ក្រសួងធម្មកា​រ និងគណៈសង្ឃនាយកទាំងពីរគណៈ​ រៀបចំអនុសំវច្ឆរ​មហាសន្និបាតមន្ត្រី​សង្ឃ​​ទូ​ទាំងប្រទេស ពិភាក្សា និងផ្លាស់ប្តូរយោបល់លើ​ការងារព្រះពុទ្ធសាសនា

AKP ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ — ក្រសួងធម្មកា​រ និងសា​សនា បានស​ហការ​ជាមួ​យគណៈសង្ឃនាយកទាំងពីរគណៈ បានរៀបចំអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើ​​កទី២៨ ដើម្បីពិភាក្សានិង ផ្លាស់ប្តូរយោបល់លើការងារព្រះពុទ្ធសាសនា នាពេលបច្ចុប្បន្ន និ​ង​​លើ​កទិសដៅសម្រាប់ អនុវត្តន៍នាឆ្នាំបន្ត។ នេះបើតាមបណ្តាញទំនាក់ទំនងសង្គម​ហ្វេស​ប៊ុ​ក​រ​ប​ស់​ក្រសួងធម្មការ និងសាសនា។

អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី២៨នេះ គឺពិនិត្យមើល លទ្ធផល​​​នៃ​ការអនុវត្តសង្ឃប្រកាសរបស់អនុសំវច្ឆរមហាសន្និបាតមន្រ្តី សង្ឃកាលពីឆ្នាំកន្លង ទៅ ដោ​យ​​មា​នកិច្ចពិភាក្សា និងផ្លាស់ប្តូរយោបល់លើការងារព្រះពុទ្ធសាសនា នាពេលបច្ចុប្បន្ន និងលើ​ក​ទិ​សដៅសម្រាប់អនុវត្តនាឆ្នាំបន្ត សំដៅពង្រឹងការអនុវត្តរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង និង​រា​ល់​លិខិតបទដ្ឋានគតិយុត្ត ដែលមានស្រាប់ធ្វើឱ្យវិស័យព្រះពុទ្ធសាសនាមានការរីក ចម្រើនថ្មីៗបន្ថែមទៀត ក្នុងការរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិសម្រាប់ ជាផល​ប្រយោជ​ន៍រួ​ម​ប្រ​កបដោយសុខដុមរមនា ដែលជាឫសគល់ក្នុងការថែរក្សា និងការពារ វប្បធម៌សន្តិភាព ក្រោ​ម​កា​រដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ នូវគោលនយោបាយ ផែ​ន​​ការយុទ្ធសាស្រ្ត និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល សម្រាប់ជាត្រីវិស័យ​ក្នុងការ​ដឹក​​នាំ និង​ការអនុវត្តគោលនយោបាយ វិស័យសាសនា ដោយទទួលបាននូវលទ្ធផលជា​ផ្លែផ្កា​គួ​រជា​ទី​មោ​ទនៈ។

សូមបញ្ជាក់ថា ពិធី​បើ​ក​អ​នុ​សំ​វច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៨ ក្រោ​ម​អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​សម្ដេច​វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជាព្រះ​រា​​ជ​តំ​ណា​ង​ដ៏​ខ្ព​ង់​ខ្ព​ស់​នៃ​ព្រះ​ករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​ម​ហា​​​ក្សត្រ​នៃ​ព្រះ​រា​ជា​ណាចក្រកម្ពុជា ដែលមានការយាង និមន្ត និងអញ្ជើញចូលរួម ពីស​ម្ដេ​ច​ព្រះ​មហាសង្ឃរាជទាំងពីរគណៈ ថ្នាក់ដឹកនាំព្រះសង្ឃគ្រប់ជាន់ថ្នាក់ ព្រះថេរានុត្ថេរៈ និងតំ​ណា​ង​សាសនានាៗ ដែលមានវត្តមាននៅកម្ពុជា និងសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលសរុបប្រមាណចំនួន ១០០០អង្គ/នាក់ ដែលនឹងប្រព្រឹ​ត្តទៅមានរ​យៈពេ​ល២​ថ្ងៃ​ ​គឺចាប់ពីថ្ងៃចន្ទ-អង្គារ ៥-៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០១៩ នៅសាលសន្និសីទចតុម្មុខ៕

ដោយ គង់ សិរីរ័ត្ន