ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តសៀមរាបចុះទៅជួយពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅស្រុកក្រឡាញ់ ដោយមិនគិតថ្លៃ

AKP ខេត្តសៀមរាប ថ្ងៃទី១៥ ខែធ្នូឆ្នាំ២០១៩ — ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ នៃមន្ទីរសុខាភិបាលខេត្តសៀមរាបបានសហការជាមួយ ក្រុមគ្រូពេទ្យចិន ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារអង្គរ និងសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៩នេះ បានចុះទៅពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋរាប់ពាន់នាក់ នៅឃុំស្នូល ស្រុកក្រឡាញ់ ខេត្ដសៀរាប ដោយមិនគិតថ្លៃ ។​

លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប បានមានប្រសាសន៍ថា សកម្មភាពមនុស្សធម៌នេះ ធ្វើឡើង ជាច្រើនលើកមកហើយ នៅតាមបណ្ដាឃុំ និងស្រុកនៃខេត្ដសៀមរាប។ លោកបានឱ្យដឹងថា នៅឃុំ សង្កាត់ មានមណ្ឌលសុខភាពសម្រាប់ផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋជាប្រចាំ ប៉ុន្តែការចុះមកជួយពិនិត្យ និងព្យាបាលប្រជាពលរដ្ឋរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនាពេលនេះ គឺជាការមកផ្តល់នូវសេវាសុខាភិបាលមួយចំនួន ដែលនៅមណ្ឌលសុខភាពមិនទាន់មាន និងបានអប់រំសុខភាពដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចេះថែទាំសុខភាពជាប្រចាំ និងត្រូវប្រុងប្រយ័ត្នចំពោះ ការហូបចំណីអាហារ ដោយផ្តោតសំខាន់លើការហូបស្អាត រស់នៅស្អាត ដើម្បីជៀសវាងការមានជំងឺផ្សេងៗ។

តាមរយៈការចុះជួយពិនិត្យជំងឺទូទៅជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឃុំស្នូល ស្រុកក្រឡាញ់នៅពេលនេះ មានពិនិត្យពិគ្រោះនិងព្យាបាលជំងឺទូទៅ ពិនិត្យរោគស្រី អូសអេកូ ជំងឺភ្នែក បញ្ហាមាត់ធ្មេញ ជំងឺកុមារ ជំងឺសន្លាក់ និងជំងឺជាច្រើនទៀត។

លោក លី ជីជា អគ្គស្ថានកុងស៊ុលនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំខេត្តសៀមរាប បានថ្លែងថា ប្រទេសចិននិងកម្ពុជា គឺជាប្រទេសមានមិត្តភាពប្រពៃណីតាំងពីយូរមកហើយ។នៅក្នុងរយៈពេល៦១ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីកាន់តែល្អប្រសើរ ដោយឡែកផ្នែកវិស័យសុខាភិបាល ភាគីចិនបានយកចិត្តទុកដាក់ផ្តល់ជំនួយ ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ។ជាក់ស្តែងនៅថ្ងៃនេះ ក្រុមគ្រូពេទ្យចិនមួយចំនួនក៏បានមកចូលរួមជាមួយគ្រូពេទ្យកម្ពុជា ដើម្បីព្យាបាលជូនប្រជាពលរដ្ឋដោយឥគិតថ្លៃផងដែរ។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានថ្លែងដែរថា សកម្មភាពដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋទូទៅគ្រប់ទីកន្លែង នៅទូទាំងខេត្តសៀមរាប គឺជាការជួយលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងជៀសវាងពីជំងឺដង្កាត់ផ្សេងៗ ពិសេសជួយកាត់បន្ថយការចំណាយទៅលើការសេវាព្យាបាល។

លោកអភិបាលរងបានបន្ដថា ក្រុមគ្រូពេទ្យមនុស្សធម៌នេះបានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្ដទុកដាក់ពីសុខភាពប្រជាពលរដ្ឋជាសំខាន់។បើទោះបីមានមណ្ឌលសុខភាព និងស្រុកប្រតិបត្ដិនៅក្បែផ្ទះប្រជាពលរដ្ឋហើយក្តី។លោកក៏បានថ្លែងអំណរគុណដល់ក្រុ​ម​គ្រូពេទ្យចិន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមធ្វើសកម្មភាពមនុស្សធម៌ ដើម្បីសុខភាពប្រជាពលរដ្ឋនៅថ្ងៃនេះ៕

ឃុត សៅ សៀមរាប