ចិន នឹងជួយព្យាបាលជំងឺភ្នែកដល់ប្រជាជននៅខេត្តព្រៃវែងបន្តទៀត បន្ទាប់ពី​បញ្ចប់បេសកកម្ម នៅខេត្តកំពង់ចាម ដោយទទួលបានជោជ័យ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ — ឯកឧត្តម លឿង ជុនយីង( Leung Chun-ying ) អនុប្រធានគណៈកម្មការជាតិនៃក្រុម ប្រឹក្សា​នយោបាយ​ប្រជា​ជ​​នចិន និងជាប្រធានមជ្ឈមណ្ឌលខ្សែក្រវាត់និងផ្លូវនៃទីក្រុងហុងកុង បាន ថ្លែ​​ងថា ក្រុមគ្រូ​ពេ​ទ្យ​ស្ម័​គ្រ​ចិត្តរបស់ប្រទេសចិន នឹងបន្តជួយវះកាត់ និងព្យាបាលជំងឺភ្នែក​ដល់​ប្រជាជននៅខេត្តព្រៃវែង​បន្ត​ទៀត បន្ទាប់ពីបញ្ចប់បេសកកម្មនៅខេត្តកំពង់ចាមទទួលបាន​ជោ​ជ័​យនា​ពេលកន្លងមក​នោះ​​។

នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បន្ទាប់ពី​សម្ដេ​ចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អនុ​​ញ្ញាតឱ្យ ឯកឧត្តម លឿង ជុនយីង អនុប្រធានគណៈកម្មការជាតិនៃក្រុមប្រឹក្សានយោបាយ​ប្រ​ជាជនចិន និងជាប្រធានមជ្ឈមណ្ឌលខ្សែក្រវាត់និងផ្លូវនៃទីក្រុងហុងកុង ចូលជួបសម្ដែងការ​គួរ​​សម នារសៀលថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែ​ធ្នូ​ ឆ្នាំ២០១៩ នៅវិមានសន្តិភាព។

ក្នុងជំនួបនេះ ឯកឧត្តម លឿង ជុនយីង បានគោរព​រា​យ​ការ​ណ៍​ជូនសម្ដេចតេជោថា ឯកឧត្តមបានមកកាន់ប្រទេសកម្ពុជាជាច្រើនដងមកហើយ  ដែល​លើក​ទី​២ ឯកឧត្តម​បាននាំ​គ្រូពេទ្យស្ម័គ្រចិត្តមកជួយដល់ប្រជាជនកម្ពុជា​ដែលមានបញ្ហាភ្នែក​នៅខេត្ត​កំ​​ពង់ចាម។ ឯកឧត្តមបានពិនិត្យឃើញថា ប្រជាជនកម្ពុជាមានបញ្ហាភ្នែកកើតកន្ទុយថ្លែនច្រើន នឹ​ង​បញ្ហា​ភ្នែកដទៃទៀត។ ក្នុងន័យនេះ ឯកឧត្តមក៏បានរៀបចំមជ្ឈមណ្ឌល​ ដើម្បីធ្វើយ៉ាងណា​ជួ​យ​​ដល់​ប្រជាជនខេត្តកំពង់ចាមដែលមានបញ្ហាភ្នែកឱ្យជាសះស្បើយទាំងអស់គ្នា។ ឯកឧត្តម​បា​នបន្ដ​ថា ការព្យាបាលភ្នែកកន្ទុយថ្លែននោះ គឺជាការងាយបំផុត មិនមាន​គ្រោះ​ថ្នា​ក់​ ហើយមិនមាន​ការឈឺចា​ប់នោះទេ និយាយរួមការងារនេះគឺជាការងារមិនគួរឱ្យ​មានការ​ព្រួ​យ​បារម្ភនោះទេ តែជាការងារដែលគ្រូពេទ្យជាច្រើនបានធ្វើទទួលបានជោគជ័យ​១០០%ផង​ដែ​រ​​។ ក្នុងនោះ ឯកឧត្តមក៏បានលើកឡើងពីករណីមួយ គឺការវះកាត់ទៅលើបុរសវ័យ​ចំណាស់​ម្នា​ក់​​ដែលមា​ន ភ្នែកកើតកន្ទុយថ្លែន បន្ទាប់ពីការវះកាត់រយៈពេល២០នាទីទៅ៣០នាទី។ មួយថ្ងៃក្រោ​យ​មក ភ្នែករបស់គាត់ក៏អាចមើលឃើញច្បាស់​ឡើងវិញដូចធម្មតា បន្ទាប់ពីគាត់​មើល​មិន​ឃើ​ញ​រយៈពេល៧ឆ្នាំមកហើយ។ ចំណុចនេះហើយធ្វើឱ្យទឹកចិត្តរបស់ក្រុមគ្រូពេទ្យ កា​ន់​​តែមានទឹក​ចិត្តបន្ថែមទៀតសម្រាប់ការចូលរួមព្យាបាលជំងឺ​ដល់ប្រជាពលរដ្ឋកម្ពុជាបន្ថែម​​ទៀ​ត។ ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចតេជោថា កន្លងមកក្នុងរយៈពេល៩ខែមកនេះ ក្រុ​ម​គ្រូពេទ្យរបស់ឯកឧត្តមគឺមានពេលចំនួន១២នាក់ ដែលប្រចាំការនៅខេត្តកំពង់ចាម ហើ​យ​រហូ​តមកដល់ថ្ងៃសុក្រកន្លងមកនេះ គឺបេសកកម្មរបស់ឯកឧត្ដម​បានបញ្ចប់ទទួលបាននូវ​ភាព​ជោគ​ជ័យ គឺអ្នកជំងឺប្រមាណជា ៦,២០៨នាក់ ទូទាំងខេត្តដែល​មានបញ្ហាភ្នែកកើតកន្ទុយថ្លែន​នោះ​ បានទទួលបាននូវការព្យាបាល និងជាសះស្បើយ។ ឯកឧត្តម លឿង ជុនយីង ក៏បាន​គោ​រ​​ពជម្រាប​ជូនផង​ដែរ​ថា បន្ទាប់ពីបេសកកម្មនៅខេត្តកំពង់ចាមហើយលោកនឹងបន្តទៅ​កាន់​ខេ​ត្ត​​ព្រៃវែងទៀត ដោយឧបករណ៍សម្ភារ គ្រឿងប្រើប្រាស់នៅខេត្តកំពង់ចាមគឺរក្សា​ទុកខេត្តកំពង់​ចាម​ដដែល ផ្ទុយទៅវិញេកឧត្ដមនឹងយកឧបករណ៍ថ្មីទៅកាន់ខេត្តព្រៃវែងជាបន្តទៀត​។

