊ីហ្គេមក្នុងឆ្នាំនេះរបស់កម្ពុជាលើសពីឆ្នាំមុនជាងពីរដង។ លោកកោតសរសើរចំពោះកិច្ច ខិត ខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្នុងការអភិវឌ្ឍ និងបណ្តុះបណ្តាលអត្ត ពលិកកម្ពុជាឱ្យមានការអភិវឌ្ឍជាលំដាប់ពីស៊ីហ្គេមមួយទៅស៊ីហ្គេមមួយទៀត។ លោកបាន​បន្ថែមថា ណាហ្គាវើលដ៍មានកិត្តិយសយ៉ាងខ្លាំង ដែលបានក្លាយជាផ្នែកមួយនៅក្នុង​ដំណើរ​នេះ ខណៈយើងគាំទ្រដល់កម្មវិធីកីឡារបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា​នៅទូទាំង​ប្រទេស។

ជាមួយគ្នានេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀង “ដំណើរឆ្ពោះទៅរកមេដាយមាស” របស់ណាហ្គាវើលដ៍ជាមួយនឹងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អត្តពលិកមេដាយមាស​ឯកត្តជនម្នាក់ទទួលបានរង្វាន់ជាទឹកប្រាក់៦.០០០ដុល្លារអាម៉េរិក ចំណែកឯអត្តពលិក​មេដាយ​មាសក្រុមមួយក្រុមទទួលបានទឹកប្រាក់រង្វាន់១០.០០០ដុល្លារអាម៉េរិក។ ណាហ្គាវើលដ៍​ក៏បាន ផ្តល់រង្វាន់ជាទឹកប្រាក់ដល់គ្រូបង្វឹករបស់អត្តពលិកមេដាយមាសម្នាក់ៗនូវទឹកប្រាក់១.០០០ ដុល្លារអាម៉េរិក ព្រមទាំងផ្តល់រង្វាន់ដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានូវទឹកប្រាក់ ៤.០០០ ដុល្លារអាម៉េរិក ដែលប្រាក់រង្វាន់លើកទឹកចិត្តនេះសរុបមានចំនួន ៣៦.០០០ដុល្លារ​អាម៉េរិក៕

ដោយ ហេង ណាលីន