សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យក្រុមហ៊ុន Smart ផ្ដល់សេវាអ៊ីនធឺណែតទៅដល់ទីជនបទ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យ​ក្រុម​ហ៊ុ​ន Smart ពិចារណាអំពីការជួយដល់សាលារៀន ក៏ដូចជាមន្ទីរពេទ្យ ដើម្បីឱ្យគ្រូបង្រៀន និ​ង​​​សិស្សានុសិស្ស មានឱកាសបានប្រើប្រាស់អ៊ីនធឺណែត ស្រូបយកចំណេះវិជ្ជា និងឈ្វេងយល់​អំពី​កត្តាសង្គមផ្សេងៗទៀត តាមរយៈការផ្ដល់សេវាគ្របដណ្ដប់ទៅតាមសាលារៀននៅ​តាមទី​ជ​នបទ ដែលអាចទាក់ទាញការចាប់អារម្មណ៍ពីសិស្ស និងពីប្រជាជនកម្ពុជាកាន់តែខ្លាំងឡើង ទៅ​លើប្រព័ន្ធ Smart ដែលមានស្រាប់នេះ។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានថ្លែងដូច្នេះប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុ​ជា​ បានអនុញ្ញាតឱ្យលោក Tan Sri Jamaludin Ibrahim នាយកចាត់ចែងទូទៅ និងជាប្រធាន​នា​យក​ប្រតិបត្តិក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់របស់ Axiata Group Berhad និងជាម្ចាស់​ភាគ​ហ៊ុ​ន  ​​រ​បស់ក្រុមហ៊ុន Smart ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៩ នៅវិ​មាន​សន្តិ​ភាព។ 

ក្នុងជំនួបនេះ យលោក Tan Sri Jamaludin Ibrahim បានគោរពរាយការណ៍​ជូន​សម្ដេចតេជោថា ក្រុមហ៊ុនស្មាត បានបោះទុនវិនិយោគនៅកម្ពុជាអស់ ១,៤០០ លានដុល្លារ​អាម៉េរិក ហើយក្រុមហ៊ុនកំពុងតែ​មា​នគម្រោងបង្កើនវិនិយោគថែមទៀតនោះ គឺការវិនិយោគ​ទៅលើបច្ចេកវិទ្យាថ្មី ទំនើបដូចជាប្រព័​ន្ធ​​ហ្វាយជី(៥G)ផងដែរ។ លោកបានបន្តថា ការវិនិ​យោគ របស់ក្រុមហ៊ុនស្មាត គឺមិនត្រឹម​តែ​ដើ​ម្បី​រកផលចំណេញនោះទេ គឺដើម្បីចូលរួមចំណែក​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ​ក៏ដូចជា​សង្គមកម្ពុជាផងដែរ ជាអាទិ៍ ក្រុមហ៊ុនបានចូលរួម​ចំណែក​​​យ៉ាងច្រើនទៅលើវិស័យ​អប់រំ​ និងវិ​ស័​យសុខាភិបាល ក៏ដូចជាវិស័យបរិស្ថាន និង​កីឡា​ផងដែរ។ ក្នុងន័យនេះ លោកក៏​បាន​គោ​រ​ពជម្រាបជូនសម្ដេចផងដែរថា ​ក្រុមហ៊ុន​នឹង​បន្តពង្រីកវិសាលភាពរបស់ក្រុមហ៊ុនទៀត​ទៅ​គ្រ​ប​​ដណ្តប់នៅតាមទីជនបទ ។ លោក Tan Sri Jamaludin Ibrahim  ក៏បានស្នើសុំ​អនុ​សា​ស​ន៍​ដ៏​ខ្ពង់​ខ្ពស់​អំពី​សម្ដេ​ច​តេជោ ដើម្បីធ្វើយ៉ាង​ណា​ឱ្យក្រុមហ៊ុ​នអាចចូលរួមចំណែកកាន់តែខ្លាំងឡើង​ថែ​មទៀតនៅក្នុងការអភិវឌ្ឍសង្គមកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះយលោក Tan Sri Jamaludin Ibrahim និងក្រុមហ៊ុនស្មាត ដែ​ល​បា​នចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជា ជាពិសេសលើវិស័យអប់រំ  វិស័យបរិស្ថាន វិស័យ​សុ​ខា​ភិបាលជាដើម។ សម្ដេចតេជោបន្តថា ការរួមចំណែកនេះគឺមានសារៈសំខាន់ណាស់ ប៉ុន្តែ​ទោះ​​ជាយ៉ាងណាក៏ដោយ សម្ដេចបានផ្ដល់​អនុសាសន៍ឱ្យក្រុមហ៊ុន ពិចារណា ពង្រីកវិ​សាល​ភា​ព​របស់ក្រុមហ៊ុន នៅក្នុងការផ្ដល់សេវា​គ្រប​ដណ្ដប់ទៅលើទីជនបទ ឱ្យ​បានច្រើនជាទីបំផុត ​ព្រោះ​ប្រជាជនកម្ពុជា ជាពិសេស​សិស្សានុ​​សិស្សកម្ពុជាត្រូវការបច្ចេកវិទ្យានេះ ​ដើម្បីស្រូប​យក​ចំ​ណេះដឹងថែមទៀត។ សម្ដេច​តេ​ជោនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យក្រុមហ៊ុន​ពិចារណា​ផង​ដែ​​រ ក្នុងការជួយដល់សាលារៀន​ក៏ដូចជាមន្ទីរពេទ្យ ដើម្បីឱ្យគ្រូបង្រៀន និងសិស្ស មានឱកាស​បា​ន​ប្រើប្រាស់អ៊ីនធឺណែត និង​ដើម្បីស្រូបយកចំណេះវិជ្ជា ព្រមទាំងឈ្វេងយល់អំពីកត្តា​សង្គ​ម​ផ្សេងៗទៀតផង។ ទន្ទឹមនេះ តាមរយៈការផ្ដល់សេវាគ្របដណ្ដប់ទៅតាមសាលារៀននេះ អាច​ទាក់​ទា​ញការចាប់​អារម្មណ៍​ពីសិស្ស និងពីប្រជាជនកម្ពុជាកាន់តែខ្លាំងឡើង ទៅលើប្រព័ន្ធ​ស្មា​ត​ដែ​ល​មានស្រាប់នេះ​ផងដែរ។ សម្ដេចតេជោក៏បានស្នើសុំឱ្យក្រុមហ៊ុនពិចារណាពិនិត្យ​មើល​ប្រព័​ន្ធ​ស្មាតនៅក្រៅ​ប្រទេសផងដែរ ធ្វើយ៉ាងណាឱ្យប្រព័ន្ធស្មាតមានដំណើរការទាក់ទងបានល្អ នៅ​​ក្រៅប្រទេស។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា សព្វថ្ងៃនេះប្រព័ន្ធស្មាត​គឺ​ជាប្រព័ន្ធដ៏ល្អ​មួយ ជាប្រព័ន្ធដែលមានល្បឿនលឿន ​ហើយក៏មានជំនឿទុកចិត្ត​និងជឿជាក់​យ៉ា​ងខ្លាំងពី​ប្រជា​ជនកម្ពុជា។  ជាមួយគ្នានេះ តាមរយៈការពង្រីកវិសាលភាពថែមទៀតទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក នឹងជំរុញទៅដល់សិស្សានុសិស្ស នៅតាមសាលាផ្សេងៗទៀតនោះ អាចធ្វើឱ្យ​ក្រុ​ម​ហ៊ុន​នេះ មានសក្ដានុពល មានចំណាប់អារម្មណ៍ និងមានជំនឿជឿជាក់កាន់តែខ្លាំងឡើង៕

ដោយ ជឹម ណារី