គណៈកម្មការជំនាញរដ្ឋសភា បើកកិច្ចពិភាក្សាជាមួយតំណាង​រាជរដ្ឋាភិបាល​លើកសេចក្តីព្រាង​ច្បាប់​ចំនួន៦​ពាក់ព័ន្ធនឹងការអភិវឌ្ឍអគ្គិសនី

AKP ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ — តំណាងរាជរដ្ឋាភិបាល និងគណៈកម្មការជំនាញរដ្ឋសភា បានបើកិច្ចប្រជុំពិភាក្សា​លើសេចក្តី​ព្រាងច្បាប់ចំនួន៦ ពាក់ព័ន្ធការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ​កម្ពុជាជូន​ចំពោះក្រុមហ៊ុនមួយចំនួនដែលអភិវឌ្ឍន៍វិស័យអគ្គិសនីនៅកម្ពុជា។

ក្នុងកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ឯកឧត្ដមបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ទាំង៦នេះ ត្រូវបានចែកចេញជាពីរបណ្ដុំ ទី១ គឺថាមពល​អគ្គិសនី​ដែលប្រើដោយពន្លឺព្រះអាទិត្យ ដែលមាន៤គម្រោង និងមានអានុភាព​សរុប១៤០​មេហ្គាវ៉ាត់។ មួយទៀត គឺប្រើថាមពលធ្យូងថ្ម ដែលយើងទិញពីសាធារណរដ្ឋប្រជាធិប​តេយ្យ​ប្រជាមានិតឡាវ មាន២គម្រោង និងមានអានុភាពសរុប២,៤០០មេហ្គាវ៉ាត់។ ឯកឧត្ដមបាន​បញ្ជាក់ថា រដ្ឋបានអនុម័តច្បាប់ជាច្រើនមកហើយដែលស្នើសុំពីរាជរដ្ឋាភិបាលពាក់ពន្ធ​នឹង​អគ្គិសនី ប៉ុន្តែថ្ងៃនេះពិភាក្សាមានសេចក្ដីព្រាងច្បាប់ចំនួន៦។

ឯកឧត្ដមប្រធានគណៈកម្មការបានបន្ដថា សេចក្ដីព្រាងច្បាប់ចំនួន៦នេះ រួមមាន ទី១- សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរា​ជា​ណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហ្រ្គីន សឺស្តែនណេប៊ល វេនឈ័រ (ខេមបូឌា) ឯ.ក សម្រាប់​គម្រោងសាងសង់ស្ថានីយផលិត អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ២០មេហ្គាវ៉ាត់ នៅខេត្តស្វាយរៀង។ ទី២- សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកា​រធានាទូទាត់​របស់​រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា ឱ្យក្រុមហ៊ុន រ៉ាយ ផៅវើ សឹបផ្លាយ ឯ.ក សម្រាប់គម្រោង សាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៣០ មេហ្គាវ៉ាត់ នៅខេត្តបន្ទាយមានជ័យ។ ទី៣- សេចក្ដីព្រាងច្បាប់ស្ដីពី​ការអនុម័តយល់​ព្រមលើ​ការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ាយសិន អេនើជី (ខេមបូឌា) បាត់ដំបង ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយ អគ្គិសនី ដើរដោយពន្លឺ​ព្រះអាទិត្យ អានុភាព៦០ មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង។ ទី៤ – សេចក្ដីព្រាងច្បាប់ស្ដីពី​ការអនុ​ម័ត​​យល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក អ៊ីនហ្វីនីត ឯ.ក សម្រាប់គម្រោង សាងសង់ស្ថានីយផលិតអគ្គីសនី ដើរដោយពន្លឺ​ព្រះអាទិត្យ អានុភាព ៣០ មេហ្គាវ៉ាត់ នៅខេត្តពោធិ៍សាត់។ ទី៥- សេចក្ដីព្រាងច្បាប់ស្ដីពីការ​អនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យ​ក្រុមហ៊ុន ធីអេសប៊ីភី សេកុង ផៅវើ អ៊ែន មីនើរ៉ល ខមភេនី លីមីធីត នៃសាធារណរដ្ឋប្រជាធិប​តេយ្យប្រជាមានិតឡាវ។ ទី៦- សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើការ​ធានាទូទាត់​របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា ឱ្យក្រុមហ៊ុន សេកុង សឺមម័ល ផៅវើ ផ្លេន ខមភេនី លីមីធីត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ៃ និងថាមពលបានលើកឡើងថា រាជរដ្ឋាភិ បាលនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ ប្រជាជន​យើង​ប្រើប្រាស់ឱ្យបានគ្រប់គ្រាន់នៅឆ្នាំ២០២០ ឬឆ្នាំ២០២១ និងខិតខំជំរុញជាបន្ត​បន្ទាប់ទៀត​ចំពោះការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជាពិសេសដើម្បីធានាការរីកចម្រើនផ្នែកសេដ្ឋកិច្ច ធានាដល់ជីវភាពរស់នៅរបស់ប្រជាជនយើង កាន់តែមានភាពរុងរឿងថែមទៀត៕

ដោយ ប៊ុនរិទ្ធ