ឯក​ឧ​ត្ដ​​មបានលើកឡើងដែរថា អ្វីដែលក្រុមគ្រូពេទ្យធ្វើនៅពេលនេះ ទី១ គឺបម្រើការ​ងារមនុស្សធម៌​ដើម្បី​ជួ​យ​ដល់ប្រជាជនកម្ពុជា និងទី២ គឺជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ស្របទៅនឹង​គោ​ល​នយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន។ ក្នុងន័យនេះ ដើម្បីបំពេញបេសកកម្មរបស់​ឯក​ឧត្តមឱ្យទទួលបានភាពជោគជ័យនៅខេត្តព្រៃវែង ឯកឧត្តម​បាន​ស្នើសុំសម្ដេចតេជោ ឱ្យក្រ​សួ​ង​សុខាភិបាលបន្តគាំទ្រដល់ក្រុមការងាររបស់​ឯកឧត្ដម​ជា​បន្តទៀត ក្នុងគោលដៅជួយដល់​ប្រ​ជាជនកម្ពុជា។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅចំពោះ​ឯកឧត្តម ជុ​ន​យីង ក៏ដូចជាក្រុមការងារទាំងអស់ដែលបានផ្ដល់ការបរិច្ចាគ ដើម្បីបម្រើ​ផល​ប្រយោជន៍​មនុ​ស្ស​ធម៌ដល់ប្រជាជនកម្ពុជា។ សម្តេចតេជោបានមានប្រសាសន៍ថា ខេត្តកំពង់​ចា​ម​គឺជាខេត្ត​មួ​យ​ ដែលកាលពីដើមឡើយមានខេត្តត្បូងឃ្មុំរួមបញ្ចូលដែរ ប៉ុន្តែក្រោយមក ត្រូវបំបែកជាពីរ។ ដោ​​យឡែកការទាក់ទងទៅនឹងការព្យាបាលជំងឺភ្នែកជាបន្តទៀត ​ដល់ប្រ​ជាពលរដ្ឋនៅ​ខេត្តព្រៃ​វែ​ង សម្ដេចតេជោបានគូសបញ្ជាក់ថា ទីនោះក៏ជាទីតាំងល្អដែរ ហើយ​គប្បីណាជួយដល់​ប្រ​ជា​ជនដែលរស់នៅខេត្តជាប់ខេត្តព្រៃវែងផងដែរ ដែលរួមមាន ខេត្តត្បូង​ឃ្មុំ និងខេត្តស្វាយ​រៀ​ង​ជា​ដើម។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា ការជួយ​ប្រជាជនឱ្យមាន​ភ្នែកភ្លឺ​ឡើ​ងវិញនេះ គឺជាការងារមនុស្សធម៌មួយ ហើយសម្ដេចយល់ច្បាស់នូវ​អារម្មណ៍​​ដែលប្រជាជន​ទ​ទួ​លបានភ្នែកភ្លឺមកវិញនេះ។ សម្ដេចតេជោបានបន្ដថា តាមព្រះពុទ្ធ​សាសនា ការ​ធ្វើ​អំពើល្អតែតែងតែបានបុណ្យច្រើនណាស់។ ក្នុងន័យនេះសម្ដេចតេជោ ជួស​មុខ​ឱ្យប្រជាជន​ទាំ​ង​អស់ដែលបានទទួលព្យាបាលភ្នែកភ្លឺឡើងវិញ សូមអរគុណចំពោះ​ឯកឧត្តម និងក្រុមការងារ និងអ្នកឧបត្ថម្ភទាំងអស់ ដែលបានជួយព្យាបាលជំងឺ​ជូនដល់ប្រជា​ជន​កម្ពុជា​ ហើយសូមឱ្យ​ឯក​ឧ​ត្ត​ម និងក្រុមការងារបន្តជួយដល់ប្រជាជនកម្ពុជានៅខេត្ត​ផ្សេងៗ​ជាបន្តបន្ទាប់ទៀត៕

ដោយ ជឹម ណារី