សម្តេចពិជ័យសេនា ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម

AKP ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ — តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រី ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ គណៈប្រតិភូយោធាជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃ ទី១៨ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

ប្រភពព័ត៌មានពីក្រសួងការពារជាតិបានបញ្ជាក់ថា  ក្នុងអំឡុងពេលបំពេញទស្សនកិច្ច រយៈពេល៥ថ្ងៃ ក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមវៀតណាម សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំ ទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រីក្រសួងការពារ ប្រទេសវៀតណាម នឹងចូលរួមចុះហត្ថលេខាលើពិធីសារឆ្នាំ២០២០-២០២៤ និងផែនការកិច្ច សហប្រតិបត្តិការឆ្នាំ២០២០ រវាងក្រសួងការពារនៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម)។

បន្ទាប់មក គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ដែលដឹកនាំដោយសម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញចូលរួម ផងដែរក្នុងកិច្ចប្រជុំត្រីភាគី កម្ពុជា-វៀតណាម-ឡាវ និងចូលរួមក្នុងពិធីរម្លឹកខួបអនុស្សាវរីយ៍ លើកទី៧៥ ថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាម នៅទីស្តីការក្រសួងការពារប្រទេស វៀតណាមក្នុងរដ្ឋធានីហាណូយ៕

ដោយ សំ សាម៉ន