សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាថា បឹងតាមោកជាទីតាំងដ៏ល្អសម្រាប់ហ្វឹកហាត់​ត្រៀមស៊ីហ្គេម ២០២៣

AKP ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ — សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់សម្តេចក្រឡាហោម ស ខេង” លើកទី៦ រយៈពេល៣ថ្ងៃ ដោយបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា

មុនឈានមកដល់ការប្រកួត សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា បានដាក់​ចេញ​នូវផែនការសកម្មភាពការប្រកួតជ្រើសរើសចម្រាញ់យកចំណាត់ថ្នាក់លេខ១ និង លេខ២ តាម​បណ្តាភូមិភាគទាំង០៥ ក្នុងឆ្នាំ២០១៩ ដើម្បីមកប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់​សម្តេចក្រឡាហោម ស ខេង លើកទី៦ ឆ្នាំ២០១៩នេះ ខណៈដែលមានចំនួន ១៤​ក្រុម​ចូលរួម ក្នុងនោះបុរស ០៩ក្រុម និងនារី ៥ក្រុម ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ទាំងអស់សរុប ចំនួន ២២៤ រូប ក្នុងនោះមានកីឡាការិនី៨០រូប។

ឯកឧត្តម មាស សារិន  អនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានមាន ប្រសាសន៍ថា ក្រោយអនុសាសន៍​ណែនាំ និងចង្អុលបង្ហាញរបស់សម្តេចក្រឡាហោមឱ្យ​សហ​ព័ន្ធមករៀបចំធ្វើការប្រកួត កីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ កាយ៉ាក់ ជ្រើស រើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៦ ឆ្នាំ២០១៩ នៅ បឹងតាមោក ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញនេះ គណៈកម្មការប្រតិបត្តិសហព័ន្ធ យល់ឃើញ​ថា ទីតាំងនេះ ពិតជាមានលក្ខណៈសមស្របតាមស្តងដារអន្តរជាតិក្នុងការធ្វើការហ្វឹកហាត់ បច្ចេកទេសកីឡាលើទឹកគ្រប់ប្រភេទ និងជាទីតាំងដែលអាចរៀបចំការប្រកួតដ៏ល្អ។

សូមបញ្ជាក់ថា លទ្ធផលបច្ចេកទេស៖ ពានសមាគម បុរស ៨០០ ម៉ែត្រ ចំណាត់ថ្នាក់ លេខ១ ខេត្តបន្ទាយមានជ័យ, ចំណាត់ថ្នាក់លេខ២ ខេត្តកោះកុង និងថ្នាក់លេខ៣ ខេត្ត ក្រចេះ។ ផ្នែកនារី លេខ១ រាជធានីភ្នំពេញ, លេខ២ ខេត្តស្វាយរៀង និងលេខ៣ កងទ័ពជើង ទឹក។ ជើងឯកពានធំ បុរស ៨០០ម៉ែត្រចំណាត់ថ្នាក់លេខ១ ខេត្តកណ្ដាល, លេខ២ ក្រសួង មហាផ្ទៃ និងលេខ៣ ខេត្តឧត្តរមានជ័យ៕

ដោយ ហេង ណាលីន